ក្រុមហ៊ុន​កូរ៉េ វិនិយោគ​ជាង​២០០​លាន​ដុល្លារ លើ​ថាមពល​វា​រី​អគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កូរ៉េ វិនិយោគ​ជាង​២០០​លាន​ដុល្លារ លើ​ថាមពល​វា​រី​អគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់
28, May 2020 , 3:11 pm        
រូបភាព
ស្ទឹង​ពោធិ៍សាត់​។ ប្រភព​រូបភាព​៖ ​រដ្ឋបាល​ខេត្តពោធិ៍សាត់​
ស្ទឹង​ពោធិ៍សាត់​។ ប្រភព​រូបភាព​៖ ​រដ្ឋបាល​ខេត្តពោធិ៍សាត់​
​ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ ឈ្មោះ SPHP(CAMBODIA)CO.,LTD ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុម័ត​ឱ្យ​អភិវឌ្ឍន៍​វា​រីអគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់ ក្នុង​ថាមពល​៨០​មេ​ហ្គា​វ៉ា​ត់ ដែល​ស្ថិតនៅ​ឃុំ​ប្រមោយ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ បើតាម​ការចុះផ្សាយ​រប​ស់​CDC កាលពី​ថ្ងៃ​២៦​ឧសភា ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ការផលិត​ថាមពល​អគ្គិសនី​នេះ ចំនួន​២៣១,១​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជិត​១០០​កន្លែង​។​

 
​លោក  វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៨​ឧសភា ថា ក្រុមហ៊ុន​SPHP(CAMBODIA)CO.,LTD​នេះ កំពុង​រៀបចំ​សាង​សង់វា​រី​អគ្គិសនី​ជា​បណ្តើរៗ​ហើយ ដែល​គ្រោង​នឹង​ដំណើរ​នៅ​ចុងឆ្នាំ​២០២៣ ឬ ដើមឆ្នាំ​២០២៤​។ លោក​បាន​និយាយ​ដូច្នេះ​៖«​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េខាងត្បូង​ដំបូង​គេ ដែល​ក្រសួង ​យើង​អនុម័ត​ឱ្យ​វិនិយោគ​ លើ​គម្រោង​ផលិត​ថាមពល​វា​រិ​អគ្គិសនី​នៅ​កម្ពុជា​»​។ 



​អគ្គនាយក​ថាមពល​ក​ម្ពុ​ជា​រូបនេះ អះអាងថា គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនីស្ទឹងពោធិ៍សាត់១ ក្នុង​ថាមពល​៨០​មេ​ហ្គា​វ៉ា​ត់របស់​ក្រុមហ៊ុន​នេះ មិន​ត្រឹម​ផ្គត់ផ្គង់​អគ្គិសនី​ ឱ្យ​ខេត្តពោធិ៍សាត់​នោះទេ គឺ​ចូលរួម​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ទាំងមូល ​តាមរយៈ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ជាតិ​។ 
 
​ក្រៅពី​គម្រោង​អគ្គិសនី​នេះ កម្ពុ​ជាមាន​គម្រោង​ផលិត​ថាមពល​កំពុងដំណើរកា​រ​សាងសង់​ចំនួន​៩ ដែលមាន​ថាមពល​អគ្គិសនី​ប្រហែល​១,៥០០​មេ​ហ្គា​វ៉ា​ត់ ស្មើ​៤៥​ភាគរយ នៃ​ថាមពល​សរុប​ដែល​កម្ពុជា​ត្រូវការ​បច្ចុប្បន្ន​។ គម្រោង​ទាំង​៩​នេះ កំពុង​សាងសង់ ក្នុង​ខេត្ត​ចំនួន​៦ ដែល​រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍​សា​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ស្វាយរៀង​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួង​រ៉ែ និង​ថាមពល  ដែល​ទទួលបាន​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ មេសា ឆ្នាំ​២០២០​។​
 
​ក្នុង​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា  ថាមពល​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា មាន​៥​ប្រភព​។ ក្នុងនោះ​មាន​ប្រភពពី​វា​រិ​អគ្គិសនី​ប្រមាណ​៣៣​ភាគរយ​, ប្រភពពី​ស្ថានីយ​ដុត​ធ្យូងថ្ម​ប្រហែល​៣៣​ភាគរយ​, ប្រភពពី ការប្រើប្រាស់​ប្រេង​ខ្មៅ និង​ម៉ា​ស៊ូ​ត​៧​ភាគរយ​, ប្រភព​ថាមពល​កកើត​ឡើងវិញ​១,៣​ភាគរយ និង​ប្រភព​ថាមពល​នាំចូល​ពី​ប្រទេសជិតខាង ប្រមាណ​២៥​ភាគរយ​៕ 
 
 
 

Tag:
 អគ្គិសនី​
  CDC
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com