COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
អធិការបតីអាល្លឺម៉ង់ មឺហ្គែល បដិសេធការអញ្ជើញចូលរួមជំនួប G7 ដោយផ្ទាល់នៅអាមេរិក អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ជជែកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
× អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នឹងមិនចូលរួមជំនួបមេដឹកនាំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅអាមេរិកឡើយព្រោះបារម្ភពីស្ថានភាពជំងឺ COVID-19 ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្ទាប់ពីមានការផ្សាយពីការបដិសេធសំណើអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមេដឹកនាំអាល្លឺម៉ង់។ ជំនួបទល់មុខនេះ ត្រូវបានលោក ត្រាំ គ្រោងធ្វើនៅសេតវិមាន និងនិវេសនដ្ឋាន Camp David ក្បែររដ្ឋធានីវ៉ាស៊ីនតោន។
ជំងឺ COVID-19 បង្ខំឲ្យអាមេរិកដែលជាប្រធានប្ដូរវេនក្រុមប្រទេសជឿនលឿនទាំង៧ (G7) ប្ដូររបៀបប្រជុំដែលគ្រោងធ្វើនៅនិវេសនដ្ឋាន Camp David ក្នុងរដ្ឋ Maryland ទៅជាជំនួបតាមប្រព័ន្ធអនឡាញវិញ សំដៅបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ។ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បែរជាបង្ហាញបំណងរៀបចំជំនួប G7 ទល់មុខឡើងវិញ ដោយមានសេតវិមានជាទីប្រជុំធំ ហើយកម្មវិធីខ្លះធ្វើនៅ Camp David ។
យ៉ាងណាមិញ មេដឹកនាំប្រទេសសមាជិក G7 ម្នាក់ចេញមុខមិនទៅអាមេរិកហើយ។ អធិបការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានបដិសេធការអញ្ជើញរបស់លោក ត្រាំ ដើម្បីចូលរួមជំនួបទល់មុខនៅអាមេរិកដោយសារវិបត្តិ COVID-19 ។
«មកត្រឹមថ្ងៃនេះ ដោយពិចារណលើស្ថានភាពជំងឺទូទៅ អ្នកស្រីមិនអាចយល់ព្រមដើម្បីចូលរួមដោយផ្ទាល់ឡើយក្នុងដំណើរទៅកាន់វ៉ាស៊ីនតោនឡើយ។» នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់នៅថ្ងៃទី៣០ ខែឧសភា។ វាក៏ដូចគ្នានឹងព័ត៌មានដែលផ្សាយដោយសារព័ត៌មាន Politico ជុំវិញការបដិសេធរបស់អ្នកស្រី មឺហ្គែល ផងដែរ។ អ្នកនាំពាក្យដដែលបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់ អរគុណអាមេរិកចំពោះការអញ្ជើញនេះ។
ក្នុងវ័យ៦៥ឆ្នាំ អ្នកស្រី មឺហ្គែល ជាមេដឹកនាំចាស់ពីរក្នុងជួរមេដឹកនាំ G7 បន្ទាប់ពីលោក ត្រាំ ដែលមានអាយុ៧៣ឆ្នាំ។ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏មានអាយុ៦៥ឆ្នាំដែរ ប៉ុន្តែប្អូនអ្នកស្រី មឺហ្គែល ប៉ុន្មានខែ។ មេដឹកនាំទាំងបី ស្ថិតក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ងាយប្រឈមមុខការឆ្លងវីរុស។ អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា អ៊ីតាលី និងអង់គ្លេស ជាសមាជិក G7 ។
ខណៈអ្នកស្រី មឺហ្គែល ផ្ដល់ចម្លើយទេជាស្រេច មេដឹកនាំឯទៀតបានផ្ដល់សញ្ញាវិជ្ជមាន។ នៅថ្ងៃទី២៩ ខែឧសភា សេតវិមានប្រកាសថា លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ឯកភាពគ្នាពីសារសំខាន់ក្នុងការរៀបចំជំនួបទល់មុខ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ វិញធ្លាប់និយាយថា ជំនួបទល់ណាមួយ ត្រូវផ្ដល់អាទិភាពលើបញ្ហាសុខភាព ខណៈវិមាន Elysée ប្រកាសថា លោក អេម៉ានុយអែល ម៉ាក្រុង ក៏អាចទៅអាមេរិកដែរ បើលក្ខខណ្ឌសុខភាពអនុញ្ញាត៕
Tag:
អាល្លឺម៉ង់
អាមេរិក
G7
© រក្សាសិទ្ធិដោយ thmeythmey.com