ជាតិ
បទសម្ភាសន៍
ស្រុក​បន្ទាយស្រី​បង្កើត​«​ស្រះ​សហគមន៍​» និង​រំពឹងថា​អ្នកភូមិ​ត្រពាំងថ្ម​ជាង​២០០​គ្រួសារ​លែង​ខ្វះ​ទឹក​ប្រើ​
30, May 2020 , 10:59 pm        
រូបភាព
 រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
 សៀមរាប​៖ ភូមិ​ត្រពាំងថ្ម មាន​ភូមិសាស្ដ្រ​ស្ថិតនៅ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​។ ភូមិ​នេះ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​តំបន់​ប្រជុំជន និង​ជា​តំបន់​ដែល​ខ្សត់​ប្រភពទឹក​។ នា​រដូវប្រាំង​នេះ អ្នកភូមិ​នេះ​ដែលមាន​ជាង​២០០​គ្រួសារ បាន​ជួប​កង្វះខាត​ខ្វះ​ទឹក​ប្រើប្រាស់​។ ដោយ​មើលឃើញ​បញ្ហា​នេះ អភិបាលស្រុក​បន្ទាយស្រី​បាន​ចុះ​មូលដ្ឋាន​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បាន​បង្កើតជា​ស្រះ​សហគមន៍​ខ្នាត​ធំ​មួយ មាន​ទំហំ​៧០​គុណ​១២០​ម៉ែត្រ និង​ជម្រៅ​៦​ម៉ែត្រ​។ ស្រះ​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​ស្ដុក​ទឹកបាន​ប្រមាណ​៥​ម៉ឺន​ម៉ែត្រ​គីប និង​ស្ដុក​ទឹក​ប្រើប្រាស់​ខួប​ប្រាំង​និង​វស្សា​។ អភិបាលស្រុក​បន្ទាយស្រី រំពឹងថា​ស្រះ​សហគមន៍​នេះ​នឹង​អាច​ផ្លាស់ប្ដូរ​ជោគវាសនា​រប​ស់​អ្នកភូមិ​ត្រពាំងថ្ម ដែលជា​ភូមិ​ក្រីក្រ​ជាងគេ​ក្នុងស្រុក​មួយ​នេះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ដូចតទៅ​
 
 
 
​ភូមិ​ត្រពាំងថ្ម នៃ​ឃុំ​ឃុន​រាម មាន​ភូមិសាស្ដ្រ​ស្ថិតនៅ​ប៉ែក​ខាងលើ​នៃ​ភ្នំ​គូលែន ដូច្នេះ​ការ​ទាញ​រក​ប្រភពទឹក​គឺមាន​ការលំបាក ដែល​ប្រជាពលរដ្ឋ​នៅទីនេះ​ពឹង​ខ្លាំង​លើ​របប​ទឹកភ្លៀង​។ នៅ​ចុងខែ ឧសភា នេះ ចៅអធិការ​វត្ត​ព្រៃ​ជាំ បានផ្តល់​ដី​បរិវេណ​វត្ត​ចំនួន​១​ហិកតា សម្រាប់​ជីក​ស្រះ​ខ្នាត​ធំ​សម្រាប់​រក្សា​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ នេះ​ជា​ដំណោះស្រាយ​មួយផ្នែកធំ​សម្រាប់​ជួយ​សម្រាល​ការលំបាក​ដល់​អ្នកភូមិ​ត្រពាំងថ្ម ក្នុងនោះ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​កំពុង​កៀងគរ​ស្វែងរក សប្បុរសជន​ជួយ​ជីក​អណ្ដូង​ជម្រៅ​ជ្រៅៗ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដើម្បី​បុក​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​រំពឹងថា ភូមិ​នេះ​នឹង​រីកចម្រើន កែប្រែ​មុខមាត់​ថ្មី​ដូច​ភូមិ​ដទៃទៀត​ក្នុងស្រុក​បន្ទាយស្រី​៕
 




Tag:
 ស្រះ​សហគមន៍​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com