ជាតិ
លោក សោម ពិសិដ្ឋ ជា​អភិបាលខេត្ត​កែប ជំនួស​លោក កែន ស​ត្ថា ដែល​ឡើងជា​រដ្ឋលេខាធិការ ផ្លូវការ​
29, May 2020 , 10:00 am        
រូបភាព
 លោក សោម ពិសិដ្ឋ ជា​អភិបាលខេត្ត​កែប ជំនួស​លោក កែន ស​ត្ថា ដែល​ឡើងជា​រដ្ឋលេខាធិការ ផ្លូវការ​
លោក សោម ពិសិដ្ឋ ជា​អភិបាលខេត្ត​កែប ជំនួស​លោក កែន ស​ត្ថា ដែល​ឡើងជា​រដ្ឋលេខាធិការ ផ្លូវការ​
ភ្នំពេញ​៖ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប ឡើងកាន់តំណែង​ជា​អភិបាលខេត្ត ជា​ផ្លូវការ ជំនួស​លោក កែន ស​ត្ថា ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៩ ឧសភា​នេះ​។ ពិធី​ប្រគល់ និង​ផ្ទេរតំណែង​អភិបាលខេត្ត​កែប ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​មុន​ចូលកាន់​តំណែង​អភិបាលខេត្ត​កែប​នេះ លោក សោម ពិសិដ្ឋ បាន​បំពេញការងារ​ជា​អភិបាលរង​ខេត្ត អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​។ តាមរយៈ​បទពិសោធន៍​នេះ ត្រូវបាន​រដ្ឋាភិបាល​រំពឹងថា លោក សោម ពិសិដ្ឋ នឹង​អាច​យល់ដឹង​ពី​ស្ថានភាព​ខេត្ត ក៏ដូចជា​អាច​ដោះស្រាយ​បញ្ហាលំបាក​ពលរដ្ឋ​បាន​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
 
​សម្ដេច ស ខេង ក៏បាន​បញ្ជាក់ថា អភិបាលខេត្ត​កែប​លោក កែន ស​ត្ថា ក៏បាន​បំពេញ​តួនាទី​ល្អ ក្នុងការ​អភិវឌ្ឍ​ខេត្ត តាម​គោលនយោបាយ​រដ្ឋាភិបាល​ដែរ ។ បើតាម​សម្ដេច ស ខេង ការផ្ទេរ​តួនាទី​លោក កែន ស​ត្ថា ទៅ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ គឺ​ដោយសារតែ​លោក​ត្រូវមាន​ភារកិច្ច​ចូលរួម​អភិវឌ្ឍ​ថ្នាក់ជាតិ​ថែមទៀត​។ 
 
​មុន​កាន់តំណែង​ជា​អភិបាលខេត្ត​កែប តាំងពី​ឆ្នាំ​២០១២​នោះ លោក កែន ស​ត្ថា ផ្ដើមចេញពី​តួនាទី​នាយក​ខុ​ទ្ធ​ល័យ​រដ្ឋបាលខេត្ត​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើឱ្យ​អភិបាលខេត្ត​កែប​ថ្មី បន្ត​អភិវឌ្ឍន៍ និង​ទប់ស្កាត់​ករណី​ជួញដូរ​គ្រឿងញៀន និង​ផ្លូវភេទ នៅ​តំបន់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com