ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
៨០ភាគរយនៃប្រជាជននៅខេត្តព្រះវិហារធ្វើកសិកម្ម ពិសេសស្រូវសរីរាង្គ
× ភ្នំពេញ៖ ប្រជាជនប្រមាណ៨០ភាគរយ នៅខេត្តព្រះវិហារធ្វើកសិកម្ម និងបង្កបង្កើនផលដំណាំរួមផ្សំកសិ-ឧស្សាហកម្មឈើហូបផ្លែ ពិសេសដំណាំស្រូវសរីរាង្គ។ ខេត្តព្រះវិហារមានសហគមន៍បង្កបង្កើនផលដំណាំស្រូវសរីរាង្គ ដែលធ្វើឲ្យទិន្នផលប្រមូលបានរបស់កសិករ មានទីផ្សារ និងតម្លៃសមស្រប។ លោក តោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បញ្ជាក់ដូច្នេះនៅក្នុងសន្និសីទកាសែត ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលព្រះវិហារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែឧសភា។
បើតាមលោកអភិបាលខេត្តដដែល ក្រុមហ៊ុនចំនួន៣ដូចជា ក្រុមហ៊ុនអេមរ៉ុរ៉ាយ, ក្រុមហ៊ុនស៊ិកណេតឈ័រអេហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយ បានចុះកុងត្រាពីសហគមន៍បង្កើនផលស្រូវសរីរាង្គចំនួន៣៤ ដែលផលិតផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន និងទទួលបានការធានាពីតម្លៃ និងទីផ្សារនាំចេញផងដែរ។
ក្នុងនោះសម្រាប់កសិករដែលមិនបានចូលជាសមាជិកសហគមន៍ផលិតស្រូវសរីរាង្គក៏អាចលក់ចេញទៅក្រៅ ដោយមានឈ្មួលជាច្រើនទៅប្រមូលទិញ ហើយមិនមានបញ្ហារាំងស្ទះ ក្នុងការរកទីផ្សារស្រូវទេ។ក្រៅពីស្រូវក្នុងខេត្តព្រះវិហារ ក៏មាននាំចេញផលិតផលកសិកម្មមួយចំនួនផ្សេងទៀតដូចជា ដំឡូងមី ពោត សណ្ដែកសៀង ចេក គ្រាប់ស្វាយចន្ទី ស្វាយ និងជ័រកៅស៊ូជាដើម។ នេះបើតាមលោក តោស៊ុំ ប៊ុនសឿត។
លោកក៏បានជំរុញឲ្យពលរដ្ឋធ្វើកសិកម្ម ពិសេសដំណាំចេក ដើម្បីកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាក់ស្រុកផងដែរ៕
Tag:
កសិកម្ម
ខេត្តព្រះវិហារ
ស្រូវសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com