ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បរិវេណ​មុខ​អង្គរវត្ត នឹង​លែងមាន​តូប​លក់ដូរ​រប៉ាត់រប៉ាយ នៅ​ចុងឆ្នាំ​២០២០
31, May 2020 , 8:59 am        
រូបភាព
 សៀមរាប​៖ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​កែប្រែ​មុខមាត់​ថ្មី ដោយ​ក្នុងនោះ​មានការ​រៀបចំ​ជា​សួនច្បារ ការដាំ​ដើមឈើ​ប្រណិត និង​ប្រភេទ​លម្អ​ជាច្រើន​។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​បរិវេណ​នេះ ក៏​ត្រូវបាន​កែសម្រួល​រៀបចំ​ថ្មី រីឯ​តូប​លក់ដូរ​ដែល​ធ្លាប់​លក់ដូរ​ទាំង​ប៉ុន្មាន​ត្រូវបាន​រៀបចំ​ឱ្យចូល​លក់​នៅ​ទីតាំង​ថ្មី​ដែល​កំពុង​សាងសង់​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​លើ​ការងារ​នេះ​មាន​គម្រោង​រៀបចំ​បរិវេណ​មុខ​អង្គរវត្ត​ឱ្យមាន​ភាព​បៃតង និង​មាន​របៀបរៀបរយ​ស័ក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។ តាម​ការគ្រោងទុក  កិច្ចការ​ទាំងនេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 
​សមិទ្ធផល​ជាច្រើន បាន​លេចចេញ​ជា​រូបរាង​នៅមុខ​ប្រាសាទអង្គរវត្ត​។ ក្នុងនោះ​រួមមាន ផ្លូវ សួនច្បារ ការដាំ​ដើមឈើ​លម្អ​ជាច្រើន ដែល​ទីតាំង​នោះ​ដើមឡើយ​ជា​កន្លែង​ចំណតរថយន្ត ជា​តូប​លក់ដូរ​មិនមាន​របៀបរៀបរយ​។ 
 
​ដ្បិតថា ខេត្តសៀមរាប​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ដើមខែ​កុម្ភៈ​មក​យ៉ាងណាក្ដី តែ​បញ្ហា​នេះ មិនបាន​រារាំង​កិច្ចការ​អភិវឌ្ឍ ក្នុង​តំបន់​បេតិកភណ្ឌ​ទេសចរណ៍​ពិភពលោក​មួយ​នេះឡើយ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ នឹង​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ជាក់​ជាមិនខាន ក្រោយ​ការវិល​ត្រឡប់មកវិញ នូវ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ បាន​បិទ​បញ្ចប់​។​
 
​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ប្រភេទ​ឈើប្រណិត​ប្រមាណ​ជាង​៣​ពាន់​ដើម ត្រូវបាន​ដាំ​នៅ​ជុំវិញ​បរិវេណ​សួន​មុខ​ប្រាសាទអង្គរវត្ត មានដូចជា​ឈើ​ធ្នង់ បេង គ្រញូង គគីរ និង​ឈើទាល​។ ក្រៅពីនេះ ក៏មាន​ការដាំ​ប្រភេទ​ឈើ​លម្អ​មួយចំនួនទៀត ដូចជា​ផ្កាក្ងោក ចំប៉ីស​ជាដើម​។ ក្នុង​ផែនការ​អភិវឌ្ឍ​តំបន់​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ត្រៀម​ផ្លាស់ប្ដូរ​តូប​លក់ដូរ និង​អ្នកលក់​ចល័ត​មួយចំនួន ទៅកាន់​ទីលាន​បដិសណ្ឋារកិច្ច ដែល​ទីតាំង​នោះ​កំពុង​សាងសង់ ហើយ​រំពឹងថា អាច​នឹង​រួចរាល់​ទាំងស្រុង នៅ​ចុងឆ្នាំ​២០២០​នេះ​។ 
 
