សង្គមអន្តរជាតិ
អន្តរជាតិ
សាកលវិទ្យាល័យមួយនៅអាមេរិក ផ្តល់បណ្ឌិតកិត្តិយសដល់សុនខឈ្មោះ Moose
× មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យ Virginia Tech នៅសហរដ្ឋអាមេរិក បានប្រារព្ធពិធីប្រគល់សញ្ញាបត្ររបស់ខ្លួនប្រចាំឆ្នាំ២០២០តាមអនឡាញ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ សុនខមួយក្បាលស្ថិតក្នុងចំណោមជ័យលាភីដែលត្រូវទទួលសញ្ញាបត្របណ្ឌិតកិត្តិយស។
Moose អាយុ៨ឆ្នាំ ត្រូវបានចាត់ទុកជាសុនខមួយក្បាលដែលបានរួមចំណែកក្នុងការព្យាបាលនៅមជ្ឈមណ្ឌល Cook Counseling Center។ មានវត្តមាននៅសាកលវិទ្យាល័យ Virginia Tech ចាប់តាំងពីឆ្នាំ២០១៤មក Moose ស្ថិតក្នុងចំណោមសត្វ៤ក្បាល ដែលតួនាទីជាទូតនៃសុខភាពផ្លូវចិត្តប្រចាំសាលា។
ជាមួយនឹងការចូលរួមក្នុងការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍កម្សាន្ត រួមទាំងការតម្រង់ទិសនិស្សិតថ្មី Moose ក៏បានជួយដល់និស្សិតក្នុងការទប់ទល់ភាពតប់ប្រមល់ តានតឹង កំហឹង និងវិបត្តិផ្លូវចិត្តផ្សេងៗ។ បើតាមលោក Trent Davis ដែលជាម្ចាស់ និងជាទីប្រឹក្សាដែលមានអាជ្ញាបណ្ណ សុនខមួយក្បាលនេះ បានជួយដល់និស្សិតរាប់ពាន់នាក់ និងចូលរួមក្នុងកម្មវិធីប្រឹក្សាយោបល់ជាង៧៥០០លើក។
លោក Davis ដែលបម្រើការនៅ Cook Counseling Center អស់រយៈពេល១០ឆ្នាំមកហើយនោះ បានផ្តួចផ្តល់កម្មវិធីវេជ្ជសាស្ត្រសត្វ ដើម្បីជួយដល់និស្សិតដោះស្រាយបញ្ហាតានតឹងផ្លូវចិត្ត។ លោកបានប្រាប់ CNN ថា៖ «មនុស្សខ្លះមិនមានបទពិសោធន៍ដោះស្រាយបញ្ហាជាមួយមនុស្សផ្សេងឡើយ ប៉ុន្តែពេលខ្លះអាចទៅរួចជាមួយសត្វ។ Moose ពិតជាបានផ្តល់ការប្រឹក្សាដ៏មានសុវត្ថិភាព»។
បច្ចុប្បន្ន សុនខ៤ក្បាល ត្រូវបានចាត់ទុកជាភ្នាក់ងារព្យាបាលដ៏សក្តិសិទ្ធ និងជាទីស្រឡាញ់របស់និស្សិតនៅ Virginia Tech ប៉ុន្តែ Moose មានលក្ខណៈពិសេសលើសគេ ដោយបន្ថែមពីលើសញ្ញាបត្របណ្ឌិតកិត្តិយសដែលទើបទទួលបាន សុនខរូបនេះ ក៏បានទទួលពាន Virginia Verinary Medical Associations’s Animal Hero Award កាលពីឆ្នាំ២០១៩ ផងដែរ៕
Tag:
សុនខ
បណ្ឌិតកិត្តិយស
© រក្សាសិទ្ធិដោយ thmeythmey.com