COVID-19
ONE Championship
អន្តរជាតិ
ជើង​ខ្លាំង​ពីររូប​ប្រចាំ ONE និង​តារា​សម្ដែង​ប្រចាំ​អាស៊ី​រួមគ្នា​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​
29, May 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
ការរីក​រាលដាល​នៃ​មេរោគ Covid-19 បានធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព បង្ខំ​ឲ្យ​មនុស្ស​ស្នាក់នៅ​ក្នុងផ្ទះ និង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ជាដើម​។ មេរោគ​ដ៏​សាហាវ​នេះ​បង្កើតបាន​រឿង​មិន​គប្បី​ជាច្រើន​នៅក្នុង​សង្គម​ជាដើម​។ នាពេល​ថ្មីៗ​នេះ មេរោគ Covid-19 ក៏បាន​បង្កើត​ឲ្យ​មាន​ភាព​ស្អប់ខ្ពើម​មកលើ​ប្រជាជន​អាស៊ី​ផងដែរ​ជាពិសេស​ការ​ស្អប់ខ្ពើម​ប្រឆាំងនឹង​កូនកាត់​អាស៊ី​-​អាមេរិក​ដែល​រស់នៅ​សហរដ្ឋអាមេរិក​។


​រឿងរ៉ាវ​ប្រទាក់ក្រឡា​គ្នា​នេះ លោក​ប្រធានាធិបតី Donald Trump រង់​ការរិះគន់​បន្ទាប់ពី​រូបលោក​ត្រូវបាន​គេ​ចោទថា​រើសអើង​លើ​អ្នកយកការណ៍​ព័ត៌មាន​អាស៊ី​-​កាត់​អាមេរិក Weijia Jiang ដែល​ធ្វើការ​នៅ CBS News ។ លើសពីនេះទៅទៀត​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​នេះ​បង្ហាញ​ភាព​រើសអើង​អ្នកមាន​សែស្រឡាយ​ចិន​ទៀតផង​។ 
 
​កាន់តែ​ច្រើនឡើង​មនុស្ស​ដែលមាន​ដើមកំណើត​ពី​ទ្វីបអាស៊ី​ទទួលរង​ការរើសអើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​សហរដ្ឋអាមេរិក​។ នៅ​ជុំវិញ​ពិភពលោក តារា​សម្ដែង និង តារាភាពយន្ត​មួយចំនួន​ក៏បាន​ប្រតិកម្ម​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​នេះដែរ​ដូចជា​តារា​ហ្វីលីពីន  Lea Salonga ក៏​បញ្ចេញមតិ​តប​នៅលើ CNBC News ផងដែរ​។ Salonga បាន​ចូលរួម​ជាមួយ​តារា​ល្បី​ប្រចាំ​អាស៊ី Eugene Lee Yang និង Margaret Cho ដើម្បី​គាំទ្រ​ប្រជាជន​អាស៊ី​ទូទាំង​ពិភពលោក និង អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​។ 
 
«​ខ្ញុំ​គ្រាន់តែ​ផ្ញើ​សារ​អំពី​ការគាំទ្រ​ដល់​ជនជាតិ​អាស៊ី​កាត់​អាមេរិក​នាពេលនេះ​អំឡុងពេល​មេរោគ Covid-19 កំពុងតែ​វាយលុក​។ រឿងនេះ​មិនត្រូវ​គេបោះបង់​ចោល​បានទេ ហើយ​មនុស្ស​មិនត្រូវ​រើសអើង​គ្នា​នោះឡើយ​។ ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​ដែល​ត្រូវបាន​គេ​ស្ដោះ​ទឹកមាត់​ដាក់​តាមផ្លូវ ដោយសារតែ​ពួកគេ​ជា​មនុស្ស​មកពី​អាស៊ី​»​។  Salonga បាន​ថ្លែង​បែបនេះ​។ 
 
Salonga បាន​គូស​បញ្ជាក់ទៀតថា ៖«​ខ្ញុំ​ដឹង​ពេលនេះ​ជា​ពេល​ត្រូវ​ព្រួយបារម្ភ​។ អ្នក​រាល់គ្នា​ត្រូវ​ប្រឆាំងនឹង​ជំងឺ​មួយ​នេះ​ជាជាង​ទុក​មនុស្សជាតិ​នៅ​ដោយ​លែ​ក , ស្អប់​គ្នា និង បង្ក​ភាពភ័យខ្លាច​ដល់​គ្នា​»​។ 
 
