ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុមហ្វ្រែល ថា​ប្រសិទ្ធភាព​ការងារ​សភា​ឯក​បក្ស​ធ្លាក់ចុះ តែ​សភា​ច្រានចោល​របាយការណ៍​
29, May 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) បាន​វាយតម្លៃ​តាមរយៈ​របាយការណ៍​ស​ង្ខេ​ប​នៃ​ការសង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ​ឆ្នាំ​ទី​១ នៃ​អាណត្តិ​ទី​៦​ថា ប្រសិទ្ធភាព​ការងារ​សភា​ឯក​បក្ស​មានការ​ធ្លាកចុះ បើ​ធៀប​ជាមួយ​សភា​ពហុបក្ស ។ រដ្ឋសភា​ច្រានចោល​របាយការណ៍​នេះ ក្រោម​ហេតុថា ការវាយតម្លៃ​គ្មាន​ការវាស់ស្ទង់​ត្រឹមត្រូវ​។​

 
​ខុមហ្វ្រែល បាន​សង្កេតឃើញថា សកម្មភាព​នៃ​ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ ក្នុង​បំណង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ការពង្រឹង​ផ្ទៃក្នុង​គណបក្ស​ដោយ​អមដំណើរ​ថ្នាក់ដឹកនាំ គឺ​ផុសផុល​ខ្លាំង ប៉ុន្តែ​សកម្មភាព​ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ជាពិសេស​ទំនាស់​ដីធ្លី​នោះ មិនសូវមាន​តំណាងរាស្ត្រ​ខ្នះខ្នែង ឬ​យកចិត្តទុកដាក់​ដោះស្រាយ​នោះទេ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ជារួម​នៅ​ឆ្នាំ​ទី​១​នៃ​នីតិកាល​ទី​៦​នេះ ខុមហ្វ្រែល​បាន​សង្កេតឃើញថា ប្រសិទ្ធភាព​សភា​ឯក​បក្ស​មានការ​ធ្លាក់ចុះ បើ​ធៀប​ជាមួយ​រដ្ឋសភា​ដែល​ធ្លាប់មាន​ពហុបក្ស​។ ការធ្លាក់​ចំ​នៃ​រដ្ឋសភា​ឯក​បក្ស​នេះ​ព្រោះ​មិនឃើញ​មាន​ការចេញលិខិត​អន្តរាគមន៍​របស់​តំណាងរាស្ត្រ មិនឃើញ​មាន​អ្នកតំណាងរាស្ត្រ​និយាយ​ពី​ភាព​អសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ សកម្មភាព​សួរដេញដោល​លើ​ការអនុវត្ត​ច្បាប់ និង​សេចក្តីស្នើច្បាប់​នៅក្នុង​សម័យប្រជុំ​សភា​ផងដែរ​»​។​
 
​លោក ឡេង ប៉េងឡុង ច្រានចោល​របាយការណ៍​ខុមហ្វ្រែល​នេះ​ថា ជាការ​វាយតម្លៃ​ដោយ​គ្មាន​ការវាស់ស្ទង់​ត្រឹមត្រូវ​។ អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាងថា សកម្មភាព​របស់​តំណាងរាស្ត្រ​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន​នានា មិនមែន​ត្រឹមតែ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ប៉ុន្តែ​ក៏មាន​ការដោះស្រាយ​បញ្ហា​ជា​បន្តបន្ទាប់​ដែរ ដូចជា​ករណី​ដីធ្លី និង​ជា​ស្ដែង​ករណី​កម្ពុ​ជាមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ជាដើម​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឡេង ប៉េងឡុង បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​តំណាងរាស្ត្រ​) ចុះ​ធ្វើ​ការជួយ​ប្រជាជន​ច្រើនណាស់ មិន​ដូច​ខាង​ខុមហ្វ្រែល​និយាយ​នោះទេ​។​
 
