ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ត្រៀម១០០លានដុល្លារ ទុកបណ្ដុះបណ្ដាលជំនាញថ្មីដល់អ្នកបាត់បង់ការងារ កម្មកររោងចក្រ ពលករចំណាកស្រុកត្រឡប់ពីក្រៅប្រទេស និង ពលរដ្ឋក្រីក្រ (រូបពី ThmeyThmey, ទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច និង ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រៀមទឹកប្រាក់១០០លានដុល្លារ សម្រាប់ចំណាយ «កម្មវិធីសាច់ប្រាក់ពលកម្ម» ក្នុងគោលបំណងជួយដល់ពលរដ្ឋនិងកម្មករ ដែលបាត់បងការងារ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មីដល់ពួកគេ។
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០ ថា កន្លងមក រដ្ឋាភិបាល បានត្រៀម៣០០ទៅ៣៥០លានដុល្លារ លើវិធានការជំនួយសង្គម មាន៣ផ្នែក ពោលគឺ សម្រាប់បើកប្រាក់បៀវត្សឲ្យកម្មករ, សម្រាប់ទ្រទ្រង់ដល់ការគាំពារសង្គមជួយដល់ពលរដ្ឋក្រីក្រ, និងសម្រាប់អន្តរាគមន៍រក្សាលំនឹងជីវភាពពលរដ្ឋនិងកម្មករបាត់បង់ការងា។ លោក បន្តថា ឥឡូវ រដ្ឋាភិបាលសម្រេចបែងចែក១០០លានដុល្លារ សម្រាប់អន្តរាគមន៍រក្សាលំនឹងជីវភាពពលរដ្ឋនិងអ្នកបាត់បងការងារ។
លោក ថ្លែង៖«ថវិការ១០០លានដុល្លារនេះ សម្រាប់ជួយគាំទ្រដល់ពលរដ្ឋបាត់បង់ជំនាញការងារឬមុខរបររបស់ខ្លួន ដោយគាំទ្របណ្ដុះបណ្ដាលពួកគាត់ឲ្យរៀនជំនាញថ្មីនិងរៀនប្រកបមុខរបរថ្មី គឺរដ្ឋាភិបាលយកលុយហ្នឹង (១០០លានដុល្លារ) ទៅឧបត្ថម្ភដល់ពួកគាត់ក្នុងការរៀនជំនាញថ្មី ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ»។ លោក បន្ថែមថា ការជួយគាំទ្រនេះ នឹងធ្វើឡើងតាមទិន្ន័យរបស់ក្រសួងផែនការ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ទេ ដោយក្រសួងមិនទាន់ស្រង់ទិន្ន័យហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ចេញនៅថ្ងៃទី២៦ ខែឧសភា បានឲ្យដឹងថា កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work) គឺជាការស្រូបយកកម្លាំងពលកម្ម ពីកម្មករបាត់បងការងារ ពលករត្រឡប់ពីក្រៅប្រទេសវិញ រួមទាំងពលរដ្ឋតាមមូលដ្ឋាន។ លើសពីនេះ កម្មវិធី គឺដើម្បីបង្កើតសមិទ្ធផលសង្គម-សេដ្ឋកិច្ច លើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតូចៗតាមមូលដ្ឋាន ដោយផ្ដោតលើការលើកស្ទួយវិស័យកសិកម្មនិងសេដ្ឋកិច្ច៕
Tag:
Cash for Work
អ្នកបាត់បង់ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com