ភ្នំពេញ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សានិងស្វែងរកទីតាំង ដាក់អ្នកទោសឲ្យនៅក្រៅឃុំ ដែលហៅថា ការអនុវត្តទោសសហគមន៍ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ តែអ្នកទោស ដែលអាចឲ្យទៅរស់នៅក្នុងសហគមន៍ គឺជាអ្នកទោសកម្រិតស្រាល និងជាអ្នកទោស ដែលអនុវត្តទោសជិតចប់។
ការចង្អៀតណែនក្នុងពន្ធនាគារ ធ្វើឲ្យរដ្ឋាភិបាលចំណាយថវិកាច្រើន ហើយបញ្ជាក់ពីភាពអសកម្ម រួមទាំងបញ្ហាសិទ្ធិមនុស្សទៀតផង។ ក្នុងពិធីផ្សាព្វផ្សាររបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ កាលពីទី២៧ ខែឧសភា ឆ្នាំ២០២០ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ប្រកាសគាំទ្រចំណាត់ការរបស់ក្រសួងយុត្តិធម៌ លើការដោះស្រាយការកកស្ទះសំណុំរឿង និងការដោះលែងអ្នកទោស ដោយអនុវត្តទោសសហគមន៍។
សម្តេច មានប្រសាសន៍ថា អ្នកដែលត្រូវដោះលែងឲ្យនៅក្រៅឃុំនេះ គឺស្ថិតក្រោមការឃ្លាំមមើលពីអាជ្ញាធរ ប៉ុន្តែបញ្ហានេះគឺពិបាកគ្រប់គ្រង។ សម្ដេច ថ្លែងថា៖«ឧបមាថា យើងសម្រាលបន្ធូរបន្ថយទោសបាន១ម៉ឺននាក់។ ១ម៉ឺននាក់ហ្នឹង មិនមែនទៅមួយខេត្តឬពីខេត្តទេ គឺរាយគ្រប់ទីកន្លែង។ អ៊ីចឹងហើយពេលហ្នឹង យើងនឹងធ្វើបញ្ជីឲ្យបានជាក់លាក់ដើម្បីប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងហ្នឹង។ យើងក៏កំពុងរកមធ្យោបាយផ្សេងទៀត ដើម្បីជួយដល់អ្នកគ្រប់គ្រង ដល់អ្នកដែលត្រូវបានដោះលែងបន្ធូបន្ថយ ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់មានមធ្យោបាយអីទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២៩ ខែឧសភានេះថា ក្រសួងនឹងសាកល្បងអនុវត្តទោសសហគមន៍ ដើម្បីសិក្សាពីផលវិជ្ជមាននិងអវិជ្ជមានថា «តើអាចដំណើរការបានឬយ៉ាងណា»។
លោក បញ្ជាក់ថា៖«ការអនុវត្តទោសសហគមន៍នេះ យើងកំពុងសិក្សាមើលដើម្បីរៀបចំយន្តការ។ អ៊ីចឹងទេ យើងអាចយកតំបន់ណាមួយ ធ្វើជាគម្រោងសាកល្បង។ ប៉ុន្តែវាស្ថិតក្នុងគម្រោងសិក្សានៅឡើយទេ»។
លោក បន្តថា បើដំណើរការសាកល្បងនេះ ប្រព្រឹត្តទៅល្អ ក្រសួងយុត្តិធម៌ នឹងដំណើរការបន្តទៀត។ លោក ជិត ម៉ាលីន លើកពីបញ្ហាប្រឈមថា អាចនឹងមានការរើសអើងនិងបង្កហិង្សា ដោយសារពលរដ្ឋមិនយល់ដឹងច្បាស់ពីយន្តការថ្មីនេះ។
ចំនួនអ្នកទោសដែលត្រូវដាក់អនុវត្តទោសសហគមន៍ និងដាក់ចំនួនប៉ុន្មាននាក់ក្នុងមួយសហគមន៍ លោក ជិត ម៉ាលីន មិនទាន់ដឹងឡើយ ដោយលោក បកស្រាយថា គឺតុលាការ ជាអ្នកសម្រេច។ ម្យ៉ាងទៀត ការអនុវត្តទោសសហគមន៍ នឹងចាប់ផ្តើមនៅពេលណា ហើយយកទីតាំងណាខ្លះ សម្រាប់អនុវត្តទោសសហគមន៍ ក៏លោក មិនទាន់អាចបញ្ជាក់បានដែរ។
លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចប់កម្មវិធីផ្សាព្វផ្សាររបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ ថា ការដោះលែងនេះ គឺចំពោះតែអ្នកទោសដែលជិតបញ្ចប់ការអនុវត្តទោស រួមទាំងមានទោសកម្រិតស្រាលប៉ុណ្ណោះ។
លោក មេធាវី សុក សំអឿន យល់ថា ការអនុវត្តទោសសហគមន៍ចំពោះអ្នកមានទោសកម្រិតស្រាលនេះ ធ្វើឲ្យរដ្ឋាភិបាលចំណេញថវិការលើការមើលថែទាំ និងមិនចាំបាច់សាងសង់កន្លែងឃុំឃាងបន្លែម។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ បង្ហាញពីផលវិជ្ជមានថា អ្នកទោសនៅក្រៅឃុំក៏អាចប្រកបមុខរបរ ដោះស្រាយជីវភាពគ្រួសារទៀតផង។
របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។ អ្នកជាប់ឃុំភាគច្រើន គឺពាក់ព័ន្ធនឹងគ្រឿងញៀន។
កន្លងមក អង្គការសង្គមស៊ីវិលនានា តែងអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយភាពកកស្ទះក្នុងពន្ធនាគារនេះ។ រដ្ឋាភិបាល ក៏ទទួលស្គាល់ដែរថា ពន្ធនាគារកម្ពុជា ពិតជាមានភាពកកស្ទះ ដោយសារតែអ្នកជាប់ឃុំ កើនឡើងច្រើន៕