លោក សម រង្ស៊ី ពីបិតាប្រជាធិបតេយ្យ ក្លាយជាជនផ្តាច់ការ ក្នុងកែវភ្នែកលោក សាម អ៊ីន
COVID-19
ជាតិ
សង្គមជាតិ
លោក សម រង្ស៊ី ពីបិតាប្រជាធិបតេយ្យ ក្លាយជាជនផ្តាច់ការ ក្នុងកែវភ្នែកលោក សាម អ៊ីន
29, May 2020 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនពេញចិត្តនឹងទស្សនៈរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកំពូល ដែលបានលើកឡើងពីការក្ស័យធនធនាគារមួយចំនួននៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ ព្រោះកូនបំណុល មិនមានលុយសង។ លោក បានថត (Screenshot) ទស្សនៈរបស់លោក សម រង្ស៊ី ទៅបង្ហោះលើគណនីហ្វេសប៊ុក ហើយសរសេររិះគន់។



លោក សាម អ៊ីន ជាអ្នកនយោបាយម្នាក់ ដែលមានសញ្ញាបត្របណ្ឌិតដែរនោះ សារភាពថា កាលនៅជាយុវជន លោក ធ្លាប់ចាត់ទុកលោក សម រង្ស៊ី  ជា «បិតាប្រជាធិបតេយ្យ» និងជា «អ្នកស្នេហាជាតិពិតប្រាកដ»។ តែក្រោយមក ដោយមានការយល់ដឹងអំពីសង្គមនិងនយោបាយកាន់តែច្រើន លោក ក៏ចាប់ផ្តើមផ្លាស់ប្តូរទស្សនៈចំពោះលោក សម រង្ស៊ី ថា ជាអ្នកនយោបាយ ដែលគ្មានគោលការណ៍ទៅវិញ។

លើសពីនេះ លោក ថែមទាំងយល់ថា លោក សម រង្ស៊ី ជា «បុគ្គលផ្តាច់ការ» ហើយគិតពីអំណាច និងប្រជាប្រិយភាពរបស់ខ្លួន ជារឿងចម្បង។ លោក រៀបរាប់តាមការសង្កេតរបស់លោកទៀតថា លោក សម រង្ស៊ី ចូលចិត្ត (ប្រើ) ភាសាហិង្សា និង «បង្កឲ្យមានចលាចលសង្គម» ដោយសង្ឃឹមថា ពេលស្រុកមានចលាចល អំណាចនឹងធ្លាក់លើដៃខ្លួន។

តាមរយៈសំណេរលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រមូលផ្តុំដោយពួកបញ្ញវន្ត បានវាយតម្លៃចំពោះលោក សម រង្ស៊ី យ៉ាងដូច្នេះថា៖«ប្រវត្តិសាស្រ្តមនុស្សជាតិ បានបង្ហាញថា បើបុគ្គលមានទឹកចិត្តដូចគាត់ បានឡើងកាន់អំណាច នោះប្រទេសជាតិ នឹងជួបគ្រោះមហន្តរាយកម្រិតជាតិ។ ជាសំណាងមិនល្អរបស់ជាតិខ្មែរ ដែលគាត់បានក្លាយជាអ្នកនយោបាយមានឥទ្ធិពលម្នាក់ក្នុងប្រទេសកម្ពុជា»។

មួយរយៈនេះ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅស្រុក បានព្យាយាមកកូរកកាយពីកំហុសនិងចំណុចខ្វះខាតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងជំងឺកូវីដ១៩ ជាពិសេសការដោះស្រាយបំណុលប្រជាជន ដែលជំពាក់ធនាគារ។ អ្វីដែលធ្វើឲ្យគេ ភ្ញាក់ផ្អើលនោះ គឺលោក បានអំពាវនាវឲ្យប្រជាជន ឈប់សងបំណុលទៅធនាគារ ដោយលោក យល់ថា ការធ្វើដូច្នេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយពីរដ្ឋាភិបាល។

មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះ លោក សម រង្ស៊ី បានសន្និដ្ឋាន ថា មិនយូរប៉ុន្មានឡើយ ធនាគារធំៗមួយចំនួន នៅកម្ពុជា អាចដួលរលំ ដោយលោក សំអាងលើហេតុផល៣យ៉ាង។

ទីមួយ កូនបំណុលតូចៗ ជិត៣លាននាក់ មិនអាចសងបំណុលបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ទីពីរ អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែជាប់កុន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី សម្រាប់លក់ឲ្យជនជាតិចិន។ តែឥឡូវ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះជនជាតិចិន ឈប់ទិញ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

ទីបី អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ កំពុងតែភ័យ ពីព្រោះមិនអាចដកលុយនោះបានវិញ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារ ខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ អត់មានលទ្ធភាពសងធនាគារវិញទេ។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផលចិត្តសាស្ត្រ ធ្វើឲ្យធនាគារដួលរលំកាន់តែឆាប់ថែមទៀត។

តាមពិតទៅ មិនមែនថា រដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយនឹងបញ្ហាប្រជាជន ជំពាក់បំណុលធនាគារនោះទេ។ ពេលវិបត្តិកើតឡើងភ្លាមៗ ដោយសារជំងឺកូវីដ១៩ ប្រមុខរដ្ឋាភិបាល ក៏ចាប់ផ្តើមអំពាវនាវ ឲ្យគ្រប់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពន្យារពេលយកបំណុលពីអតិថិជន និងជួយបញ្ចុះអត្រាការប្រាក់។

ម្យ៉ាងទៀត រដ្ឋាភិបាល ក៏បានត្រៀមទុនពី៥០០ ទៅ៦០០លានដុល្លារ ដើម្បីទុកឲ្យធនាគារឯកទេសខ្ចី ដោយយកអត្រាការប្រាក់ទាប។ យុទ្ធសាស្រ្តនេះ គឺដើម្បីឲ្យធនាគារឯកទេសទាំងនោះ មានលទ្ធភាពផ្តល់កម្ចីដល់អតិថិជនរបស់ពួកគេ ជាអាជីវករ យកទៅធ្វើអាជីវកម្មបន្ត ដោយអត្រាការប្រាក់ទាប។

មកដល់ពេលនេះ មិនទាន់មានធនាគារណាមួយនៅកម្ពុជា ប្រកាសក្ស័យធនឬដួលរលំឡើយ៕

Tag:
 សម រង្ស៊ី
  សាម អ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com