អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​៖ ការស្លាប់​របស់​«​បុរស​ស្បែក​ខ្មៅ​ម្នាក់​» បន្ត​បញ្ឆេះ​បាតុកម្ម​និង​កុបកម្ម​ប្រឆាំង​ការរើសអើង ពូជសាសន៍​
31, May 2020 , 2:30 pm        
រូបភាព
ប្រជាជនអាមេរិកបន្តបាតុកម្ម ក្រោយករណីស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយ ដោយសារស្នាដៃមន្ត្រីប៉ូលិសស្បែកសកាលពីថ្ងៃចន្ទទី ២៥ ឧសភា (រូបភាព៖ AFP)
ប្រជាជនអាមេរិកបន្តបាតុកម្ម ក្រោយករណីស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយ ដោយសារស្នាដៃមន្ត្រីប៉ូលិសស្បែកសកាលពីថ្ងៃចន្ទទី ២៥ ឧសភា (រូបភាព៖ AFP)
​ចលនា​បាតុកម្ម​ទាមទារ​យុត្តិធម៌​ជូន​បុរស​អាមេរិក​ដើមកំណើត​អាហ្វ្រិក​នៅ​ក្រុង Minneapolis ដែល បាន​ស្លាប់​បាត់បង់​កាល​ជីវិត​ដោយសារ​ទង្វើ​អមនុស្សធម៌​របស់​មន្ត្រី​ប៉ូលិស​ស្បែក​ស​កាលពីដើម​សប្តាហ៍​កន្លងទៅ កំពុង​ប្រែក្លាយ​កុបកម្ម​ហិង្សា និង​បង្ខំ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំងបាយ​បំបែក​បាតុករ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ​ផង​។ ការប្រមូលផ្តុំ​កម្លាំង​ទ្រង់ទ្រាយ​ធំ​របស់​ពលរដ្ឋ​ប្រឆាំង​តវ៉ា​នឹង​អាជ្ញាធរ និង​ទាមទារ​កែទម្រង់​ប្រព័ន្ធដឹកនាំ​ដែល​នៅជាប់​កម្អែល​«រើសអើង​ពូជសាសន៍​ពណ៌​សម្បុរស្បែក​» ជាពិសេស ប្រជាជន​ស្បែក​ខ្មៅ នៅតែ​បន្ត​ផុសផុល​ឡើង ហើយ​ករណីនេះ​ក៏បាន​អង្រួន​អារម្មណ៍ ប្រជាជន​ទូទាំង ពិភពលោក ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើការរើឡើងនៃ«ដំបៅចាស់» ដែលពិបាកព្យាបាលឲ្យជាដាច់ពីសង្គមនៃប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក​ដែរ​។ តើ​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយនេះ​មាន​សាវតា​បែបណា​?

 
​ចលនា​បាតុកម្មប្រែ​ក្លាយជា​កុបកម្ម​ដោយមាន​ការប៉ះទង្គិច​គ្នាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុមបាតុករ​ទាមទារ​យុ​តិ្ត​ធម៌​ដល់​បុរស​ស្បែក​ខ្មៅ​ម្នាក់ នៅ​យប់​ថ្ងៃ​សៅរ៍​ថ្ងៃ ៣០​ខែឧសភា នៅតាម​បណ្តា​ទីក្រុង​ធំ​ជាពិសេស​នៅ​ក្រុង Minneapolis នៃ​រដ្ឋ​មី​នី​សូ​តា​ដែលជា​ទីតាំង​ដែល​ករណី​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរស្បែក​ថ្មី​បំផុត មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​បានកើត​ឡើង​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ 
 
​ករណីបែបនេះ​នៅតែ​កើតឡើង​បាន បើទោះជា​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា រដ្ឋបាល​លោក នឹង​ប្រើប្រាស់ កម្លាំង​បញ្ឈប់​រាល់​ចលនា​ហិង្សា​ដែល​បង្ក​ភាពចលាចល និង​បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ​ក៏ដោយ​។​
 
