រដ្ឋាភិបាលថៃ នៅថ្ងៃទី២៧ ខែឧសភា បានចេញមុខការពារផែនការខ្ចីលុយប្រមាណ ១ទ្រីលានបាត (៣១,៣៩ពាន់លាន) ដើម្បីផ្ដល់មូលនិធិលើកម្មវិធីជួយពលរដ្ឋរងគ្រោះដោយជំងឺ COVID-19, ជួសជុលប្រព័ន្ធហិរញ្ញវត្ថុ និងស្តារសន្តិសុខសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចាត់ទុកផែនការនេះជារឿងបន្ទាន់និងពុំអាចចៀសវាងឡើយ។
«ខ្ញុំ ប្រកាសជំហរច្បាស់ថា ផែនការកម្ចីនេះ ពុំប៉ះពាល់តុល្យភាពបំណុលសាធារណៈរបស់ប្រទេសឡើយ ហើយរដ្ឋាភិបាលអនុលោមតាមច្បាប់បំណុលសាធារណៈ និងគោលការណ៍ហិរញ្ញវត្ថុ»។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់បែបនេះ នៅមុខអង្គប្រជុំសភា នៅថ្ងៃទី២៧ ខែឧសភា។ នេះ គឺជាថ្ងៃដំបូងនៃការជជែកតស៊ូមតិ៣ថ្ងៃស្តីពីអនុក្រឹត្យចំនួន៣របស់រដ្ឋាភិបាលថៃ ដែលតម្រូវឲ្យគាំទ្រកម្មវិធីស្រោងស្រង់ COVID-19 ។
អនុក្រឹត្យទាំងបីនេះ គឺមានដូចជា អនុក្រឹត្យ១ គឺអនុញ្ញាតឲ្យក្រសួងហិរញ្ញវត្ថុថៃខ្ចីបុលប្រមាណ១ទ្រីលានបាត (៣១,៣៩ពាន់លាន) ដើម្បីផ្ដល់មូលនិធិដល់កម្មវិធីស្រោចស្រង់សង្គមនិងសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាល, អនុក្រឹត្យ១ទៀត គឺអនុញ្ញាតឲ្យរដ្ឋាភិបាលផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្ម ដែលរងគ្រោះដោយ COVID-19 និងអនុក្រឹត្យចុងក្រោយ គឺធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុប្រទេសមានស្ថិរភាព និងស្ដារសន្តិសុខសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ គូសបញ្ជាក់ទៀតថា ទោះជារាប់បញ្ចូលការខ្ចីលុយថ្មីទៀត បំណុលសាធារណៈ នឹងឈានដល់ត្រឹម ៥៧,៦ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ប៉ុណ្ណោះ ដែលនៅទាបជាង៦០ភាគរយនៃកម្រិតដែលបានកំណត់។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងមានលទ្ធភាពគ្រប់គ្រងនិងបង់បំណុលទាំងនោះ ហើយលោកពន្យល់ថា អនុក្រឹតទាំងនេះគឺបន្ទាន់និងចាំបាច់បំផុត។
លោក ប្រាយុទ្ធ អះអាងទៀតថា ផែនការខ្ចីបុលលម្អិត ត្រូវបានយល់ព្រម ដែលត្រូវឲ្យកិច្ចសន្យាកម្ចីទាំងអស់ចុះហត្ថលេខាទទួលស្គាល់ ដោយពុំឲ្យលើសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំក្រោយឡើយ។ ម្យ៉ាងទៀត សេចក្តីណែនាំស្តីការចាយវាយលុយទាំងនេះ ត្រូវបានរៀបរៀងដើម្បីធានាថាគោលការណ៍ល្អត្រូវអនុវត្ត។
បូកផ្សំជាមួយប្រភពកញ្ចប់ថវិកាផ្សេងទៀត លុយ៤៥ពាន់លានបាត (១,៤១ពាន់លានដុល្លារ) នឹងត្រូវប្រគល់ឲ្យកិច្ចការសុខភាពសាធារណៈ និងវេជ្ជសាស្ត្រពាក់ព័ន្ធនឹងការបង្ការជំងឺ COVID-19។ ហើយ៥៥៥ពាន់លានបាត (១៧,៤២ពាន់លានដុល្លារ) នឹងត្រូវផ្ដល់ជាជំនួយហិរញ្ញវត្ថុជូនដល់ប្រជាកសិករថៃ និងម្ចាស់អាជីវកម្មដែលរងគ្រោះដោយការផ្ទុះរាលដាលនេះ ហើយ៤០០ពាន់លានបាតផ្សេងទៀត (១២,៥៥ពាន់លានដុល្លារ) នឹងត្រូវយកទៅផ្គត់ផ្គង់គោលនយោបាយសង្គមនិងសេដ្ឋកិច្ចដទៃ ដែលនឹងអនុម័ត ឬកែសម្រួលដោយគណៈរដ្ឋមន្ត្រីថៃ។
ដើម្បីធានាតម្លាភាព លោក ប្រាយុទ្ធ លើកឡើងថា គណៈកម្មាធិការមួយ នឹងត្រួតពិនិត្យល្អិតល្អន់លើគម្រោងចំណាយទាំងនេះ មុនពេលពួកវាត្រូវបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីអនុម័ត។ ចំណែករបាយការណ៍លម្អិត ក៏នឹងត្រូវបញ្ជូនទៅកាន់សភាក្នុងរយៈពេល២ខែ ក្រោយបញ្ចប់ការទូទាត់ចំណូលចំណាយជាតិប្រចាំឆ្នាំផងដែរ៕