 
​តាម​ការបញ្ជាក់​ពី​លោក យិ​ត ចាន់​ដារ​ដ្ឋ កិច្ចការ​ទាំងនេះ គឺធ្វើឡើង​ដើម្បី​វិស័យ​ទេសចរណ៍ ពិសេស​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន និង​ការរៀបចំ​សំណង់​លក់ដូរ​ឱ្យមាន​របៀបរៀបរយ ដែល​កន្លងមក​ការលក់ដូរ​ទាំងនោះ បង្ក​ភាព​គ្មាន​សណ្ដាប់ធ្នាប់​។ ក្នុងនោះដែរ សំណង់​អាគារ​ស្នាក់ការ​របស់​ន​គ​របាល​បេតិកភណ្ឌ ដែល​សង់​នៅ​ជ្រុង​ខាងត្បូង​ប្រាសាទអង្គរវត្ត ក៏​គ្រោង​ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​ជិត​បា​ឡុង (​ផ្លូវ​មុខ​អង្គរ ឆ្ពោះទៅ​ផ្សារ​ភូមិភាគ​) នៅ​ដើមឆ្នាំ​២០២១ ដែល​ទីតាំង​បច្ចុប្បន្ន គ្រោង​ពង្រីក​ធ្វើ​សួនច្បារ ដើម្បីឱ្យ​បរិវេណ​មុខ​អង្គរ មាន​ភាព​បៃតង​បន្ថែមទៀត​។ លោក យិ​ត ចាន់​ដារ​ដ្ឋ ក៏​កោតសរសើរ​ចំពោះ​អាជីវករ​មួយចំនួន ដែល​ស្ម័គ្រចិត្ត​ព្រម​រុះរើ​សំណង់​នានា ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​រៀបចំ​កែលម្អ​ផងដែរ ក្នុងនោះ​មាន​ម្ចាស់​ភោជនីយដ្ឋាន​ដែល​ប្រកប​អាជីវកម្ម​ច្រើន​ឆ្នាំ​មកហើយ​នៅមុខ​អង្គរវត្ត​។​
 
​សមិទ្ធផល​ដែល​លេចចេញ​នៅពេលនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា សុទ្ធសឹង​ជាការ​ខិតខំ​ប្រឹងប្រែង របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​បំណង​ធ្វើយ៉ាងណា​រៀបចំ តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ច្រើន​លាន​នាក់មក​ទស្សនា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើងៗ​។ សម្រាប់​លោក យិ​ត ចាន់​ដារ​ដ្ឋ បើទោះបី​កាលៈទេសៈ​ជំងឺ​កូ​វីដ​-១៩ មាន​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​យ៉ាងណាក៏ដោយ តែ​វា​មិនបាន​ធ្វើឱ្យ​អាក់ខាន​រាល់​ការងារ​អភិវឌ្ឍន៍​នៅ​តំបន់​នេះឡើយ គឺ​កិច្ចការ​ទាំងនេះ នៅ​បន្ត​ទៅមុខ​រហូត​។​
 
​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល និង​ស្ទើរ​គ្រប់​វិស័យ​។ វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប បាន​ដាំ​ក្បាល​ចុះ​ក្រោយ​ពេលដែល​ពិភពលោក បានប្រកាស​អាសន្ន និង​បិទ​រាល់​ជើងហោះហើរ​នានា​។ តែ​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ អ្វីដែល​អាច​ស្ដារ​វិស័យនេះ​ឡើងវិញ​បាន គឺ​ការចូលរួម​របស់​ទេស​ចរ​ក្នុងស្រុក ដើម្បីឱ្យ​សេដ្ឋកិច្ចជាតិ​ងើប​ឡើងវិញ​បន្ដិច​ម្ដងៗ ទម្រាំ​វិបត្តិ​នេះ​ស្ងប់ស្ងាត់​ទៅវិញ​។ នេះ​ជាការ​យល់ឃើញ​របស់លោក យិ​ត ចាន់​ដារ​ដ្ឋ ដោយ​បន្ថែមថា ការអភិវឌ្ឍ​នានា​ក្នុង​តំបន់ នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​កាន់តែ​រីកចម្រើន និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ការធ្វើដំណើរ​មកកាន់​ខេត្តសៀមរាប ក្រោយ​ជំងឺ​កូ​វីដ​-១៩ ស្ងប់ស្ងាត់​ទៅវិញ​។​
 
​លោក យិ​ត ចាន់​ដារ​ដ្ឋ រំពឹងថា​៖«​ធម្មតា​ក្រោយ​វិបត្តិ អ្វីៗ​វា​នឹង​ត្រឡប់​ទៅ​ភាពប្រសើរ​បន្ដិច​ម្ដងៗ ចាប់ផ្តើម​ពី​ទេសចរ​ក្នុងស្រុក រហូតដល់​អន្ដរជាតិ ធ្វើដំណើរ​ឆ្លង​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ នឹងមាន​ការកើនឡើង​»៕
 




Tag:
 អង្គរ​
  អាជ្ញាធរ​ជាតិ​អប្សរា​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com