អន្តរជាតិ
តុលាការ​កាណាដា សម្រេច​បន្ត​នីតិវិធី​សំណុំរឿង​បត្យាប័ន​មន្ត្រី Huawei
28, May 2020 , 2:15 pm        
រូបភាព
​តុលាការ​ជាន់ខ្ពស់​កាណាដា នៅ​ថ្ងៃទី​២៧ ខែឧសភា សម្រេច​បន្ត​នីតិវិធី​សំណុំរឿង​បត្យាប័ន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន Huawei អ្នកស្រី ម៉ឹង វ៉ាន់​ចូ​វ (Meng Wanzhou) ដោយ​អះអាងថា អ្នកស្រី ម៉ឹង ពិត​ជាមាន​កំហុស​មែន​។ ការសម្រេចចិត្ត​នេះ ជា​រឿង​គួរ​ឲ្យ​ខកចិត្ត​សម្រាប់​អ្នកស្រី ម៉ឹង ដែល​ជំទាស់​ដំណើរ​ការធ្វើ​បត្យាប័ន​អ្នកស្រី​ទៅកាន់​អាមេរិក ជាទី​ដែល​អ្នកស្រី​ត្រូវបាន​ចោទថា កុហក​ធនាគារ​។ ទំនាក់ទំនង​ចិន និង​កាណាដា នឹង​កាន់តែ​ល្អក់កករ​ថែមទៀត​ដោយសារ​រឿងនេះ​។​

 
​ការតស៊ូ​តាមផ្លូវ​ច្បាប់​របស់​អ្នកស្រី ម៉ឹង វ៉ាន់​ចូ​វ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ក្នុង​តុលាការ​កាណាដា បាន​រង​ការខកចិត្ត ក្រោយ​តុលាការ​ជាន់ខ្ពស់​កាណាដា​បន្ត​សំណុំរឿង​ធ្វើ​បត្យាប័ន​អ្នកស្រី​ទៅកាន់​អាមេរិក​។ តុលាការ​កាណាដា​រកឃើញ​ថា ការចោទប្រកាន់​របស់​អាមេរិក​លើ​អ្នកស្រី ម៉ឹង ពាក់ព័ន្ធ​ការ​កុហក​ធនាគារ​លើ​ទំនាក់​ទំនងជា​ក្រុមហ៊ុន​មួយ​ដែល​រកស៊ី​ជាមួយ​អ៊ីរ៉ង់ បំពេញ​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​បាន​។​
 
«​ដូចនេះ ការតវ៉ា​របស់​អ្នកស្រី ម៉ឹង ត្រូវបាន​បដិសេធ​។​» នេះ​ជាការ​ប្រកាស​របស់​អ្នកស្រី Heather Holmes ចៅក្រម​តុលាការ​កំពូល​ខេត្ត British Columbia របស់​កាណាដា ដោយ​សំដៅ​ដល់​បណ្ដឹង​ជំទាស់​របស់​អ្នកស្រី ម៉ឹង​។ ការ​កុហក​ធនាគារ​ពី​ទំនាក់ទំនង​បែបនេះ គឺជា​រឿង​ខុសច្បាប់​ទាំង​នៅ​អាមេរិក និង​នៅ​កាណាដា​ផងដែរ​។ ជាមួយ​ការសម្រេចចិត្ត​នេះ អ្នកស្រី ម៉ឹង នឹង​បន្ត​រស់នៅ​ក្នុងផ្ទះ​ជាមួយ​ការឃ្លាំមើល​តឹងរ៉ឹង ខណៈ​សំណុំរឿង​បន្ត​ទៅមុខ​។ 
 
​អំឡុង​សវនាការ​ខែមករា តុលាការ​កាណាដា បានទទួល​របាយការណ៍​ថា អ្នកស្រី ម៉ឹង កុហក​ធនាគារ HSBC ពី​ទំនាក់ទំនង​រវាង Huawei និង​ក្រុមហ៊ុន​ចំណុះ​ឈ្មោះ Skycom ដែលមាន​មូលដ្ឋាន​នៅ​អ៊ីរ៉ង់ ដើម្បី​ទទួលបាន​លុយ​វិនិយោគ​ជិត​មួយ​ពាន់​លាន​ដុល្លារ​។ ការរកស៊ី​បែបនេះ គឺ​ខុសច្បាប់​អាមេរិក​ដែល​ហ៊ាន​ការធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​។ រឿងនេះ ក៏​នាំ​ដល់​ការឃាត់ខ្លួន​អ្នកស្រី ម៉ឹង នៅ​កាណាដា និង​បង្កើតជា​សំណុំរឿង​សាំ​ញាំ​ដល់​សព្វថ្ងៃ​។  
 
​នីតិវិធី​លើ​សំណុំ​រឿងនេះ នឹង​បន្ត​នៅ​ខែមិថុនា ដោយ​ភាគី​ការពារ​ក្ដី នឹង​តតាំង​ពី​ភាពស្របច្បាប់​នៃ​ការឃុំខ្លួន​វិញ​។ សវនាការ​នឹង​បន្ត​ដល់​ខែកញ្ញា​ខាងមុខ ហើយ​បើ​មានការ​ប្ដឹង​ជំទាស់​អ្វី​ទៀត​នោះ សវនាការ នឹង​អូសបន្លាយ​ច្រើន​ឆ្នាំ​ទៀត​មិន​ខាន​។​
 
​ការសម្រេចចិត្ត​របស់​តុលាការ​កាណាដា ក៏​ទំនង​បញ្ចប់​ក្ដី​សង្ឃឹមលើ​ការស្ដារ​ទំនាក់ទំនង​ជាមួយ​ចិន ដែល​តែងតែ​ទទូច​ឲ្យ​មានការ​ដោះលែង​មន្ត្រីជាន់ខ្ពស់ Huawei ដោយ​អះអាងថា ជាការ​ប៉ុនប៉ង​របស់​អាមេរិក​ក្នុងការ​បន្ទច់បង្អាក់ Huawei ។ ប៉ុន្តែ​រដ្ឋាភិបាល​កាណាដា ហាក់​មិន​អើពើ​នឹង​សម្ដី​របស់​ចិន​ឡើយ​។ កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ និយាយថា រដ្ឋាភិបាល​លោក ទុក​ឲ្យ​តុលាការ​សម្រេចចិត្ត​លើ​ករណីនេះ​។​
 
​ការចាប់ខ្លួន​អ្នកស្រី ម៉ឹង ក៏​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​នៅ​ទឹកដី​ចិន​វិញ​ដែរ​។ ទីក្រុង​អូ​តា​វ៉ា បានស្នើ​ឲ្យ​ចិន​ដោះលែង​ជនជាតិ​ខ្លួន ដោយ​ហៅ​ការចាប់ខ្លួន​នេះ​ជាការ​សងសឹក ប៉ុន្តែ​ប៉េកាំង​បាន​ចោទ​អ្នក​ទាំងពីរ​ពីបទ​លួច​ព័ត៌មាន​សម្ងាត់​រដ្ឋ​។ រដ្ឋមន្ត្រីការបរទេស​កាណាដា Francois-Philippe Champagne និយាយ​នៅ​ថ្ងៃទី​២៧ ខែឧសភា ថា កាណាដា​បន្តធ្វើ​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ឈានដល់​ការដោះលែង​ជនជាតិ​កាណាដា​ទាំងពីរ​ដែល​ជាប់ឃុំ​ជាង​៥០០​ថ្ងៃ​ហើយ​៕
 
 

Tag:
 ​អាមេរិក​
  ចិន​
  កាណាដា​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com