កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសប៉េតង់ពិភពលោក កែ ឡេង ប្រកាសចូលនិវត្តន៍
× ម្ចាស់មេដាយមាសប៉េតង់ពិភពលោក៤សម័យកាលអ្នកស្រី កែ ឡេង ប្រកាសលាឈប់ពីអាជីពនេះហើយដោយសារហេតុផលបញ្ហាសុខភាព។ នេះបើតាមការផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា (CAMSOC) នៅថ្ងៃទី២៩ ខែឧសភានេះ។
វីរកីឡាការិនី កែ ឡេង ដែលត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)ទៅជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) កាលពីចុងឆ្នាំ២០១៩ បានរៀបរាប់ប្រាប់ពីការសម្រេចចិត្តបញ្ចប់អាជីពពីកីឡាប៉េតង់នេះថា ដោយស្ថានភាពសុខភាពរបស់លោកស្រីចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។
ដោយឈានចូលដល់វ័យ ៥៧ឆ្នាំ លោកស្រីបន្តទៀតថា៖«បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ»។
មិនត្រឹមតែបញ្ហាសុខភាពឡើយដែលធ្វើឲ្យម្ចាស់មេដាយមាសពិភពលោក៤ជំនាន់នេះចូលនិវត្តន៍។ ដោយជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរផងទើបធ្វើឲ្យលោកស្រីសម្រេចចិត្តបែបនេះ។
ក្រោយប្រកាសភ្លាមៗនេះ វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះក៏មិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពពីកីឡាប៉េតង់នេះ អ្នកស្រីនឹងត្រឡប់ទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះទេ។
សូមបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ ក្រោយសាងភាពល្បីល្បាញជូនជាតិនៅលើឆាកអន្តរជាតិ។ ជាក់ស្តែងក្រោយឈ្នះមេដាយមាសពិភពលោកនៅបារាំង កាលពីឆ្នាំ២០១៣ កីឡាការិនីរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ទោទៅជាអនុសេនីយ៍ឯកនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ។ នៅឆ្នាំ២០១៥ លោកស្រី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកទៅវរសេនីយ៍ត្រី ក្រោយដណ្តើមបានមេដាយមាសពិភពលោកនៅថៃ។
រហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក។ ក្នុងនាមជាម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com