COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League វិល​វិញ​នៅ​ថ្ងៃទី​១៧ មិថុនា ផ្តើម​ដោយ​ជំនួប Man City-Arsenal
29, May 2020 , 10:55 am        
រូបភាព
​ក្របខណ្ឌ Premier League នឹង​ចាប់ផ្តើម​ការប្រកួត​លី​គ​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា បន្ទាប់ពី​មានការ​យល់ព្រម​ពី​រដ្ឋាភិបាល​អង់គ្លេស​។ ជំនួប​រវាង​ក្រុម Manchester City ទល់ Arsenal និង Aston Villa ជាមួយ Sheffield United ជាការ​ប៉ះគ្នា​ដំបូង​គេ​បង្អស់​ចាប់តាំងពី​ផ្អាក​ជិត​៣​ខែ​មក ដោយសារ COVID-19​។​

 
​ការប្រកួត​ទាំងមូល​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សម្រាប់រ​ដូ​វ​កាលដែល​សេសសល់​នឹងត្រូវ​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​ពោលគឺ​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់ ២១ ខែមិថុនា​។ ក្នុងចំណោម​ក្រុម​ទាំង​២០ ក្រុមខ្លះ​នៅសល់​៩​ប្រកួត និង​ខ្លះ​១០​ប្រកួត​ទៀត​ដែល​សរុប​ទាំងអស់​ចំនួន ៩២ ប្រកួត​ទៀត​។​
 
Man City, Arsenal, Aston Villa និង Sheffield United ដែល​សុទ្ធតែ​នៅសល់​១០​ប្រកួត នឹងត្រូវ​ប្រកួត​មុនគេ​ដើម្បី​ឲ្យ​ស្មើ​ចំនួន​ប្រកួត​ដូច​ក្រុម​ដទៃ​។​
 
​ការ​ត្រឡប់មកវិញ​នេះ តម្រូវ​ឲ្យ​រាល់​ការប្រកួត​ទាំងអស់​ត្រូវធ្វើឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន ដើម្បី​ការពារ​ការឆ្លង​ជំងឺ​រាតត្បាត COVID-19​។ នេះ​មានន័យថា​មានតែ​ការ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ ហើយ​លោកអ្នក​អាច​រកមើល​តាម​ការផ្សាយ​ផ្ទាល់​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ Sky Sports, BT Sport, BBC Sport និង Amazon Prime ។​
 
​ជាមួយគ្នានេះ Sky Sports នឹងមាន​ការផ្សាយ​ផ្ទាល់​ចំនួន ៦៤ ប្រកួត ក្នុងនោះ​២៥​ប្រកួត​នឹង​ផ្សាយ​ផ្ទាល់​ដោយ​ឥតគិតថ្លៃ​។​
 
​ឆ្លងកាត់​ការប្រកួត​២៩​លើក​មុនពេល​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​ដោយសារ COVID-19 កាលពី​ថ្ងៃទី​១៣ ខែ​មិនា​មក Liverpool ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង Premier League ដោយ​រកបាន​៨២​ពិន្ទុ តាម​ពីក្រោយ​ដោយ Man City ដែល​រកបាន​៥៧​ពី​ន្ទុ​ពី​ការប្រកួត​២៨​លើក​។ Leicester City នៅ​លេខ​រៀង​ទី​៣ មាន​៥៣​ពិន្ទុ និង Chelsea ឈរ​លេខ​៤​មាន​៤៨​ពិន្ទុ ខណៈ Manchester United, Wolverhampton Wanderers និង Sheffield United នៅ​លេខ​រៀង​បន្តបន្ទាប់​ហើយក៏​ជា​ក្រុម​ដែល​ត្រូវ​ប្រជែង​យក Top 4 ដើម្បី​បាន​កៅអី​លេង​ក្របខណ្ឌ​អឺរ៉ុប Champions League រដូវ​កាល​ក្រោយ​ផងដែរ​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com