COVID-19
អន្តរជាតិ
ចក្រភពអង់គ្លេស បិទស្ថានទូតនៅកូរ៉េខាងជើងបណ្តោះអាសន្ន និងឲ្យបុគ្គលិកចេញពីប្រទេសនេះ ប្រជាជនកូរ៉េខាងជើង ពាក់ម៉ាស់ ដើរនៅតាមទីសាធារណៈ។ រូបភាព៖ AFP
× ចក្រភពអង់គ្លេស បានសម្រេចបិទស្ថានទូតរបស់ខ្លួន នៅកូរ៉េខាងជើងបណ្តោះអាសន្ន និងអនុញ្ញាតឲ្យបុគ្គលិកការទូតរបស់ខ្លួនទាំងអស់ ចាកចេញពីកូរ៉េខាងជើង។ ការសម្រេចបិទស្ថានទូតបណ្តោះអាសន្នបែបនេះ គឺធ្វើឡើងដោយសារតែកូរ៉េខាងជើងមានវិធានការរឹតត្បិតលើជនបរទេសខ្លាំងពេក ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 នៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់របស់អគ្គរាជទូតរបស់ចក្រភពអង់គ្លេស នាថ្ងៃទី២៨ ខែឧសភា។
ចាប់តាំងពីផ្ទុះជំងឺរលាកសួតប្រភេទថ្មីមក កូរ៉េខាងជើង មិនបានរាយការណ៍ពីករណីឆ្លងណាមួយ នៅក្នុងប្រទេស។ បើទោះបីជាមិនប្រកាសពីករណីឆ្លងCOVID-19 មែន ប៉ុន្តែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានដាក់ចេញវិធានការរឹតត្បិតយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ជំងឺឆ្លងសកលមួយនេះ។ អ្នក ដែលត្រូវគេរឹតត្បិតខ្លាំងជាងគេ គឺជនបរទេសស្នាក់នៅកូរ៉េខាងជើង ពោលគឺសូម្បីតែនៅក្នុងបរិវេណផ្ទះជនបរទេស ក៏ត្រូវបានអាជ្ញាធរកូរ៉េខាងជើងរឹតត្បិតដែរ។ ការណ៍នេះ ត្រូវបានអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោកAlexander Matsegora អះអាងថា គឺជាការបំពានសីលធម៌យ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងការរឹតត្បិតខ្លាំងពេកនៅក្នុងប្រទេស ជាពិសេសលើជនបរទេស ចក្រភពអង់គ្លេសបានសម្រេចបិទស្ថានទូតបណ្តោះអាសន្ន។ នៅលើបណ្តាញសង្គម Twitter លោក Colin Crooks អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកូរ៉េខាងជើង បានសរសេរយ៉ាងដូច្នេះថា៖ « ស្ថានទូតចក្រភពអង់គ្លេសនៅក្នុងទីក្រុងព្យុងយ៉ាង បានបិទបណ្តោះអាសន្ន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ហើយបុគ្គលិកការទូតទាំងអស់នឹងចាកចេញពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចាប់ពីពេលនេះទៅ»។
វិធានការរឹតត្បិតខ្លាំងពេករបស់កូរ៉េខាងជើង ក្លាយជាឧបសគ្គសម្រាប់ចក្រភពអង់គ្លេស មិនអាចផ្លាស់ប្តូរបុគ្គលិករបស់ខ្លួន និងបន្តដំណើរស្ថានទូតបានឡើយ។ ហេតុផលនេះហើយ ទើបចក្រភពអង់គ្លេសសម្រេច បិទស្ថានទូតនៅទីក្រុងព្យុងយ៉ាងបណ្តោះអាសន្ន និងឲ្យបុគ្គលិកចេញពីកូរ៉េខាងជើង តាមរយៈប្រទេសចិន។ បើទោះបីជាស្ថានទូតចក្រភពអង់គ្លេសបិទក៏ដោយ ក៏នៅមានស្ថានទូតប្រទេសដទៃបើកដែរ ក្នុងនោះមានដូចជាស្ថានទូតស៊ុយអែតជាដើម ដែលនៅតែបន្តដំណើរការ៕
Tag:
អង់គ្លេស
កូរ៉េខាងជើង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com