Covid-19 ក៏​ធ្វើ​ឲ្យ​រង្គោះរង្គើ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក និង ដុនដាប​មិន​ស្ទើរ​ទេ​។ នេះ​បញ្ជាក់ថា​កូ​រ៉ូ​ណា មិនបាន​រើសអើង​នឹង​នរណាម្នាក់​ឡើយ ពោល​វា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ពិភពលោក​ទាំងមូល​មិន​ថា​ជនជាតិភាគតិច ឬ ជនជាតិ​អាស៊ី -​អាមេរិក​នោះដែរ​។ 
 
​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ត្រូវតែ​ចាត់វិធានការ​ការពារ​ភាព​ស្អប់ខ្ពើម និង ការរើសអើង​ពូជសាសន៍​ជាពិសេស​លើ​មនុស្ស​មាន​សែស្រឡាយ​ពី​អាស៊ី​។  ហើយ​ជនជាតិ​អាស៊ី​រស់នៅ​ពាសពេញ​ពិភពលោក​។ 
 
​ទន្ទឹមគ្នា​នោះដែរ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ONE Championship ក៏បាន​បង្ហាញ​ជំហរ​ប្រឆាំងនឹង​ភាព​រើសអើង​ជាតិ​សាសន៍ និង​ប្រាប់​ដល់​កីឡាករ​កីឡាការិនី​ក្នុង​កិច្ចសន្យា​របស់ខ្លួន​ក្រោកឈរ​ដើម្បី​ប្រឆាំង Covid-19 និង មិន​ប្រកាន់​ជាតិ​សាសន៍ ឬ ពណ៌​សម្បុរ​។ 
 
ONE Championship ដែលជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​សម្បូរ​ដោយ​កីឡាករ​កីឡាការិនី​មាន​ទេពកោសល្យ​លំដាប់​ពិភពលោក​។ ONE បាន​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា​នៅ​អាស៊ី និង មាន​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​នៅលើ​សង្វៀន​។ ONE បង្ហាញ​ពី​ការរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆាំង​ជំងឺ Covid-19 ឬ «WEAREONE»​។ 
 
 
 
Angela Lee ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight World Champion បាន​និយាយថា ៖«​មានការ​កើនឡើង​នៃ​អំពើហិង្សា ក្នុងនោះ​ក៏​បង្កើត​ឲ្យ​មានការ​រើសអើង​ប្រឆាំង​ប្រជាជន​អាស៊ី​ផងដែរ​។ ដូច្នេះ​យើង​ត្រូវតែ​ធ្វើ​រឿង​មួយ​។ នេះ​ជា​ពេល​យើង​ត្រូវ​រួមគ្នា​ជាង​ពេលណាៗ​ទាំងអស់​»​។ 
 
Lee ជា​នារីក្លាហាន​ប្រចាំ​សង្វៀន ONE Championship និង​ជា​អ្នកជំរុញ​ទឹកចិត្ត​ខ្លាំងក្លា​ដល់​កីឡាការិនី​នៅ​តំបន់​អាស៊ី​ម្នាក់​។ កីឡាការិនី​កូនកាត់​សិង្ហ​បុរី​អាមេរិក ដែល​រស់នៅ​រដ្ឋ Hawaii ជឿជាក់ថា​មនុស្ស​គួរតែ​ក្រោកឈរ​រួមគ្នា​ជា​ធ្លុង​មួយ​ប្រសើរ​ជាង​ការបែងចែក​ពណ៌​សម្បុរ​នាពេលនេះ​។ 
 
​ចំណែក​កូនកាត់​វៀតណាម​-​អូស្ត្រាលី Martin Nguyen ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion ក៏បាន​ពិពណ៌នា​ដែរ​ថា ៖«​សូមកុំ​បង្កើត​រឿង​កំប្លែង​ដោយ​ភ្ជាប់​ជាមួយ​ប្រជាជន​អាស៊ី​ទៅនឹង Covid-19 ។ មេរោគ​នេះ​មិន​រើសអើង​លើ​មនុស្ស​ណាមួយ​ទេ ហើយ​យើង​ក៏​មិនត្រូវ​រើសអើង​គ្នា​ដែរ​»​។ 
 
Lee និង Nguyen ជា​កីឡាការិនី​និង​កីឡាករ​ដែល​តែងតែ​លើកទឹកចិត្ត​ដល់​ប្រជាជន​អាស៊ី​។ ក្នុងនោះ​សារ​របស់ ONE Championship ក៏​រឹតតែ​ច្បាស់​ដែរ​ថា ការរើសអើង គឺជា​ការខុសឆ្គង​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​មិនត្រូវ​រើសអើង​ដែរ ប៉ុន្តែ ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ឆ្លង​នេះ​ដោយ​កុំ​ខ្វល់​ថា​វា​មាន​ប្រភព​មកពីណា​៕
 

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com