​របាយការណ៍​ខុមហ្វ្រែល បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​ទី​១ អាណត្តិ​ទី​៦ រដ្ឋសភា​បានរៀបចំ​កិច្ចប្រជុំ​ចំនួន​១១​ដងដោយ​សម្រេចបានរ​បៀ​ប​វារៈ​ចំនួន​២៩ ។ ក្នុង​របៀបវារៈ​ដែល​បាន​ពិភាក្សា និង​អនុម័ត​ភាគច្រើន គឺ​សេចក្តីព្រាងច្បាប់​មាន​ចំនួន​១១ រួមមាន​ការអនុម័ត​ច្បាប់​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ និង​អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៩ ។ រដ្ឋសភា​ក៏បាន​អនុម័ត​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ធំៗ ចំនួន​៣ ដោយ​ឯក​បក្ស​ផងដែរ ក្នុងនោះ​រួមមាន​ច្បាប់​គណបក្សនយោបាយ និង​ច្បាប់បោះឆ្នោត​ចំនួន​២​ទៀត​។​
​ខុមហ្វ្រែល បាន​មើលឃើញថា រាល់ពេល​ប្រជុំ​អនុម័ត​ច្បាប់​នានា តំណាងរាស្ត្រ​ភាគច្រើន​ឡើង​បញ្ចេញ​មតិយោបល់ ប៉ុន្តែ​មិនសូវ​ឃើញ​តំណាងរាស្ត្រ​ណា​ម្នាក់​ជំទាស់ រិះគន់​ឬ​សួរដេញដោល​ស៊ីជម្រៅ​ឡើយ ផ្ទុយ​មកវិញ​គឺមាន​តែ​កោតសរសើរ និង​គាំទ្រ​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​
 
​ចំពោះ​បញ្ហា​អនុម័ត​ច្បាប់​វិញ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា តំណាងរាស្ត្រ​មិនសូវ​សួរដេញដោល​នោះ ដោយសារ​ច្បាប់​នីមួយៗ មានការ​ពិនិត្យ និង​យល់​ស្របគ្នា​អស់ហើយ​។ «​តាមពិត​(​តំណាងរាស្ត្រ​) បាន​ពិភាក្សាគ្នា​រួច​អស់​ទៅហើយ ប៉ុន្មាន​ដំណាក់កាល គឺថា​គណៈកម្មាធិការ​ស​ភា​ពិភាក្សា​ផ្ទៃក្នុង អន្តរ​គណៈកម្មការ ពិភាក្សា​ជាមួយ​រដ្ឋាភិបាល លិខិត​ស្តីពី​ស្នើ​ហេតុ ពិភាក្សា​ចប់សព្វគ្រប់​អស់ហើយ ទើប​សភា​បញ្ជូនទៅ​សភា​ប្រជុំ​ពេញអង្គ ទើប​អត់​មានអី​ដេញដោល​ទេ​។ ដូច្នេះ​អ្វីដែល​គាត់​(​ខុមហ្វ្រែល​)​ថា​នេះ គឺ​គាត់​អង្គុយ​នៅលើ​តុ មើល​តាម​កុំព្យូទ័រ ប្រើ​អ៊ីនធឺណិត​ហ្នឹង ម៉េច​គាត់​ដឹង​ការពិត គាត់​ចេះតែ​ថា​ហ្នឹង​»​។​
 
​ដ្បិត​អ្នកនាំពាក្យ​ព្យាយាម​បកស្រាយ​ការពារ​តំណាងរាស្ត្រ​សភា​ក្តី ប៉ុន្តែ​ខុមហ្វ្រែល មើលឃើញថា សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា មិនទាន់​ផុសផុល​ឡើយ ពោលគឺ​មានតែ​ការហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​សាកសួរ​តែម្ដង​គត់ នៅ​ឆ្នាំ​ទី​១​នេះ​។ ចំពោះ​ការសាកសួរ​នេះ​ទៀតសោត តំណាងរាស្ត្រ​មិន​បានឱ្យ​រដ្ឋមន្ត្រី បកស្រាយ​អំពី​សកម្មភាព​កន្លងមក ដែល​មតិ​ជាតិ និង​អន្តរជាតិ​យល់ថា មាន​ភាពអយុត្តិធម៌​នៅ​កម្ពុជា​ទេ បែរជា​ឱ្យ​រដ្ឋមន្ត្រី​ជួយ​បំភ្លឺ​អំពី​ការងារ​ដែល​សម្រេចបាន និង​ផែនការ​ទៅ​ថ្ងៃ​ខាងមុខ​វិញ​។​
 
