កីឡាជាតិ
ជាតិ
កីឡា​២៥​ប្រភេទ ត្រូវបាន​ចាត់ថ្នាក់​ជា​កីឡា​មាន​ហានិភ័យ​ខ្ពស់​
31, May 2020 , 8:30 am        
រូបភាព
លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជាពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
ដោយ:
 
​ការលេង​កីឡា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់រូប​មាន​សុខ​ភាពល្អ រាងកាយ​មាំមួន និង​ប្រាជ្ញា​ស្មារតី​រហ័សរហួន​។ ប៉ុន្តែ​កីឡា​គ្រប់​ប្រភេទ​សុទ្ធតែ​អាច​បង្ក​ហានិភ័យ​ដល់​អ្នកលេង​គ្រប់ពេលវេលា បើ​អនុវត្ត​មិន​ស្របតាម​ក្បួនខ្នាត​វិទ្យាសាស្ត្រ​កីឡា​។ អ្នកជំនាញ​បាន​បែងចែក​ហានិភ័យ​ក្នុង​កីឡា​ជា​បី​កម្រិត ទាប ធ​ម្យ​ម និង​ខ្ពស់​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ​។​

 
​លោក​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា​កម្ពុជា​បាន​និយាយថា គ្រប់​ប្រភេទ​កីឡា​ទាំងអស់​សុទ្ធតែ​អាច​បង្កបញ្ហា​ដល់​កីឡាករ បើ​ពួកគេ​លេង​ដោយ​ខ្វះ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​។ ក្នុង​វិស័យ​កីឡា​គេ​បែង​ចែង​ហានិភ័យ​ជា​បី​កម្រិត គឺ​ទាប មធ្យម និង​ខ្ពស់​។ 
 
​បើតាម​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​រូបនេះ កីឡា​ចំនួន​២៥​ប្រភេទ​ត្រូវបាន​គេ​ទុក​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កីឡាករ​កីឡាការិនី​ជាយថាហេតុ បើ​ពួកគេ​មានការ​ធ្វេសប្រហែស​។ 
 
​កីឡា​ទាំងនោះ​រួមមាន ប្រណាំង​កង់​, លោតទឹក​, រត់​ម៉ារ៉ាតុន​, បាល់ទះ​ក្នុង​ទឹក​, ចំបាប់​, ប្រដាល់​, យូ​ដូ​, កា​រ៉ា​តេ​, បាល់ទាត់​, បាល់ទាត់​ក្នុង​សាល​, ទ្រី​យ៉ា​ត្លុង​, ហែល​ទឹក​, តេ​ក្វាន់​ដូ​, លើក​ទម្ងន់​, រត់ប្រណាំង​, សី​ប៉ា​ក់តា​ក្រ​, គុន​មួយ​, បញ្ច​សីលា​, វ៉ូ​វី​ណា​ម​, សូ​រិ​ន​ហ្សី​កាំ​ប៉ូ​, វូ​ស៊ូ​, ប្រណាំងទូក​កៃ​យ៉ាក់​, ទូក​រ៉ូ​វី​ង​, ប្រណាំងទូក​ប្រពៃណី និង​ទូកក្តោង​។   
 
​ជាមួយគ្នានេះ កីឡា​មាន​ហានិភ័យ​មធ្យម​រួមមាន​បាល់ទះ បាល់បោះ និង​វាយ​សី​។ ចំណែក​កីឡា​ដែលមាន​ហានិភ័យ​ទាប​រួមមាន វាយកូនគោល បាញ់​ធ្នូ​, បាញ់កាំភ្លើង វាយ​កូនឃ្លី​លើ​តុ អុក ប៉េតង់ ឈិន​ឡូ​ន និង​កាយ​វប្បកម្ម​។ 
 
​ប៉ុន្តែ​កីឡាករ ក៏​អាច​កាត់បន្ថយ​ហានិភ័យ​ទាំងនោះ​បានដែរ ដោយ​គ្រាន់តែ​អនុវត្តតាម​ក្បួនខ្នាត​វិទ្យាសាស្ត្រ​កីឡា​។ បើតាម​លោក ស្តើង ជា ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​កីឡា​កីឡាករ​គ្រប់រូប​ត្រូវធ្វើ​ចលនា​កម្តៅ​សាច់ដុំ​(Warm Up and Cool Down) មុន​និង​ក្រោយ​ហ្វឹកហាត់ ឬ​ប្រកួត​, កុំ​ដំឡើង​ចម្ងាយ ល្បឿន ទម្ងន់ និង​កំពស់​លឿន​ពេក​, ប្រើប្រាស់​សម្ភារ​ឲ្យ​បាន​ត្រឹមត្រូវ​, នៅពេល​អនុវត្ត​ត្រូវ​ផ្ចង់អារម្មណ៍​ឲ្យ​មូល​, ពេល​មាន​សញ្ញា​ព្រមាន​ថា ឈឺចាប់​អ្វីមួយ ត្រូវ​ទៅពិនិត្យ និង​ព្យាបាល និង​ត្រូវ​ព្យាបាល​របួស​ឲ្យ​ជាមុន​នឹង​ចូល​ហ្វឹកហាត់ ហើយ​ការហ្វឹកហាត់​ត្រូវធ្វើ​ដោយ​សន្សឹមៗ​៕  
 
 
 

Tag:
 ស្តើង ជា​
© រក្សាសិទ្ធិដោយ thmeythmey.com