COVID-19
អន្តរជាតិ
អ្នកល្មើសបញ្ជាបិទប្រទេសធ្ងន់ធ្ងរនៅឥណ្ឌូណេស៊ី អាចត្រូវបង្ហោះរូបថតឲ្យស្អុយឈ្មោះជាសាធារណៈ រូបកុមារីឥណ្ឌូណេស៊ីបំពានបញ្ជាបិទប្រទេស ពាក់ស្លាកសរសេរថា «ខ្ញុំសន្យាពាក់ម៉ាស់» ក្នុងខេត្ត Bengkulu (AFP)
× អាជ្ញាធរឥណ្ឌូណេស៊ី ដាក់ចេញវិធីសាស្ត្រសម្អុយឈ្មោះសាធារណៈ ជាទោសទណ្ឌថ្មីសម្រាប់អ្នកបំពាន់ចំណាត់ការគម្លាតសុវត្ថិភាពទប់ស្កាត់ COVID-19 ។ តែចំណាត់ការពុំត្រូវអនុវត្តទូទាំងប្រទេសឥណ្ឌូណេស៊ីឡើយ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដើមពង្រាយកងទ័ពជិត៣៤ម៉ឺននាក់នៅខេត្តជាង២០នៃខេត្តសរុបទាំង៣៤របស់ខ្លួន។ គោលដៅគឺដើម្បីតាមដានការអនុវត្តវិធានការគម្លាតសុវត្ថិភាពដែលដាក់ទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដូចជា ការពាក់ម៉ាស់នៅទីសាធារណៈ និងរក្សាគម្លាតពីគ្នាត្រឹមត្រូវតាមអនុសាសន៍អ្នកជំនាញសុខាភិបាលជាដើម។
ក៏ប៉ុន្តែសម្រាប់មេដឹកនាំខេត្តខ្លះរបស់ឥណ្ឌូណេស៊ី បន្ថែមពីវិធានការថ្នាក់ជាតិទាំងនេះ ពួកគេបានផ្ដួចផ្ដើមចំណាត់ការផ្ទាល់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ហើយពួកគេជ្រើសយកវិធានសម្អុយឈ្មោះជាសាធារណៈ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប៉ូលិសក្នុងខេត្ត Bengkulu ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្ដុំប៉ូលិសមួយក្រុមដែលមានសមាជិក៤០នាក់ ដែលមានកាត្វកិច្ចតាមចាប់អ្នកល្មើសបញ្ជាបិទប្រទេស ហើយបង្ខំពួកគេពាក់ស្លាកដោយសន្យាថាពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ ចាប់ពីពេលនេះតទៅ។ បើតាមមន្ត្រីម្នាក់ ក្នុងករណីល្មើសធ្ងន់ធ្ងរ រូបភាពពួកគេ នឹងត្រូវបង្ហោះឡើងបណ្ដាញសង្គមដើម្បីឲ្យពួកគេរាងចាល។
«មនុស្សក្នុងខេត្ត Bengkulu នៅតែពុំទាន់យល់ពីសារសំខាន់នៃការគោរពតាមវិធានសុខាភិបាលទាំងនេះ ជាពិសេសនៅពេលតម្រូវឲ្យពួកគេពាក់ម៉ាស់ និងឈប់ប្រមូលផ្ដុំគ្នាច្រើនទៀត»។ ប្រធានទីភ្នាក់ងារបញ្ជាសាធារណៈរបស់ខេត្ត Bengkulu ឈ្មោះថា Martinah ប្រាប់ AFP បែបនេះ។ លោកបន្តទៀតថា ការគោរពបែបនេះគឺដើម្បីសុខទុក្ខពួកគេនិងគ្រួសារពួកគេ។
ដោយឡែក រដ្ឋធានី ហ្សាការតា វិញ ក្នុងខែនេះ បានប្រកាសច្បាប់ថ្មីមួយដាក់ទោសអ្នកល្មើសគម្លាតសុវត្ថិភាព ដោយបង្ខំឲ្យពួកគេលាងបង្គន់សាធារណៈ ខណៈត្រូវពាក់អាវកាក់សរសេរថា ជនបំពាន់ច្បាប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ប្រទេស ឥណ្ឌូណេស៊ី មានករណីឆ្លង COVID-19 សរុប ២៤០០០ករណី និងអ្នកស្លាប់ ១៤៩៦នាក់ ក៏ប៉ុន្តែប្រទេសដែលមានប្រជាជនសរុបជាង២៦០លាននាក់នេះ មានអត្រាធ្វើតេស្តរក COVID-19 ទាបបំផុតមួយលើពិភពលោក។ អ្នកស្រាវជ្រាវ ប៉ាន់ស្មានថា តួលេខស្លាប់ពិតប្រាកដអាចលើស២ឬ៣ដង បើធៀបនឹងតួលេខផ្លូវការ៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
បញ្ជាបិទប្រទេស
គម្លាតសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com