COVID-19
អន្តរជាតិ
រដ្ឋបាល ត្រាំ ត្រៀម​ចាត់វិធានការ​លើ​និស្សិត​ចិន​ដើម្បី​បង្ការ​ការ​លួច​ព័ត៌មាន​អាមេរិក​
29, May 2020 , 11:53 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្រុមនិស្សិត​ចិន​ដែល​កំពុង​រៀន​នៅ​ទឹកដី​អាមេរិក ក្លាយជា​មុខសញ្ញា​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​នៅ​ថ្ងៃទី​២៩ ខែឧសភា ថា លោក ត្រាំ ចាត់វិធានការ​លើ​ពួកគេ​ដើម្បី​ទប់ស្កាត់​ការ​លួច​ព័ត៌មាន​នៅ​ទឹកដី​អាមេរិក​។ ចំណែក​កាសែត The New York Times ផ្សាយ​ថា រដ្ឋបាល​លោក ត្រាំ នឹង​បញ្ចប់​ទិដ្ឋាការ​និស្សិត​ចិន​ដែល​មកពី​សាលា​មាន​ទំនាក់​ទំនងជា​កងទ័ព​ចិន​។​

 
​ទំនាក់ទំនង​រវាង​មហាអំណាច​លេខ​មួយ និង​លេខ​ពីរ​របស់​ពិភពលោក​ហាក់​កាន់តែ​ល្អក់កករ​ទៅៗ​។ បន្ថែម​ពី​បញ្ហា​ជំងឺ COVID-19 អាមេរិក និង​ចិន​ក៏​កាន់តែ​មើលមុខ​គ្នា​លែង​សូវ​ចំ​ដោយសារ​បញ្ហា​នៅ​ហុងកុង ស្របពេល​ចិន​ត្រៀម​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ ចុងក្រោយ​នេះ ជនជាតិ​ចិន​ដែល​កំពុង​រៀនសូត្រ​នៅ​អាមេរិក ក៏​ក្លាយជា​មុខសញ្ញា​មួយ​ក្នុង​យុទ្ធនាការ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​២៩ ខែឧសភា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​នឹងមាន​ចំណាត់ការ​ដើម្បី​បង្ការ​ការ​លួច​ព័ត៌មាន​ពី​សំណាក់​និស្សិត​ចិន​។ តាមពិតទៅ នេះ​មិនមែនជា​រឿង​ថ្មី​ទេ ដែល​ជនជាតិ​ចិន​នៅ​អាមេរិក ត្រូវបាន​ចោទថា ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​ក្នុង​គោលដៅ​ប្រមូល​ព័ត៌មាន​រសើបៗ​។​
 
​ប្រមុខ​ការទូត​អាមេរិក អះអាងថា និស្សិត​មិនគួរ​យក​សាលារៀន​អាមេរិក​ដើម្បី​ធ្វើ​ចារកម្ម​ឡើយ​។ លោក ប៉ុ​ម​ប៉េ​អូ ទទួលស្គាល់ថា នេះ​ជា​បញ្ហា​ប្រឈម​មួយ ដែល​លោក ត្រាំ នឹងមាន​វិធាន​ការមិន​ខាន សំដៅ​ធានាថា សិស្ស​ចិន​ទៅ​អាមេរិក​ដើម្បី​រៀន មិនមែន​តំណាង​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន​ឡើយ​។ 
 
​តាម​ការគ្រោងទុក លោក ត្រាំ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ​លើ​បញ្ហា​ទាក់ទង​ចិន​ដែល​ប្រធានបទ​និស្សិត​ចិន​នៅ​អាមេរិក នឹងត្រូវ​លើកឡើង​ផងដែរ​។ មុន​សន្និសីទ​សារព័ត៌មាន​នេះ កាសែត​អាមេរិក The New York Times ក៏​ផ្សាយ​ថា រដ្ឋបាល​អាមេរិក ពិចារណា​បណ្ដេញ​សិស្ស​ចិន​រាប់ពាន់នាក់​ពី​ទឹកដី​អាមេរិក តាមរយៈ​ការបញ្ចប់​ទិដ្ឋាការ​របស់​ពួកគេ​។ និស្សិត​ដែល​មកពី​សាលា​រៀនមាន​ទំនាក់​ទំនងជា​យោធា​ចិន គឺជា​មុខសញ្ញា​របស់​អាមេរិក​។​
 
​យ៉ាងណាមិញ ការបណ្ដេញ​សិស្ស​ចិន​បែបនេះ ទំនង​រង​ការប្រឆាំង​ពី​បណ្ដា​គ្រឹះស្ថាន​អប់រំ​អាមេរិក ព្រោះ​ជនជាតិ​ចិន​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​របស់​សាលារៀន​អាមេរិក ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ COVID-19 នោះ​។ ប៉ុន្តែ​លោក ត្រាំ ដែល​អះអាងថា លោក​មិន​សប្បាយ​ចិត្តនឹង​ចិន​លើ​រឿងរ៉ាវ​ជាច្រើន​មកនេះ ទំនង​មិន​ខ្វល់ខ្វាយ​ការព្រួយបារម្ភ​នេះឡើយ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com