អ្នកជំនាញ​អប់រំ ចង់​ឲ្យ​មាន​មេរៀន​ពី​ជំងឺ​កូ​វីដ​-១៩ ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​បឋម​
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
អ្នកជំនាញ​អប់រំ ចង់​ឲ្យ​មាន​មេរៀន​ពី​ជំងឺ​កូ​វីដ​-១៩ ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​បឋម​
29, May 2020 , 7:59 am        
រូបភាព
សកម្មភាពកុមារ​កំពុងតែ​អង្គុយ​អាន​សៀវភៅ រូបភាពពីក្រសួង​អប់រំ យុវជន និងកីឡា
សកម្មភាពកុមារ​កំពុងតែ​អង្គុយ​អាន​សៀវភៅ រូបភាពពីក្រសួង​អប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ ក្រសួង​អប់រំ​ចង់​បើក​សាលារៀន​ឡើងវិញ​នៅ​ខែវិច្ឆិកា ដែលជា​ពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​រលក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​កើតឡើង​ម្តងទៀត​។ អ្នកជំនាញ​ផ្នែក​អប់រំ ចង់​ឲ្យ​ក្រសួង យក​ឱកាស​នេះ រៀបចំ​ចងក្រង​ជា​សៀវភៅ​មេរៀន​អំពី​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​រប​ស់​សិស្ស​បឋមសិក្សា ដើម្បី​ឲ្យ​ពួកគេ​ចេះ​ធ្វើ​អនាម័យ​កាន់តែ​ខ្ជាប់ខ្ជួន ការពារ និង​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​។   

 
​លោក​បណ្ឌិត ឈ​ត ប៊ុន​ថង ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេលដែល​សាលា​ត្រូវបាន​បើក​ឲ្យ​ចូលរៀន​វិញ ក្រសួង​អប់រំ ឬ​តាម​បណ្តា​សាលា​នីមួយៗ គួរតែ​មានការ​ចងក្រង​ជា​សៀវភៅ ដែល​ផ្តោតលើ​វិធី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​សិស្ស​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ការទប់ស្កាត់​នៃ​ជំងឺ​ផ្សេងៗ​។ 
 
​លោក ប៊ុន​ថង បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​មែនទែនទៅ វា​មិនមែន​មានតែ​ជំងឺ​កូ​វីដ​-១៩​ទេ គឺ​វា​មាន​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។ នៅ​ថ្ងៃ​អនាគត គួរតែ​មានការ​ចងក្រង​ជា​សៀវភៅ ដែល​ពាក់ព័ន្ធ​នឹង​ការការពារ​ជំងឺឆ្លង ថា​តើ​កុមារ​ក្តី ពលរដ្ឋ​ទូទៅ​ក្តី​គួរតែ​ចូលរួម​របៀប​ណា ដើម្បី​ប្រយុទ្ធប្រឆាំង​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ និង​ជំងឺ​ផ្សេងៗ​ទៀត​។ គ្រាន់​ថា​តើ​ការរៀបចំ​នោះ វា​អាច​នឹងធ្វើ​ទាន់​ទេ​?​បើសិនជា​ទាន់ តើ​យើង​រៀបចំ​បាន​កម្រិតណា​? ជាធម្មតា ការរៀបចំ​កម្មវិធី វា​ត្រូវការ​ពេលវេលា ត្រូវការ​ធនធានមនុស្ស និង​សម្ភារ​ផ្សេងទៀត​»​។  
 
​ទោះជា​យ៉ាងនេះ​ក្តី លោក ឈ​ត ប៊ុន​ថង យល់ថា​មានតែ​សៀវភៅ​មេរៀន​ឲ្យ​សិស្ស​អាន ក៏​វា​មិន​គ្រប់គ្រាន់​នោះដែរ ក្រសួង​អាច​បន្ថែម​វីដេអូ​ណែនាំ ពី​វិធី​ការពារ​ក្នុង​កម្មវិធីសិក្សា​ទៀត គឺ​រឹតតែ​ល្អ ព្រោះ​ធ្វើ​ឲ្យ​សិស្ស​ងាយ​យល់​។ 
 
