កីឡាជាតិ
អន្តរជាតិ
RICE វិធីសាស្ត្រព្យាបាលការថ្លោះ គ្រិច ហើមសម្រាប់អ្នកលេងកីឡាអាជីព និងទូទៅ
× នៅក្នុងកីឡាគ្រប់ប្រភេទ កីឡាករ កីឡាការិនីតែងតែជួបប្រទះរបួសស្រាល ឬធ្ងន់ ទោះជាក្នុងអំឡុងពេល ឬក្រោយការហ្វឹកហាត់ និងប្រកួតក៏ដោយ។ មិនថាកីឡាករអាជីពនោះទេ សូម្បីតែអ្នកលេងកីឡាដើម្បីសុខភាពក៏នឹងជួបបញ្ហារបួសដូចគ្នាដែរ។
សម្រាប់អ្នកលេងកីឡាភាគច្រើន មិនថាបាល់ទះ បាល់ទាត់ និងវាយសីជាដើមនោះទេ តែងតែរងរបួសត្រង់កជើង ឬត្រង់កន្លែងផ្សេងទៀត។ អាការបែបនេះ គ្រូពេទ្យនឹងផ្តល់យោបល់ឲ្យប្រើវិធីសាស្ត្រ ដោយឲ្យអ្នករងរបួសសម្រាក ស្អំទឹកកក រុំឬរឹតឲ្យតឹងល្មម និងកល់ឲ្យខ្ពស់ត្រង់កន្លែងដែលឈឺនៅពេលសម្រាក។
វិធីព្យាបាលក្នុងដំណាក់កាលដំបូងនេះគេឲ្យឈ្មោះថា RICE។ វិធីសាស្ត្រ RICE គឺជាបច្ចេកទេសថែទាំខ្លួនឯងសាមញ្ញៗដែលជួយកាត់បន្ថយការហើម បំបាត់ការឈឺចាប់ និងបង្កើនល្បឿនព្យាបាលឲ្យឆាប់ជាផងដែរ។
RICE មកពីពាក្យផ្សំ ហើយតួអក្សរនីមួយៗមានពាក្យពេញរបស់វាដូចខាងក្រោម៖
R = Rest = សម្រាក
I = Ice = ទឹកកក (ស្អំ)
C = Compression = រឹត (រុំ រឹតកន្លែងហើមតឹងល្មម)
E = Elevation
= លើកអោយខ្ពស់ (កល់ លើកកន្លែងដែលឈឺឲ្យខ្ពស់នៅពេលសម្រាក)
អ្នកអាចព្យាបាលរបួសស្រាលដោយប្រើវិធីសាស្ត្រ RICE នេះនៅផ្ទះខ្លួនឯងបាន ប្រសិនបើអ្នករងរបួសត្រង់ជង្គង់ កជើង កែងជើង ឬកដៃបន្ទាប់ពីលេងកីឡារួច។ ប៉ុន្តែប្រសិនបើអ្នកមានការឈឺចាប់ ឬហើមកាន់តែធ្ងន់ធ្ងរសូមទៅជួបគ្រូពេទ្យជាបន្ទាន់។ វិធីសាស្ត្រព្យាបាលនេះ ត្រូវបានកីឡាករអាជីពទូទាំងពិភពលោកអនុវត្តមកទល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com