ជាតិ
​រកឃើញ​១​ករណី​ទៀត លើ​បុរស​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ថៃ ខណៈអ្នកជំងឺម្នាក់បានសះស្បើយ
30, May 2020 , 8:17 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី ៣០ ឧសភា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 មួយ​ករណី​ទៀត ដោយ​អ្នកជំងឺ​ជា​បុរស​ខ្មែរ​វ័យ​២៦​ឆ្នាំ រស់នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចូលរួម​សិក្ខាសាលា​នៅ​ប្រទេស​ថៃ​។ ក្នុង​សេចក្ដីប្រកាស​ដដែល ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ដែរថា ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក បច្ចុប្បន្ន​បាន​ព្យាបាល​ជាសះស្បើយ និង​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។


​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​រៀបរាប់​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ថា​៖ «​បុរស​ជនជាតិខ្មែរ​ដែ​ល​ជា​ករណី​ទី​១២៥​នេះ បាន​ទៅ​ចូលរួម​សិក្សា​សាសនា​មួយ នៅ​សាលា​មួយ​នៃ​ខេត្ត​យ៉ា​ឡា​ក្នុងប្រទេស​ថៃ ហើយ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ដោយបាន​ធ្វើដំណើរ​តាម​រថយន្ត​ទេសចរណ៍ ១២​កៅអី រហូតមកដល់​ច្រកចូល​អូរ​បី​ជាន់ រួច​បាន​ឆ្លង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​២៨ ឧសភា​។ បុរស​រូបនេះ ត្រូវបាន​គ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន នៅ​ថ្ងៃទី​២៩ ឧសភា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​
 
​បើតាម​លោកស្រី ឱ វណ្ណឌី​ន បុរស ៨​នាក់​ផ្សេងទៀត មាន​តេស្ដ​អវិជ្ជមាន និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ខេត្ត​។ ចំណែកឯ​បុរស​ម្នាក់ទៀត កំពុង​រង់ចាំ​យក​វត្ថុ​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់​ឡើងវិញ និង​ត្រូវ​បានដាក់​ឲ្យ​តាមដាន​នៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​។
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អ្នក​ឆ្លង COVID-19 សរុប​១២៥​នាក់ ដោយ​១២៣​នាក់​បានជា​សះស្បើយ និង​នៅសល់​ករណី​២​ទៀត​។ កាលពី​ថ្ងៃទី​២៣ ក្រសួង​បានប្រកាស​ពី​ករណី​ទី​១២៤​ដែលជា​ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ទើប​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក និង​ឆ្លងកាត់​កូរ៉េខាងត្បូង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com