សង្គមអន្តរជាតិ​
អន្តរជាតិ
លោក មហា​ធៀ ចោទ​នាយករដ្ឋមន្ត្រី Muyinddin ថា​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ដេញ​ខ្លួន​ចេញពី​បក្ស​
29, May 2020 , 10:19 am        
រូបភាព
អតីតនាយករដ្ឋលោក មហាធៀ មហាម៉ាត់ (ស្តាំ) និងលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin (AFP)
អតីតនាយករដ្ឋលោក មហាធៀ មហាម៉ាត់ (ស្តាំ) និងលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin (AFP)
ដោយ:
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ត្រូវបាន​បណ្ដេញ​ពី​គណបក្សនយោបាយ​ដែល​លោក​ជា​សហ​ស្ថាបនិក ក្រោយ​លោក បាន​អង្គុយ​នៅ​ជួរ​បក្សប្រឆាំង អំឡុង​អង្គប្រជុំ​សភា​កាលពី​ថ្ងៃទី​១៨ ខែឧសភា​។ ទាក់ទិន​បញ្ហា​នេះ លោក​មហា​ធៀ​ច្រានចោល​សេចក្តីសម្រេច​នេះ ដោយ​ចាត់ទុក​ទង្វើ​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​លោក Muhyiddin Yassin ។

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ២៨ ខែឧសភា គណបក្ស​ជនជាតិដើម​រួម​រួប​ម៉ាឡេស៊ី (Bersatu) សមាជិកភាព​របស់លោក មហា​ធៀ ត្រូវបាន​ដកហូត​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។ លោក​បណ្ឌិត មហា​ធៀ ត្រូវបាន​បណ្ដេញ​ពី​បក្ស​ក្រោយ​លោក​មិន​បង្ហាញ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​លោក Muhyiddin ដែលជា​ប្រធាន​បក្ស Bersatu ។​
 
​លេខាធិការ​ប្រតិបត្តិរ​បស់​បក្ស​កាន់អំណាច​នេះ លោក Muhammad Suhaimi Yahya បញ្ជាក់ថា ហេតុផល​នៃ​ការសម្រេច​បែបនេះ ធ្វើឡើង​ក្រោយ​លោក​មហា​ធៀ បាន​អង្គុយ​ជាមួយ​ប្លុក​បក្សប្រឆាំង អំឡុង​អង្គប្រជុំ​សភា​កាលពី​ថ្ងៃទី​១៨ ខែឧសភា​កន្លងទៅ ហើយ​វា​ជា​សេចក្តីសម្រេច​ដែល​អនុលោម​តាម​ធម្មនុញ្ញ​បក្ស​។ នេះ​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​
 
​ក្រៅពី​លោក មហា​ធៀ សមាជិកសភា​ផ្សេងទៀត ដូចជា លោក Mukhriz Mahathir កូនប្រុស​លោក​មហា​ធៀ​, លោក Syed Saddiq Abdul Rahman អតីតរដ្ឋមន្ត្រី​យុវជន​, លោក Amiruddin Hamzah អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​លោក Maszlee Malik អតីតរដ្ឋមន្ត្រី​អប់រំ ក៏ត្រូវ​បណ្ដេញ​ចេញពី​បក្ស​ផងដែរ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​យប់​ថ្ងៃទី ២៨ ខែឧសភា អតីត​នាយករដ្ឋមន្ត្រី​ចាស់វស្សា មហា​ធៀ និង​សមាជិកសភា​៤​នាក់​ទៀត បាន​បញ្ជាក់ថា ពួកគេ​បាន​ទាត់ចោល​សេចក្តីសម្រេច​របស់​បក្ស Bersatu នេះ​។  «​យើង​ពុំ​ទទួលយក​ការបណ្ដេញ​ចោល​ដែល​ខុសឆ្គង​ទាំង​នេះឡើយ ខណៈ​ពួកគេ​ច្បាស់​ណាស់​គឺ​ប្រឆាំង​ច្បាប់ និង​ដកហូត​សិទ្ធិ​យើង​»​។ សេចក្តីថ្លែងការណ៍​ដដែល បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​អះអាងថា ទង្វើ​នេះ​គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក Muhyiddin ។​
 
