COVID-19
អន្តរជាតិ
លោក Claude Goasguen អតីតរដ្ឋមន្ត្រី​បារាំង​ម្នាក់ទៀត​ស្លាប់​ដោយសារ COVID-19
28, May 2020 , 10:29 pm        
រូបភាព
Claude Goasguen
Claude Goasguen
​លោក Claude Goasguen សមាជិកសភា និង​ជា​អតីតរដ្ឋមន្ត្រី​ម្នាក់​របស់​បារាំង បានទទួល​មរណភាព​ក្នុង​អាយុ​៧៥​ឆ្នាំ ដោយសារ COVID-19 នា​ថ្ងៃទី​២៨ ខែឧសភា​។ នេះ​បើតាម​ការផ្សាយ​របស់ Le Monde​។ លោក​ជា​អតីតរដ្ឋមន្ត្រី​ទី​ពីរ​របស់​បារាំង ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​រាតត្បាត​សាកល​មួយ​នេះ បន្ទាប់ពី​លោក Patrick Devedjan​។​

 
​លោក Claude Goasguen បាន​ក្លាយជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កំណែទម្រង់​រដ្ឋ វិមជ្ឈការ និង​ពលរដ្ឋ នា​អំឡុង​ឆ្នាំ​១៩៩៥ ក្រោម​រដ្ឋាភិបាល​របស់​លោក Alain Juppe និង​លោក​ប្រធានាធិបតី Jacques Chirac​។ លោក​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ក្រុងប៉ារីស​ពី​ឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​២០២០ និង​ជា​អភិបាល​នៃ​សង្កា​ត់ទី​១៦​ក្រុងប៉ារីស​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៧​។ ជាមួយគ្នានេះ លោក Goasguen ធ្វើជា​សមាជិកសភា​គណ​បក្ស LR ចាប់ពី​ឆ្នាំ​១៩៩៣​មក​។​
 
​បើតាម Le Monde លោក Goasguen ស្ថិតក្រោម​ការតាមដាន​សុខភាព​ដោយសារ COVID-19 ចាប់តាំងពី​ចុងខែ​មីនា មក​។ ២២​ថ្ងៃក្រោយ​ការព្យាបាល លោក​មាន​ស្ថានភាព​ធូរស្បើយ ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​បេះដូង ហើយ​បណ្តាល​ឲ្យ​លោក​ស្លាប់​នៅ​មន្ទីរពេទ្យ Corentin-Celton d’Issy-Les-Moulineaux​។​
 
​លោក Claude Goasguen ជា​អតីតរដ្ឋមន្ត្រី​ទី​ពីរ​របស់​បារាំង ដែល​បាន​ស្លាប់​ដោយសារ COVID-19 បន្ទាប់ពី​លោក Patrick Devedjan ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ កាលពី​យប់​ថ្ងៃទី​២៨ ខែមីនា​៕
 

Tag:
 អន្តរជាតិ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com