COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីស្វីស៖ អ្នករកផ្លូវភេទអាចប្រកបរបរឡើងវិញ ព្រោះចេះការពារខ្លួនជាងអត្តពលិក របររកស៊ីផ្លូវភេទ ជារបរស្របច្បាប់នៅស្វីស។ រូបថត swissinfo.ch
× ក្រុមអ្នករកស៊ីផ្លូវភេទនៅស្វីស អាចវិលត្រឡប់ទៅប្រកបរបររបស់ខ្លួននាថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ខណៈសកម្មភាពកីឡានានា បន្តស្ថិតក្រោមការរឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ នេះបើតាមការផ្សាយរបស់ Bloomberg។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្វីស បានវាយតម្លៃថា អ្នកប្រកបរបររកស៊ីផ្លូវភេទ មានវិធានការពារខ្លួនខ្ពស់ជាងអត្តពលិក នៅពេលដែលពួកគេត្រឡប់ទៅប្រកបរបរវិញនាអំឡុងនៃការរាលដាល COVID-19។ «ពិតជាមានទំនាក់ទំនងដោយផ្ទាល់ ប៉ុន្តែមធ្យោបាយនៃការការពារខ្លួន អាចមិនចោទជាបញ្ហានោះឡើយ»។ នេះជាការលើកឡើងរបស់លោក Alain Berset នាសន្និសីទសារព័ត៌មាន។
របររកស៊ីផ្លូវភេទ ជារបរស្របច្បាប់នៅក្នុងប្រទេសស្វីស ដែលអាចដំណើរឡើងវិញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ដូចជារោងភាពយន្ត រង្គសាល ក្លិបកម្សាន្ត និងអាងហែលទឹកសាធារណៈ ខណៈការប្រកួតកីឡា ជាពិសេសប្រដាល់ ចំបាប់ យូដូ ជាដើម។
លោក Berset បាននិយាយថា៖ «ខ្ញុំនិយាយប្រាប់អ្នកតាមត្រង់ទៅចុះ សេវាបម្រើផ្លូវអារម្មណ៍ គួរតែដំណើរឡើងវិញ ឆាប់រហ័សជាងនេះ»។
ការសម្រេចរបស់រដ្ឋាភិបាល បន្ទាប់ពីក្រុមតស៊ូមតិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ProKoRe បានបង្ហាញការណែនាំពីការប្រព្រឹត្តទំនាក់ទំនងផ្លូវភេទ ដោយមិនបារម្ភពីការរាលដាល COVID-19 តាមរយៈការអនុវត្តតាម Doggy Style និង Reverse Cowgirl។
ទោះបីជាយ៉ាងណាក៏ដោយ ProKoRe នៅតែបង្ហាញពីការព្រួយបារម្ភចំពោះអ្នកបម្រើការខុសច្បាប់ ដោយពួកគេមិនគោរពតាមគោលការណ៍ណែនាំឲ្យបានត្រឹមត្រូវ។
គិតមកដល់ពេលនេះ ស្វីស មានករណីឆ្លងជាង៣ម៉ឺន ស្លាប់ជិត២០០០នាក់ និងសះស្បើយជាង២៨០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com