​ក្រៅពី​សៀវភៅ​ណែនាំ​ពី​ជំងឺឆ្លង លោក ប៊ុន​ថង ក៏​ចង់​ឲ្យ​ក្រសួង​អប់រំ​បន្ថែម​មេរៀន​មួយចំនួន ទាក់ទង​នឹង​ការសង្គ្រោះ​បឋម ដើម្បី​ណែនាំ​ដល់​កុមា​រដែរ  ដូចជា​ការសង្គ្រោះ​មនុស្ស​ដោយសារ​លង់ទឹក ឆក់​ខ្សែភ្លើង និង​ខ្យល់គរ​ជាដើម​។​
 
​សម្រាប់​លោក  ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ក៏​យល់ស្រប​ដែរ​ថា​ចំពោះ​ការរៀបចំ​មេរៀន​ជំងឺ​កូ​វីដ​-១៩ សម្រាប់​កុមារ​តូចៗ​។ លើសពីនេះ​ទៀត លោក ប៉ិច បូ​ឡែ​ន ចង់​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល រៀបចំ​សិក្ខាសាលា​តាម​អន​ឡាញ ដើម្បី​បណ្តុះបណ្តាល​ពី​ការទប់ស្កាត់​ជំងឺ  ដល់​គណៈ​គ្រប់គ្រង​សាលា និង​គ្រូ មុន​បើក​សាលា​ឡើងវិញ​ដែរ​។ លោក ប៉ិច បូ​ឡែ​ន បញ្ជាក់បន្ថែម​៖«​ការបណ្តុះបណ្តាល អាច​ជាការ​ចងក្រង​មេរៀន  ជា​សៀវភៅ និង​វីដេអូ សម្រាប់​កូនសិស្ស និង​បុគ្គលិក រួមទាំង​បើក​ជា​សិក្ខាសាលា ដែល​អាច​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ បាន​ចូល​ស្តាប់ មើល ដើម្បី​រៀនសូត្រ ពី​បង្ការ​ទុក​មុន​ឲ្យ​ហើយ​។ បើ​ក្រសួង​បើក​ឲ្យ​ចូលរៀន​វិញ យើង​មាន​ជំនាញ​ទុក​មុន​តែម្តង​»​។​
 
​ដ្បិតតែ​មេរៀន​ទាក់ទង​នឹង​វិធី​បង្ការ និង​ការពារ​ការឆ្លង​ជំងឺ និង​អនាម័យ គឺមាន​នៅក្នុង​កម្មវិធី​សិក្សា​របស់​កុមារ​រួចមកហើយ ប៉ុន្តែ​ការបន្ថែម​មេរៀន​ណែនាំ​ពី​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អប់រំ​កុមារ​តូច គឺ​រឹតតែ​ល្អប្រសើរ​។ នេះ​ជាការ​យល់ឃើញ របស់ លោក គាង ដាវី គ្រូ​ភាសា​ខែ្មរ​នៅ​អនុវិទ្យាល័យ​កៀន​ជ្រៃ ខេត្តកំពង់ចាម​។ បើតាម លោកគ្រូ ដាវី  មេរៀន​ណែនាំ​នេះ នឹង​ក្លាយជា​ឧបករណ៍​ពញ្ញាក់​ស្មារតី​កុមារ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការរក្សា​អនាម័យ​។​
 
​គួរ​កត់សម្គាល់ថា កន្លងមក​ក្រសួង​អប់រំ បានដាក់​បញ្ចូល​មេរៀន​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ទៅក្នុង​កម្មវិធីសិក្សា  ដើម្បី​ឲ្យ​សិស្ស​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា​។ មេរៀន​អំពី​«​រដ្ឋធម្មនុញ្ញ​» ក៏ត្រូវ​បាន​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា លើ​មុខ​វិទ្យា​សីលធម៌ និង​ពលរដ្ឋវិទ្យា សម្រាប់​សិស្ស​ថ្នាក់បឋមសិក្សា​(​ថ្នាក់​ទី​៤​ឡើង​) មធ្យមសិក្សា និង​មធ្យមសិក្សា​ទុតិយភូមិ​ផងដែរ​៕ 
 

Tag:
 សៀវភៅ​
 ​គ្រូ​
 ​សិស្ស​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com