ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អភិបាលខេត្ត​កំពង់ធំ​៖ ប្រព័ន្ធធារាសាស្ត្រ និង​ទីផ្សារ បាន​រារាំង​ដល់​ការលូតលាស់​វិស័យ​កសិកម្ម
30, May 2020 , 8:30 pm        
រូបភាព
​ភ្នំពេញ​៖ ប្រព័ន្ធធារាសាស្ត្រ ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការធ្វើ​កសិកម្ម ការដាំដុះ និង​ចិញ្ចឹមសត្វ​របស់​ប្រជាកសិករ​។  អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ អះអាងថា កំពង់ធំ​ជា​ខេត្ត ដែលមាន​សក្ដានុពល ខាង​វិស័យ​កសិកម្ម ប៉ុន្តែ​កង្វះ​ប្រព័ន្ធធារាសាស្ត្រ និង​ទីផ្សារ គឺជា​ការរាំងស្ទះ​ដល់​ល្បឿន​អភិវឌ្ឍ​វិស័យ កសិកម្ម​ខេត្តកំពង់ធំ​។

​សូម​អញ្ជើញ​ស្ដាប់​ការរៀបរាប់​របស់លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ដូចតទៅ​៖

 
«​ការរាំងស្ទះ​នៃ​ល្បឿន​កសិកម្ម គឺ​គ្មានអ្វី​ក្រៅពី​ធារាសាស្ត្រ​ទេ​។ បើ​អត់​ធារាសាស្ត្រ​ហើយ កសិកម្ម​ទៅ មិន​រួច​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សុខ លូ  កាលពី​ថ្ងៃទី​២៧ មិថុនា ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពង់ធំ​» ដោយ​បន្តថា ខេត្តកំពង់ធំ មាន​ទស្សនវិស័យ​បន្ថែម​ទំនប់ ប្រឡាយ និង​ជីក​ស្រះ ជូន​ប្រជាកសិករ​បន្ថែម ដើម្បី​មានទឹក ស្រោក​ដំណាំង​បាន​គ្រប់គ្រាន់​។ 
 
​លោក សុខ លូ ក៏​បញ្ជាក់ដែរថា បញ្ហា​ទីផ្សារ ក៏​ជា​កត្តា​រាំងស្ទះ​ចំណែក​ដល់​វិស័យ​កសិកម្ម ខេត្តកំពង់ធំ​ដែរ​។ លោក​បន្ថែមថា​៖ «​បើ​យើង​ផលិត​ហើយ បាន​ផល​ច្រើន​មិនដឹង​យកទៅ​ណា នោះ​មិនដឹង​ធ្វើ​ដើម្បី​អ្វី​ទេ​។ ចំណុច​នេះ​ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​រក​ទីផ្សារ​កសិកម្ម ជូន​កសិករ​»​។​
 
​ទោះបី​ខេត្តកំពង់ធំ មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម​ក៏ពិតមែន ប៉ុន្ដែ​អភិបាលខេត្ត​រូបនេះ បាន​បញ្ជាក់ថា ខេត្ត​មិនទាន់មាន​រោងចក្រ​កែច្នៃ​ផលិតផល​សម្រេច​នៅឡើយ ពោល​នៅពេល​ប្រមូល​ផល​បាន​ម្ដងៗ បន្ទាប់ពី​លក់ដូរ​ក្នុង​តំបន់​ហើយ​នោះ ប្រជាកសិករ បាន​លក់​ឲ្យ​ឈ្មួញ​ដើម្បី​នាំ​ចេញទៅ​ប្រទេសជិតខាង ដែលមាន​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ជាដើម​៕ 
 

Tag:
 VDO
 ​ កសិកម្ម​
 ​ កំពង់ធំ​
 ​ប្រព័ន្ធធារាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com