ជាតិ
សង្គមជាតិ
ខេត្តកណ្ដាល មាន​រោងចក្រ​៤៤​បាន​ព្យួរការងារ និង​ប៉ះពាល់​កម្មករ​ជាង​១,៨​ម៉ឺន​នាក់
29, May 2020 , 8:59 am        
រូបភាព
កម្មករកំពុងជិះឡាន ត្រឡប់ទៅផ្ទះ
កម្មករកំពុងជិះឡាន ត្រឡប់ទៅផ្ទះ
ភ្នំពេញ​៖ ខេត្តកណ្ដាល មាន​រោងចក្រ​សហ​គ្រា​៤៤​បាន​ព្យួរការងារ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព និង​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៨ ឧសភា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។



បើតាម លោក គង់ សោ​ភ័​ណ្ឌ  មាន​កម្មករ​១៨ ៩៩១​នាក់ បាន​រង​ផលប៉ះពាល់​ពី​ការព្យួរ​ការងារ​នេះ ខណៈ​រដ្ឋាភិបាល និង​ម្ចាស់​សហគ្រាស កំពុង​ដោះស្រាយ​ផ្តល់ប្រាក់​ឧបត្ថម្ភ ៧០​ដុល្លារ​(៤០​ដុល្លារ ពី​រដ្ឋាភិបាល និង​៣០​ដុល្លារ ពី​ភាគី​រោងចក្រ​)​ក្នុង​មួយខែ​ជូន​ពួកគាត់​។​
 
​លោក​អភិបាល គង់ សោ​ភ័​ណ្ឌ បាន​ឲ្យ​ដឹង​ទៀតថា ខេត្តកណ្ដាល មាន​រោងចក្រ និង​សហ​គ្រាន​៤១៤​កន្លែង ក្នុងនោះ រោងចក្រ​កាត់ដេរ​មាន​ចំនួន​១៦៤ និង​មាន​កម្មករ​ជាង​១៥​ម៉ឺន​នាក់​។ កម្មករ​រោងចក្រ អាច​រកចំណូលបាន​ជា​មធ្យម ២៤៦​ដុល្លារ ក្នុង​មួយខែ​។ 
 
​ទាក់ទង​នឹង​ការព្យួរ​ការងារ​របស់​រោងចក្រ​កាត់ដេរ​នេះ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ កាលពី​ថ្ងៃទី​២១ ឧសភា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​រោងចក្រ​ចំនួន ២៣៧ កំពុង​ព្យួរការងារ ដែល​ស្មើនឹង​កម្មករ​និ​យោ​ជិ​ក​សរុប ១១៨ ៤៧៥​នាក់ ក្នុងនោះ​មាន​ស្រី​៩៥ ១០៤​នាក់​។ លោក ហេង សួរ បន្តទៀតថា តាមពិត​រោងចក្រ​ដែល​បាន​ព្យួរ និង​កំពុង​ព្យួរការងារ​នៅ​កម្ពុជា មាន​ទាំងអស់ ៣៣០​រោងចក្រ ប៉ុន្តែ​មាន​រោងចក្រ​ជាង​១០០ បាន​ដំណើរការ​ឡើងវិញ​។ ចំណែក​រោច​ចក្រ​បិទ​ជា​ផ្លូវការ​មាន​២០​រោងចក្រ​៕
 
 

Tag:
 រោងចក្រ​
  កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com