Vitor Belfort និង Mike Tyson លុកលុយ​នៅ​សង្វៀន​កីឡាកាស AEW Dynamite
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Vitor Belfort និង Mike Tyson លុកលុយ​នៅ​សង្វៀន​កីឡាកាស AEW Dynamite
30, May 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
 
​វា​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​និង​ជា​ពេល​ដ៏​មមាញឹក​សម្រាប់​កីឡាករ Vitor Belfort​។​ លើក​ទី​១ តារា​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE Championship បាន​ចូលរួម​នៅ​សង្វៀន​កីឡាកាស All Elite Wrestling’s Double Or Nothing ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ដែល​រៀបចំ​នៅ​ក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​កាល​ថ្ងៃ​សៅរ៍​ទី ២៣ ឧសភា កន្លងទៅ​។ ហើយ​បន្ទាប់មក ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​ប្រេ​ស៊ី​ល​បាន​ហ្វឹកហាត់​និង​ធ្វើ​លំ​ហាត់ប្រាណ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ Heavyweight Boxing World Champion ច្រើន​សម័យកាល​ត្រូវជា​មិត្ត​ភ័ក្ដិ គឺ “Iron” Mike Tyson​។ 

 
​នា​យប់​នេះ​វីរបុរស​ប្រដាល់ និង គុន​ចម្រុះ​បានធ្វើ​ដំណើរ​ទៅ​ភាគ​ខាងជើង Florida ដើម្បី​ចូលរួម​សង្វៀន​កីឡាកាស AEW Dynamite​។ នៅ​សង្វៀន​នោះ​ជាទី​ដែល​វីរបុរស​ប្រដាល់ Tyson ឈ្លោះ​គ្នា​ទល់នឹង​វីរបុរស​កីឡាកាស​នៅ​ចំ​កណ្ដាល​សង្វៀន​តែម្ដង​។​
 
​នា​គ្រានោះ អតីត​ម្ចាស់​ខ្សែក្រវាត់ AEW World Champion កីឡាករ Chris Jericho បាន​ឈរ​នៅលើ​រេញ​ទល់មុខ​គ្នា​ដោយ​កាន់​ម៉ាក្រូ​ហ្វូ​ន ហើយ​រូបគេ​បញ្ចេញ​កំហឹង​ចង់​សងសឹក​តតាំង​នឹង​វីរបុរស​ប្រដាល់ Tyson បន្ទាប់ពី​Tyson  បាន​ផ្ដួល​រូបគេ​ឲ្យ​សន្លប់​កាល​ខែ មករា ឆ្នាំ​២០១០​។ ពេលនោះ​ក៏​ធ្វើ​ឲ្យ​វីរបុរស​ប្រដាល់​រូបនេះ​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ហើយ​នៅលើ​រេញ​អមដោយ​វីរបុរស​គុន​ចម្រុះ Belfort, “Sugar” Rashad Evans, និង Henry Cejudo ទៀតផង​។ 
 
​ក្នុងឱកាស​ទល់មុខ​ដា​ក់​គ្នា​នោះ Jericho បានទាមទារ​ឲ្យ Tyson សូមទោស​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង​កាល ១០ ឆ្នាំមុន ប៉ុន្តែ បុរស​វ័យ​៥៣​ឆ្នាំ​រហស្សនាម "Iron Mike”  មិន​ធ្វើតាម​ការទាមទារ​ឡើយ ហើយ​ថែមទាំង​ឆ្លើយតប​ជាមួយ​ការ​ច្រាញ​ដើមទ្រូង​ទៅវិញ​។ រំពេច​នោះ ពួកគេ​បាន​ប្រទូសរ៉ាយ​មួយ​ប្រាវ​នៅលើ​សង្វៀន AEW មុនពេល​មានការ​អន្តរាគមន៍​ជា​ហូរហែ​។ 
 
Belfort និង​អ្នក​នៅក្បែរ​នោះបាន​រារាំង Mike Tyson ប៉ុន្តែ​ជម្លោះ​ពាក្យសម្ដី និង​កាយវិការ​ច្រងេងច្រងាង​នៅតែ​កើតឡើង​ទោះ​អ្នក​ទាំងពីរ​ត្រូវបាន​ទាញ​ឲ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​ក្ដី​៕

© រក្សាសិទ្ធិដោយ thmeythmey.com