«​មួយវិញទៀត ការយក​ទុកដាក់​ចំពោះ​ពលរដ្ឋ​ដោយ​ជួយ​ខ្នះខ្នែង​ការពារ​យុត្តិធម៌ ការពារ​ផលប្រយោជន៍ និង​ភាពជា​តំណាង​ក្នុង​កិច្ចការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ដែលជា​ការងារ​ចម្បង​របស់​តំណាងរាស្ត្រ​ត្រូវ​យកចិត្តទុកដាក់​បំផុត​នោះ ខុមហ្វ្រែល​សង្កេត​មិនទាន់​ឃើញថា មាន​អ្នកតំណាងរាស្ត្រ​ណា​ម្នាក់​ចេញ​លិខិត​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នូវឡើយ​ទេ បើទោះបីជា​ប្រជាពលរដ្ឋ​ទាំងនោះ ទាមទារ​សុំ​អន្តរាគមន៍​រក​យុត្តិធម៌​ក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ខុមហ្វ្រែល​។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា ទោះ​មាន​បក្សប្រឆាំង ក៏​មិនដែល​ហៅ​រដ្ឋមន្ត្រី​មក​សាកសួរ​ច្រើន​ដែរ​។ ចំណែក​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ​នោះ លោក ឡេង ប៉េងឡុង បាន​សង្កត់ធ្ងន់ថា ខាង​តំណាងរាស្ត្រ ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​ដោះស្រាយ​នៅ​មូលដ្ឋាន​ផង និង​នៅ​សភា​ផង​តាមរយៈ​ការបង្កើត​ច្បាប់ ដូច្នេះ​ទើប​មិនចាំបាច់​មាន​តំណាងរាស្ត្រ​ណា ចេញមុខ​អន្តរាគមន៍​។ 
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ឆ្លើយតប​អី​ទេ ព្រោះ​វា​ជា​សិទ្ធិ​របស់​សមាជិកសភា ដែល​គាត់​មាន​បុព្វសិទ្ធិ​កោះហៅ​រដ្ឋមន្ត្រី​មក ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាបជូន​ថា កាលពី​មាន​គណបក្សប្រឆាំង ក៏​មិនឃើញ​មាន​(​កោះហៅ​រដ្ឋមន្ត្រី​)​ច្រើន​ដែរ យ៉ាង​១​នាក់ ឬ​២​នាក់​តែ​ប៉ុណ្ណឹង​។ ទី​២ ប្រហែលជា​គាត់​(​តំណាងរាស្ត្រ​)​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន គាត់​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​បាន​មួយចំនួន​ហើយ ហើយ​បើ​នៅមាន​បញ្ហា​មិនទាន់​ដោះស្រាយ​ទៀត ក៏ត្រូវ​ដោះស្រាយ​បណ្ដើៗ​ទៀត ហើយ​ចំពោះ​បញ្ហា​ហ្នឹង​ខ្ញុំ​ឃើញថា មិនមាន​ភាពប្រក្រតី​អី​ទេ​»​។​
 
​បើតាម​លោក ឡេង ប៉េងឡុង រដ្ឋសភា​ក៏បាន​ទទួលបាន​សំណើរ និង​បណ្ដឹង​ពី​ពលរដ្ឋ​ឱ្យជួយ​ដោះស្រាយ​បញ្ហា​ពួកគេ​ដែរ​។​
​ក្នុង​ឆ្នាំ​ទី​១ នៃ​នីតិកាល​ទី​៦​នេះ តំណាងរាស្ត្រ​៥៥​រូប ក្នុងចំណោម​១២៥​នាក់ បាន​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ ចំនួន​១០៤១​លើក ។ បើ​គិត​ជា​មធ្យម​តំណាងរាស្ត្រ​ម្នាក់ ចុះ​ជួប​ពលរដ្ឋ​១៩​លើក ។ តំណាងរាស្ត្រ​ដែល​ចុះ​បេសកកម្ម​ទាំងនេះ មាន​ចំនួន​ជាង​អាណត្តិ​ទី​៥​។ នេះ​បើតាម​របាយការណ៍​ខុមហ្វ្រែល​៕

Tag:
 នយោបាយ​
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com