សង្គមអន្តរជាតិ​
អន្តរជាតិ
​យោគី​ឥណ្ឌា​ម្នាក់​ដែល​មានការ​អះអាងថា មិន​ហូប និង​ផឹក​អស់​៨០​ឆ្នាំ បាន​ស្លាប់​ហើយ​
28, May 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​យោគី​សាសនា​ហិណ្ឌូ​ម្នាក់ ដែល​មានការ​អះអាងថា មិន​បរិភោគ និង​មិន​ផឹកទឹក​អស់​រយៈពេល​៨០​ឆ្នាំ កន្លងមកនេះ បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៦ ខែឧសភា ក្នុង​អាយុ​៩០​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​កើត​ក្នុង​ឆ្នាំ​១៩២៩ នៅ​ភូមិ Charada រដ្ឋ Gujarat លោក Prahlad Jani ដែលមាន​រហស្សនាម​ថា «Mataji» បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​៧​ឆ្នាំ ដើម្បី​ទៅ​រសនៅ​ក្នុងព្រៃ​។ ចាប់តាំងពី​អាយុ​១១​ឆ្នាំ​មក លោក​បាន​អះអាងថា មិនដែល​បរិភោគ​អាហារ និង​ផឹកទឹក​នោះឡើយ ដោយសារ​ខ្លួន ទទួល​បានការ​ទ្រទ្រង់​ពី​ទេពធីតា Amba​។​
 
Prahlad Jani បានក្លាយ​ជាតា​បស ឬ​ហៅ​ម្យ៉ាង​ទៀតថា យោគី ដោយមាន​ពុកចង្កា​ដ៏​វែង ជាមួយនឹង​ក្រវិល​នៅជាប់​ច្រមុះ​។ «​គាត់​បាន​ស្លាប់​កាលពី ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា នៅ​ភូមិកំណើត​របស់ខ្លួន​»​។ នេះ​បើតាម​ការអះអាង​របស់​អ្នកជិតខាង​ឈ្មោះ Sheetal Chaudhary ប្រាប់​ទៅកាន់ AFP​។​


 
​កាលពី​ឆ្នាំ​២០០៣ តាបស Jani បាន​អះអាងថា លោក​ទទួលបាន​ពរជ័យ​ពី​ព្រះ​នាង Amba តាំងពីក្មេង ដែល​ធ្វើ​ឲ្យ​លោក​មាន​ថាមពល​ពិសេស ដែល​អាចរ​ស់បាន​ដោយ​មិនបាច់​បរិភោគ​អាហារ ឬ​ផឹកទឹក​នោះឡើយ​។ លោក​បានរស់នៅ​តាម​រូងភ្នំ និង​ក្រោក​តាំងសមាធិ ចាប់ពី​ម៉ោង​៤​ព្រឹក​ជា​រៀងរាល់ថ្ងៃ​។​
 
​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ សុទ្ធតែ​អះអាងថា វា​មិនអាច​ទៅរួច​នោះឡើយ ដែល​យោគី​រូបនេះ អាចរ​ស់បាន​ជិត​មួយ​សតវត្សរ៍ ដោយ​មិន​បរិភោគ ឬ​ផឹកទឹក​អ្វី​សោះ​។ ពី​លើក​កន្លងមកហើយ ដែល​ក្រុម​វេជ្ជសាស្ត្រ​ឥណ្ឌា បាន​តាមដាន​សកម្មភាព​តាបស​រូបនេះ ពោលគឺ​នៅ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០១០​។​
 
​ការសិក្សា​ទាំងពីរ ដោយមាន​ការបំពាក់​កាមេរ៉ា ផងដែរ​នោះ សុទ្ធតែ​មិនបាន​ឃើញ​លោក Jani បរិភោគ ឬ​ផឹកទឹក ហើយ​ថែមទាំង​មិនបាន​បន្ទោ​របង់​នា​រយៈពេល​២​សប្តាហ៍​ពេញ​។ វេជ្ជបណ្ឌិត Sudhir Shah អ្នកជំនាញ​ផ្នែក​សរសៃរ​ប្រសាទ​នៅ​មន្ទីរពេទ្យ Sterling Hospitals រដ្ឋ Ahmedabad ដែល​បាន​តាមដាន​ការសិក្សា​ទាំងពីរ​លើក បានទទួល​ស្គាល់​ពី​សម​ត្ថ​ភាព​ពិសេស​របស់លោក Jani ប៉ុន្តែ​នៅតែ​ជឿជាក់ថា វា​ពិបាក​ទៅរួច​ខ្លាំងណាស់ ដែល​គាត់​អាចរ​ស់បាន​រាប់សិប​ឆ្នាំ​ដោយ​គ្មាន​អាហារ​ទ្រទ្រង់​។​
 
​ការយក​ករណី​លោក Jani ទៅ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ក៏​ទទួលរង​នូវ​ការរិះគន់​ផងដែរ​ពី​សំណាក់​អ្នក​ដែលមាន​ជំនឿ​លើ​តាបស​រូបនេះ ដោយ​ពួកគេ​យល់ថា ជាការ​រំខាន​សិទ្ធិ​បុគ្គល​។ ប៉ុន្តែ​ជាមួយគ្នានេះ ក្រុម​អ្នកជំនាញ​មួយចំនួន​បានដាក់​ការសង្ស័យ​លើ​ក្រុម​អ្នកសិក្សា ដោយ​ថា​ពួកគេ មិនបាន​បង្ហាញ​លទ្ធផល​ពិតប្រាកដ​៕

Tag:
 យោគី​
  តាបស​
© រក្សាសិទ្ធិដោយ thmeythmey.com