សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋាភិបាល​ហុងកុង​ព្រមាន​អាមេរិក​ថា ការដក​«​ឋានៈ​ពិសេស​»​ជា​កាំ​បិតមុខ​ពីរ​
29, May 2020 , 9:39 pm        
រូបភាព
អ្នកស្រីនាយកប្រតិបត្តិហុងកុង ការី ឡាំ (AFP)
អ្នកស្រីនាយកប្រតិបត្តិហុងកុង ការី ឡាំ (AFP)
ដោយ:
រដ្ឋាភិបាល​ទីក្រុង ហុងកុង បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ថា​ការដកហូត​ឋានៈ​ពិសេស​ដែល​ផ្ដល់​ឲ្យ​ដោយ​ច្បាប់​អាមេរិក​ពី​ទីក្រុង​នេះ អាចជា​កាំបិត​មុខ​ពីរ ហើយ​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ឈប់​ជ្រៀត​ជ្រៀង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ត​ទៀត​។

 
 
«​រាល់​ទណ្ឌកម្ម​ទាំងឡាយ គឺជា​កាំ​បិតមុខ​ពីរ ដែល​នឹង​ពុំ​គ្រាន់តែ​ប៉ះពាល់​ផលប្រយោជន៍​ទីក្រុង ហុងកុង ប៉ុណ្ណោះ តែ​ក៏​ប៉ះពាល់​ច្រើន​ដល់​អាមេរិក​ផងដែរ​»​។ រដ្ឋាភិបាល​ទីក្រុង ហុងកុង ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ នៅ​ថ្ងៃទី​២៨ ខែឧសភា​។ 
 
​រដ្ឋាភិបាល​ហុងកុង បញ្ជាក់ទៀតថា ចាប់ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៨ អតិរេក​ពាណិជ្ជក្ម (trade surplus) អាមេរិក​ជាមួយ​ទីក្រុង​ហុងកុង គឺ​ធំជាងគេ​បំផុត​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទាំងអស់​របស់ខ្លួន​។ ទំនិញ​គិត​ជា​ទឹកប្រាក់​សរុប ២៩៧​ពាន់​លាន​ដុល្លារ និង​ក្រុមហ៊ុន​អាមេរិក​ចំនួន ១៣០០​ក្រុមហ៊ុន ស្ថិតនៅ​ទីក្រុង​ហុងកុង​។​
 
​សេចក្តីថ្លែងការណ៍​រដ្ឋា​ភិ​បាល​ហុងកុង ធ្វើ​ឡើយ​ក្រោយពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែឧសភា បានសម្រេច​ដកហូត​ឋានៈ​ពិសេស​របស់​ទីក្រុង​រដ្ឋបាល​ពិសេស​ហុងកុង​ក្រោម​ច្បាប់​អាមេរិក ដោយ​ចោទថា ក្រុង​នេះ​លែងមាន​ស្វយ័តភាព​ដែល​ធានា​ដោយ​ប៉េកាំង​ទៀតហើយ​។  អតីត​ទីក្រុង​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​នេះ ទទួលបាន​ស្វយ័តភាព​កម្រិត​ខ្ពស់​ក្រោម​គោលការណ៍​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ចាប់តាំងពី​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។​
 
​សភា​ប្រជាជន​ចិន កាលពី​ថ្ងៃទី​២៨ ខែឧសភា បានអនុម័ត​លើ​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ហើយ​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ឡើង​។ ទីក្រុង ប៉េកាំង បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ថ្មី​នេះ នឹង​បង្ការ​ការធ្វើ​វិទ្ធង្សនា ចលនា​ផ្ដាច់ខ្លួន អំពើ​ភេរវកម្ម និង​ការ​ជ្រៀត​ជ្រៀក​ពី​បរទេស​ក្នុង​ទីក្រុង​៕
 
 

Tag:
 ​ហុងកុង​
  សហ​ដ្ឋ​អាមេរិក​
  ឋានៈ​ពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com