កីឡាជាតិ
ជាតិ
កីឡាករ ឡុង ជិន រង​ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ចំនួន​៣​ខែ ដោយសារ​មិន​គោរព​វិន័យ​
28, May 2020 , 9:39 pm        
រូបភាព
ដោយ:
​កីឡាករ ឡុង ជិន រង​ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ចំនួន​៣​ខែ ក្រោម​ហេតុផល​មិន​គោរព​វិន័យ​។ លោក រីក​គី​(Ricky) គ្រូបង្វឹក​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ​បាន​អះអាងថា ឡុង ជិន អាច​ឡើង​សង្វៀន​ប្រដាល់​មុនពេល​វេលា​កំណត់ បើ​រូបគេ​កែប្រែ​អត្តចរិត និង​ព្រម​ទទួលស្គាល់​កំហុស​។ កីឡាករ​រូបនេះ បាន​អវត្តមាន​ហ្វឹកហាត់​ជាមួយ​ក្លិប​ចំនួន​៣​សប្តាហ៍​ហើយ​។

 
​លោកស្រី ឡុង រ៉ាវី ម្ចាស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ​បានសម្រេច​ដាក់ពិន័យ​កីឡាករ ឡុង ជិន មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​គ្រប់​ស្ថានីយទូរទស្សន៍​ចំនួន​៣​ខែ ក្រោម​ហេតុផល​មិន​គោរព​វិន័យ​ក្លិប​។ មុន​ឈានដល់​ការដាក់ពិន័យ​នេះ លោកស្រី អះអាងថា កីឡាករ​រូបនេះ​បាន​ប្រព្រឹត្ត​កំហុស​បែបនេះ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ​។​
 
​លោក រីក​គី គ្រូបង្វឹក​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ​បាន​និយាយថា មូល​ហេតុដែល​ប្រធាន​ក្លិប​ដាក់ពិន័យ​លើ​កីឡាករ ឡុង ជិន ដោយសារ​រូបគេ​មិន​គោរព​ពេលវេលា​ហ្វឹកហាត់ ហើយ​ពេល​ទៅណា​មក​ណា​មិនដែល​ផ្តល់ដំណឹង​ជូន​ក្លិប​។ លោក​អះអាងថា កីឡាករ​រូបនេះ​មិនមែន​ទើបតែ​បង្កើត​កំហុស​ម្តង​នោះទេ ពោលគឺ​រូបគេ​បាន​បង្ក​កំ​ហុង​បែបនេះ​ជាច្រើនលើក​រួចមកហើយ​។    
 
​សម្រាប់​លោក រីក​គី ការដាក់ពិន័យ​នេះ មិនមែនជា​ការធ្វើ​ទា​រុ​ណ្ឌ​កម្ម​នោះទេ តែ​ជាការ​ដាស់តឿន​ដល់​រូបគេ​ឲ្យ​មានការ​ភ្ញាក់រលឹក​និង​ចេះ​កែប្រែ​កំហុស​ទៅ​វី​ញ​ទេ​។ លោក​អះអាងថា បើ ឡុង ជិន ចេះ​កែប្រែ​កំហុស ហើយ​ព្យាយាម​ហ្វឹកហាត់​ក្នុងអំឡុងពេល​នៃ​ការដាក់ពិន័យ​នេះ រូបគេ ទំនង​អាច​ឡើង​សង្វៀន​ប្រកួត​មុនពេល​វេលា​កំណត់​។ ផ្ទុយទៅវិញ បើ​រូបគេ​ទន់​ទោ​ទៅតាម​ការពិន័យ​នេះ ហើយ​មិន​ព្យាយាម​ហ្វឹកហាត់ រូបគេ អាច​ចំណាយពេល​ច្រើនជាង​៣​ខែ ទើប​ក្លិប​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​។  
 
​លោក រីក​គី បាន​បញ្ជាក់ថា កីឡាករ ឡុង ជិន បាន​ខកខាន​ហ្វឹកហាត់​អស់​រយៈពេល​៣​សប្តាហ៍​ហើយ​។ លោក​សង្ឃឹមថា រូបគេ​នឹង​ចូលមក​ហ្វឹកហាត់ ហើយ​កែប្រែ​កំហុស ដើម្បី​ទទួលបាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​សាជាថ្មី​។ គ្រូបង្វឹក​រូបនេះ ទទួលស្គាល់ថា កំហុស​របស់​កីឡាករ ឡុង ជិន ក៏មាន​ការរួមចំណែក​ពី​លោក​ផងដែរ ដែល​អប់រំ​មិនបាន​ល្អ​៕
 
 
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ឡុង ជិន
© រក្សាសិទ្ធិដោយ thmeythmey.com