COVID-19
ជាតិ
វៀតណាម​បោះតង់​៨៣​ទីតាំង​នៅជាប់​ព្រំដែន​ខេត្តតាកែវ​
28, May 2020 , 4:02 pm        
រូបភាព
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
​ភ្នំពេញ​៖ វៀតណាម​បោះតង់​៨៣​ទីតាំង​នៅជាប់​ព្រំដែន​ខេត្តតាកែវ ក្រោម​ហេតុផល​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ និង​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

 
​លោក គុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ដែល​ទទួលបាន​ព័ត៌មាន​នេះដែរ បាន​បញ្ជាក់ថា មាន​ករណី​វៀតណាម​បោះតង់​ពិតមែន ប៉ុន្តែ​ពួកគេ​បោះ​នៅក្នុង​ទឹកដី​វៀតណាម​ទេ មិន​ចូល​ទឹកដី​កម្ពុជា​ឡើយ​។ លោក បាន​សង្កត់ធ្ងន់ថា បើសិនជា​មានការ​បោះតង់​ឈ្លានពាន​ចូល​ដី​កម្ពុជា​នោះ រដ្ឋាភិបាល​កម្ពុជា នឹង​ចេញ​សេចក្តីថ្លែងការណ៍​ជាមិនខាន​។​
 
​ភាគី​វៀតណាម​បាន​បោះតង់​យោធា​ចំនួន ៨៣​ទីតាំង នៅក្នុង​ទឹកដី​ភាគី​វៀតណាម​ជាប់​ខេត្តតាកែវ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​។ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា វៀតណាម​បាន​បោះតង់​នៅ​ចំណុច​នោះ​ពិតមែន មុននឹង​លោក​បិទ​ទូរ​សព្ទ​ក្រោម​ហេតុផល​ថា រវល់​ប្រជុំ​។​
 
​កាលពី​ខែមីនា​កន្លងមក យោធា​វៀតណាម ក៏បាន​បោះតង់​៣១​កន្លែង នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកណ្តាល​ដែរ​។ លុះដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ទើប​ភាគី​វៀតណាម យល់ព្រម​រុះរើ​ចេញ​វិញ ក្រោយពី​រដ្ឋាភិបាល បានធ្វើ​កំណត់​ទូ​តទៅ​ភាគី​វៀតណាម​។​
 
 
​កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ខុះ​ហត្ថលេខា​លើ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម​១៩៨៥ និង​២០០៥ ដោយមាន​ភ្ជាប់​ទាំង​ខ្លឹមសារ​ច្បាប់​ក្នុង​អត្ថបទ​ទាំងស្រុង​។ សន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។​
 
​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ទាំងពីរ​នេះ កាល​ខែធ្នូ ឆ្នាំ​២០១៩​ទៀតផង​៕
 

Tag:
 ព្រំដែន​
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com