ជាតិ
ជប៉ុន ចំណាយ១៨លានដុល្លារ ទិញបរិក្ខារពេទ្យ ឲ្យកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro MIKAMI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឧបករណ៍ សម្ភារ និង បរិក្ខារពេទ្យ ដែលមានតម្លៃ១៨លានដុលា្លរ ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់លើការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ជំងឺកូវីដ១៩។
ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro MIKAMI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលជប៉ុន មានការកោតសរសើរចំពោះកម្ពុជា ដែលបានប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩។
លោកឯកអគ្គរាជទូត អះអាងថា រដ្ឋាភិបាលជប៉ុន នឹងនៅតែបន្តផ្តល់ថវិកាឥតសំណង និងប្រាក់កម្ចីឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី២នៃជំងឺកូវីដ១៩ និងដើម្បីស្តារសម្បទាសេដ្ឋកិច្ចនៅកម្ពុជា ដែលទទួលរងផលប៉ះពាល់វិបត្តិជំងឺនេះ ឲ្យងើបឈរឡើងវិញ ជាពិសេសជប៉ុន នឹងបន្តផ្តល់ថវិកា២២,៧៣លានដុល្លារបន្ថែមទៀតសម្រាប់ជួយដល់វិស័យអប់រំ និងវិស័យសុខាភិបាលកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញវិធានការមួយចំនួន ដើម្បីធានាដល់ការរក្សាលំនឹងសកម្មភាពអាជីវកម្មរបស់ពលរដ្ឋ និងជួយសម្រាលដល់ជីវភាពរបស់កម្មករ ជួយស្តារវិស័យទេសចរណ៍ អាកាសចរណ៍ វិស័យកាត់ដេរ តាមរយៈការអនុគ្រោះផ្នែកសារពើពន្ធ ការអនុញ្ញាតមិនឲ្យបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែងនិងអនុគ្រោះឥណទាន និងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ជាដើម។
លោករដ្ឋមន្ត្រី ចាត់ទុកជប៉ុន ជាប្រទេសមានសន្តានចិត្តជួយកម្ពុជាចំគោលដៅទាន់ពេលស្របពេលកម្ពុជា កំពុងតែជួបផលលំបាក។ លោក និយាយទៅកាន់ឯកអគ្គរាជទូតជប៉ុនថា៖«ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រដ៏ប្រពៃ និងជាមិត្តភក្តិដ៏ល្អ សម្រាប់កម្ពុជា»៕
Tag:
ជប៉ុន
សម្ភារ
បរិក្ខារពេទ្យ
ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com