​លោក មហា​ធៀ គូសបញ្ជាក់​ទៀតថា ជាក់ស្តែង​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កំពុង​លេងល្បែង​នយោបាយ ខណៈ​ប្រទេសជាតិ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​រាតត្បាត​សកល COVID-19 ហើយ​សេដ្ឋកិច្ច​កំពុង​ពើបប្រទះ​ភាពមិនច្បាស់លាស់​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ជំហរ​ផ្ដាច់ការ​របស់​នាយករដ្ឋមន្ត្រី (Muhyiddin)»​។ 
 
«​យើង​ចង់​បន្ថែមថា ទង្វើ​ឯកតោភាគី​របស់​ប្រធានាធិបតី​របស់​បក្ស Bersatu ក្នុងការ​បណ្ដេញ​យើង​ចេញ ដោយ​គ្មាន​ហេតុផល​បែបនេះ គឺ​ព្រោះតែ​លោក​បារម្ភ​អំពី​ការបោះឆ្នោត​នាពេលខាងមុខ និង​ការណ៍​ពិត​ថា តំណែង​លោក​ជា​នាយករដ្ឋមន្ត្រី គឺជា​ខ្សោយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​»​។ សេចក្តីថ្លែងការណ៍ បញ្ជាក់​បែបនេះ​។ 
 
​សូមបញ្ជាក់ថា លោក មហា​ធៀ ដែល​បច្ចុប្បន្ន​មាន​អាយុ​ជិត​៩៥​ឆ្នាំ​ហើយ​នោះ គឺជា​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​ពិភពលោក រហូតដល់​លោក​បានសម្រេច​លាលែង​ពី​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ខែកុម្ភៈ ដែល​បង្ក​ទៅជា​ការតស៊ូ​អំណាច​ច្រើន​សប្តាហ៍​ក្នុងប្រទេស​។  វិបត្តិ​នយោបាយ​នេះ បាន​បិទ​បញ្ចប់​ដោយ​លោក Muhyiddin ដែល​បាន​បង្កើត​បក្ស Bersatu ជាមួយ​លោក មហា​ធៀ ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​។ 
 
​លោក Muhyiddin ដឹកនាំ​សម្ព័ន្ធភាព​នយោបាយ​ថ្មី​មួយ​ដែល​គាំទ្រ​ដោយ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួម​រួប (UMNO)​។ នេះ​គឺជា​បក្ស​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កំពុង​ជំនុំជម្រះ​រឿងក្តី​ពុករលួយ​លួច​លុយ​ជាតិ អំឡុង​អាណត្តិ​នាយក​ដ្ឋ​មន្ត្រី​លោក​។ 
 
​កាលពី​ថ្ងៃទី​១៨ ខែឧសភា លោក មហា​ធៀ ចង់​ឲ្យ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​លោកនាយក​រដ្ឋមន្ត្រី Muhyiddin ក៏ប៉ុន្តែ​អង្គប្រជុំ​សភា​ត្រូវ​រឹតត្បិត​សម្រាប់តែ​ការ​មានបន្ទូល​របស់​ស្តេច​ម៉ាឡេស៊ី Abdullah​ប៉ុណ្ណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​លោក​មហា​ធៀ​ផ្ទុះ​កំហឹង​ជាខ្លាំង ហើយ​បាន​អះអាងថា​លទ្ធិប្រជាធិបតេយ្យ​គឺ​ស្លាប់​ហើយ​ក្នុងប្រទេស​ម៉ាឡេស៊ី​៕ 
 
 
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  Muhyiddin Yassin
© រក្សាសិទ្ធិដោយ thmeythmey.com