ជាតិ
សុខភាព
កាំកុងត្រូលខណ្ឌដង្កោ រឹបអូសបានបង្គារបញ្ចូលសារធាតុចាហួយ១១តោន
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលបានបង្ក្រាប និងរឹបអូសការដឹកជញ្ជូនបង្គារចំនួន៤៤៩កេស នៅចំណុចផ្លូវ ក្នុងចន្លោះខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ឈានចូលថ្ងៃទី២៩ ខែឧសភា។ បង្គារទាំងមានទម្ងន់សរុបជាង១១តោន ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលរកឃើញមានការចាក់បញ្ចូលសារធាតុចាហួយ។ នេះបើយោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បាននិយាយថា បង្គារទាំងជាង១១តោននេះ ត្រូវបានមន្ត្រីកាំកុងត្រូលស្ទាក់រថយន្តដឹកគ្រឿងសមុទ្រនេះចំនួន៣គ្រឿង កាលពីយប់រំលងអធ្រាតចូលថ្ងៃ២៩ ឧសភា។ បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ បង្គារដែលមានបញ្ជូលសារធាតុចាហួយនេះ មានប្រភពនាំចូលពីច្រកទ្វារអន្តរជាតិព្រែកចាក នៅខេត្តកំពត ដែលជាព្រំដែនអន្តរជាតិរវាងកម្ពុជា និង ប្រទេសវៀតណាម។
លោក ផាន អូន បានបញ្ជាក់ថា បច្ចុប្បន្ន រថយន្ត, បង្គារ និងវត្ថុតាងផ្សេងៗ ត្រូវបានបញ្ជូនមករក្សានៅអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តការអនុវត្តតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com