អន្តរជាតិ
ភ្នំភ្លើង Puhahonu ត្រូវបាន​គេ​រកឃើញថា ជា​ភ្នំភ្លើង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​
29, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ឧទ្យានភ្នំភ្លើងនៅកោះហាវ៉ៃ
រូបឯកសារ៖ ឧទ្យានភ្នំភ្លើងនៅកោះហាវ៉ៃ
ដោយ: VOA
​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ភ្នំភ្លើង​នៅក្នុង​រដ្ឋ​ហា​វ៉ៃ ដែល​ស្ទើរតែ​មិនអាច​មើលឃើញ​បាន​ពីលើ​ផ្ទៃ​មហាសមុទ្រ​គឺជា ភ្នំភ្លើង​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។​

 
​ការសិក្សា​ថ្មី​មួយ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រ​ផែនដី​និង​ភពផែនដី ដែលជា​ភាសា​អង់គ្លេស​ថា Earth and Planetary Science Letters បាន​រកឃើញថា ភ្នំភ្លើង Puhahonu នៅក្នុង​រដ្ឋ​ហា​វ៉ៃ​នេះ មាន​ទំហំ​ជាង ១៥០.០០០ គីឡូ​ម៉ែត្រគូប ដែល​កកើតឡើង​ពី​ថ្ម​រលាយ​តែមួយ​មុខ​។​
 
​ភ្នំភ្លើង​នេះ​ស្ទើរតែ​ទាំងស្រុង​លាតសន្ធឹង​នៅក្រោម​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងជើង​។ វា​មាន​ទំហំ​ជិត​ពីរដង​នៃ​ភ្នំភ្លើង Mauna Loa របស់​រដ្ឋ​ហា​វ៉ៃ ដែល​កាលពីមុន​ជាប់​ឈ្មោះថា ជា​ភ្នំភ្លើង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ឬ ភ្នំភ្លើង​ដែលមាន​រាងដូចជា​ខែល​។​
 
​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of Hawaii at Manoa បាន​ប្រើ​ប្រព័ន្ធ​ស្ទង់​បាត​មហាសមុទ្រ និង​គំរូ​បរិមាណ​ដើម្បី​កំណត់​ទំហំ​នៃ​ភ្នំភ្លើង​នោះ​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា គេ​នៅ​មិនទាន់​ដឹង​អំពី​ផ្នែក​ភាគច្រើន​នៃ​ភ្នំភ្លើង​នោះ ដែល​ស្ថិតនៅ​ជ្រៅ​ក្រោម​ផ្ទៃ​មហាសមុទ្រ​នៅឡើយ​ទេ ក៏ប៉ុន្តែ​ពួកគេ​ថា វិធីសាស្ត្រ​ថ្មី​នៅក្នុង​ការ​គូស​ផែនទី និង​ការ​គណនា​តាម​កម្រិត​សំឡេង កំពុងតែ​បង្ហាញ​ចម្លើយ​ខ្លះៗ​អំពី​ថា​តើ​មាន​អ្វីខ្លះ​នៅលើ​ផ្ទៃ​នៃ​បាតសមុទ្រ​។​
 
Puhahonu ដែល​បច្ចុប្បន្ន​ជា​ភ្នំភ្លើង​ដែល​គេ​មិន​រំពឹងថា​ផ្ទុះ​នោះ មាន​កំពូល​តែ​ពីរ​ប៉ុណ្ណោះ ដែលមាន​កំពស់ ៥២ ម៉ែត្រ គិតពី​នីវ៉ូ​ទឹកសមុទ្រ​។ បើ​មើល​ពីលើ​ផ្ទៃ​មហាសមុទ្រ គេ​មើលឃើញ​ភ្នំភ្លើង​នេះ​មិនសូវ​ឃើញច្បាស់​ទេ បើ​ប្រៀបធៀប​ទៅនឹង​ភ្នំភ្លើង Mauna Loa ដែលមាន​កម្ពស់​ជិត ៤.០០០ ម៉ែត្រ គិតពី​នីវ៉ូ​ទឹកសមុទ្រ​នោះ​។​
 
​ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនបាន​ដឹង​អំពី​ទំហំ​របស់​ភ្នំភ្លើង Puhahonu នេះ​ទេ មួយផ្នែក​ដោយសារតែ ៧០ ភាគរយ​នៃ​ភ្នំភ្លើង​នេះ លាតសន្ធឹង​នៅក្រោម​បាតសមុទ្រ​។​
 
​ពាក្យ​ថា Puhahonu សម្រាប់​ភាសា​អ្នក​កោះ​ហា​វ៉ៃ មានន័យថា «​អណ្តើក​ងើប​ពី​ទឹក​ដើម្បី​ស្រូបយក​ខ្យល់អាកាស​»​។ ភ្នំភ្លើង​នេះ​មាន​ទំហំ​ធំ​ណាស់ ដែល​បើតាម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា វា​កំពុង​ធ្វើ​ឲ្យ​ស្រទាប់ផែនដី​លិច​ចុះ​។ ពួកគេ​បាន​និយាយទៀតថា ភ្នំភ្លើង​នេះ រួម​ជាមួយនឹង​ស្រទាប់ផែនដី​ដែល​នៅក្បែរ​នោះបាន​លិច​ចុះ​រាប់រយ​ម៉ែត្រ ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​មកនេះ​។​
 
​ភ្នំភ្លើង​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១.០០០ គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​កោះ​ហូ​ណូ​លូ​លូ​។ ភ្នំភ្លើង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជួរ​ភ្នំ និង​ភ្នំភ្លើង​ដែល​ស្ថិតនៅក្រោម​ផ្ទៃ​ទឹកសមុទ្រ ដែល​លាតសន្ធឹង​ពី​កោះ​ហា​វ៉ៃ រហូតដល់​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី​។​
 
​កាលពីមុន អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ជឿថា ភ្នំភ្លើង​ដ៏​ធំ​មួយ​ដែល​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ២០១៣ នៅ​បាតសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន​ដែលមាន​ឈ្មោះថា Tamu Massif គឺជា​ភ្នំភ្លើង​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក ឬ​ជា​ភ្នំភ្លើង​ដែលមាន​រាង​ដូច​ខែល​។​
 
​តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រោយមក​ពួកគេ​បាន​និយាយថា ភ្នំភ្លើង Tamu Massif ដែល​ផ្ទុក​សារធាតុ​ប្រមាណ​ជា ៧ លាន​គីឡូ​ម៉ែត្រគូប​នោះ ទំនងជា​មិនមែនជា​ភ្នំភ្លើង​តែមួយ​ដាច់ដោយឡែក​ពី​គេ​នោះទេ ប៉ុន្តែ វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជ្រលង​ជួរ​កណ្តាល​មហាសមុទ្រ ដែល​លាតសន្ធឹង​រាប់ម៉ឺន​គីឡូម៉ែត្រ​នៅ​បាត​មហាសមុទ្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com