COVID-19
អន្តរជាតិ
លោក​ត្រាំ គំរាមបិទ​បណ្តាញ​សង្គម បន្ទាប់ពី​ទាស់​ជាមួយ Twitter
28, May 2020 , 1:10 pm        
រូបភាព
លោកប្រធានាធិបតីត្រាំ ក្នុងជំនួប Social Media Summit។រូបភាពAFP
លោកប្រធានាធិបតីត្រាំ ក្នុងជំនួប Social Media Summit។រូបភាពAFP
ដោយ:
 ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម​រិ​ក នៅ​ថ្ងៃទី​២៧ ខែឧសភា បាន​គំរាមថា គណបក្ស​សាធារណរដ្ឋ​របស់លោក​នឹង​ព្យាយាម​បិទ​បណ្តាញ​សង្គម​។ ការ​គំរាម​បែបនេះ​ធ្វើឡើង បន្ទាប់ពី​បណ្តាញ​សង្គម​Twitter បានដាក់​សញ្ញា​ឲ្យ​អ្នកអាន​ផ្ទៀងផ្ទាត់​ការពិត​នៅលើ​សារ Twitter ចំនួន​២​របស់លោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​អាមេរិក ABC News​។

 
​តាមរយៈ​សារ Twitter លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា អ្នក​សាធារណរដ្ឋ មាន​អារម្មណ៍​ថា បណ្តាញ​សង្គម​បំបិទ​សំឡេង​អ្នក​អភិរក្សនិយម​។ លោក​សង្កត់ធ្ងន់ថា​៖ «​យើង​នឹង​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង ឬ​បិទ​បណ្តាញ​សង្គម​តែម្តង មុននឹង​បណ្តាញ​សង្គម​ទាំងអស់នោះ​អាច​បំបិទ​សម្លេង​បាន​»​។ លោក ក៏​លើកឡើង​ផងដែរ​ថា បណ្តាញ​សង្គម​ទាំងនោះ​ព្យាយាម និង​បរាជ័យ​ម្តង​ហើយ​ក្នុង​នៅ​ឆ្នាំ​២០១៦ ហើយ​លោក​មិន​បណ្តាល​ឲ្យ​កើតមាន​ម្តង​ទៀតឡើយ​។​
 
​តាំងតែ​ពី​ដើម​មក លោក ត្រាំ បាន​ចោទប្រកាន់​ប្រព័ន្ធ​បណ្តាញ​សង្គម​នានា​ថា ព្យាយាមបំបិទ​សំឡេង​អ្នក​អភិរក្សនិយម​។ ជាក់ស្តែង មុន​បើក​ជំនួប​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នៅ​សេត​វិមាន​ឆ្នាំមុន លោក​បាន​បង្ហោះ​សារ Twitter ថា ប្រធានបទ​នៃ​ជំនួប​គឺ​ភាពមិនស្មោះត្រង់ លម្អៀង រើសអើង និង​គាបសង្កត់ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ខ្លះ​។ លោក ត្រាំ បាន​ចោទ Facebook, Google និង Twitter ចំៗ ថា​លម្អៀង និង​បំបិទ​សំឡេង​អ្នកគាំទ្រ​រូបលោក​។ 
 
​ការមិន​ពេញចិត្ត​របស់លោក ត្រាំ លើ​បណ្ដាញ​សង្គម កើនឡើង​កាន់តែខ្លាំង ក្រោយ Twitter បានដាក់​សញ្ញា​ឲ្យ​ត្រួតពិនិត្យ​ការពិត​លើ​សារ​របស់លោក ត្រាំ ។ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ លោក​Marco Rubio បាន​លើកឡើងថា នៅពេលដែល​Twitter សម្រេច​ដាក់​ការត្រួតពិនិត្យ​លើ​បណ្តាញ​​សង្គម​ដូចជា​អ្នក​បោះពុម្ព Twitter លែងរួច​ខ្លួន​ពី​ការទទួលខុសត្រូវ​ហើយ និង​ត្រូវ​ចាត់ទុក​ដូចជា​អ្នក​ផ្សព្វផ្សាយ​ដទៃ​ដែល​ត្រូវ​នៅក្រោម​ច្បាប់​។​
 
​គេ​ពុំទាន់​ច្បាស់​ឡើយ​ថា លោក​ត្រាំ​អាចធ្វើ​ចំណាត់ការ​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​បាន​យ៉ាងដូចម្តេច​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទាំងអស់នោះ​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ទី​ភ្នាក់ងាររដ្ឋ និង​សហព័ន្ធ ក៏ដូចជា​ការសួរដេញដោល​ដោយ​សភា​អាមេរិក​ផងដែរ​។ ប៉ុន្តែ​សេត​វិមាន បញ្ជាក់ថា លោក ត្រាំ នឹង​ចេញ​បទបញ្ជា​មួយ​ទាក់ទង​បណ្ដាញ​សង្គម​នេះ​។ 
 
​តាមពិតទៅ Twitter បានផ្តល់​សិទ្ធ​សេរីភាព​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​បង្ហោះ​សារ បើទោះបីជា​សារ​ទាំងអស់នោះ​មាន​ព័ត៌មាន​ក្លែងក្លាយ​ក៏ដោយ​។ គឺ​ទើបតែ​នៅ​ខែមិថុនា​ឆ្នាំ​២០១៩ នេះ​ទេ ដែល​បណ្តាញ​សង្គម​មួយ​នេះ​ដាក់​សញ្ញា​ព្រមាន​ចំពោះ​សារ​ទាំងឡាយណា​ដែរ​ល្មើ​សនឹង​វិន័យ​របស់ខ្លួន និង​ជាស​ម្តី​មិនអាច​ទទួលយកបាន​។ ចំណែក​ក្នុង​ដើមខែ​ឧសភា​នេះ Twitter បានសម្រេច​ដាក់​សញ្ញា​លើ​សារ​ទាំងឡាយណា​ដែល​អាច​បង្ក​ផលប៉ះពាល់​ទាក់ទង​នឹង​ព័ត៌មាន​ពិត​ស្តីពី​ជំងឺ COVID-19 ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com