«​យើង​មិនអាច និង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​មួយ​ក្តាប់​តូច​នេះ​បំផ្លាញ​ទីក្រុង និង​កម្ទេច​សហគមន៍​របស់​យើង​ទេ​»។ លោក ត្រាំ ថ្លែង​បែបនេះ ដោយ​ឆ្លៀត​បន្ទោស​ក្រុម​នយោបាយ​ឆ្វេងនិយម​ជ្រុល​ថា​ជា​អ្នក​ដែល​បង្ក​ឲ្យ​ហិង្សា​និង​ភាព​ច​ល​ច​ល​នេះ​កើតឡើង​ដែរ​។​
«​រដ្ឋបាល​ខ្ញុំ​នឹង​បញ្ឈប់​បាតុកម្មហិង្សា​។ យើង​ក៏​នឹង​បញ្ឈប់​ភ្លាមៗ​តែម្តង​»​។ ត្រាំ សង្កត់ធ្ងន់​ដូច្នេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ទីក្រុង​ធំៗ​ដែល​គេ​សង្កេតឃើញថា​មាន​ចលនា​បាតុកម្ម​លាយឡំ​នឹង​អំពើហិង្សា​ទាមទារ​ការបញ្ឈប់​ការរើសអើង​ពូជសាសន៍​និង​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់​អាជ្ញាធរ​ប៉ូលិស​លើ​ជនស្លូតត្រង់​ដើមកំណើត​អាហ្វ្រិក​កើតឡើង​មានដូចជា ទីក្រុង Los Angeles, Atlanta និង​ទីក្រុង Philadelphia​។ ដោយសារ​មាន ការប្រើប្រាស់​ហិង្សា​នៅ​ទីក្រុង Los Angeles គេ​ឃើញ​អាជា្ញធរ​បានប្រកាស​ដាក់​បម្រាម​គោចរ​ដែល រឹតត្បិត​ការធ្វើដំណើរ ពី​ម៉ោង ប្រាំបី​យប់​ថ្ងៃ​សៅរ៍ រហូតដល់​ម៉ោង​ប្រាំ កន្លះ​ព្រឹក​ថ្ងៃអាទិត្យ ខណៈដែល​ក្រុង Atlanta ដាក់​កំហិត​ពី​ម៉ោង ប្រាំបួន យប់​រហូតដល់​ថ្ងៃ​រះ​។ 
 
​ចំណែក​នៅ​រដ្ឋ​មី​នី​សូ​តា​ដែលជា​កន្លែង​រឿងហេតុ​ចាប់ផ្តើម​នោះ អភិបាលរដ្ឋលោក Tim Walz ​បាន​បញ្ជា​ឲ្យ​ពង្រាយ​កង​ឆ្មាំ​ការពារជាតិ​បន្ថែម​ពីថ្ងៃ​សៅរ៍ ដោយសារ​ចលនា​បាតុកម្ម​នេះ​ឈានដល់​ថ្ងៃទី​ប្រាំ ហើយ​អភិបាល រដ្ឋ​រូបនេះ​ឆ្លៀត​ព្រមាន​កម្ទេច​ក្រុម​បង្ក​ច​សន្តិសុខ​ថែមទៀត ដ្បិតថា ចលនា​ហិង្សា ផ្ទុះ​ខ្លាំង​ឡើង នៅ​ទីនោះ​ចាប់តាំងពី​យប់​ថ្ងៃ​សុក្រ​ម្ល៉េះ​។ 
 
​តាមពិតទៅ​ដើមហេតុ​ដែល​ដុត​កំហឹង​ប្រជាជន​ឲ្យ​ចូលរួម​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​សមត្ថកិច្ច​អំឡុង​ពេលដែល​សហរដ្ឋ​អាមេរិក​កំពុង​រងគ្រោះ​ដោយសារ​មេរោគ​រាតត្បាត​កូ​រ៉ូ​ណា​នេះ​គឺ ផ្តើមចេញពី​ករណី​ស្លាប់​ដ៏​អយុត្តិធម៌​មួយ​របស់​បុរស​អាមេរិក​អភ័ព្វ​ម្នាក់​ឈ្មោះ ច​ច ហ្វ្ល​យ (George Floyd) ដែលមាន​ដើមកំណើត​អាហ្វ្រិក​កាលពី​ថ្ងៃ ២៥ ខែឧសភា​។ 
 
​ហេតុអ្វី​ការស្លាប់​របស់ ច​ច ហ្វ្ល​យ បញ្ឆេះ​កំហឹង​ប្រជាជន​អាមេរិក​និង​អង្រួន​អារម្មណ៍​មនុស្ស ពាសពេញ​ពិភពលោក​? 
 
​ស្ថិតក្នុង​វ័យ ៤៦​ឆ្នាំ ច​ច ហ្ល្វ​យ បាន​ប្តូរ​លំនៅ​ពី​ទីក្រុង Houston នៃ​រដ្ឋ​តិច​សាស មក​រស់នៅ​ក្រុង Minneapolis នៃ​រដ្ឋ​មី​នី​សូ​តា​រយៈពេល​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ មុន​មាន​រឿងហេតុ​កើតឡើង​។​
 
​ពេល​រស់នៅ​ទីកន្លែង​ថ្មី  បុរស​រូបនេះ​ប្រកបការងារ​ជា​ជា​សន្តិសុខ​។ ប៉ុន្តែ​លោកមាន​វាសនា​មិន​ខុសពី​ប្រជាជន​អាមេរិក​ជាង ៤០ លាន​នាក់​ផ្សេងទៀត​ទេ ដោយបាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល ព្រោះតែ​មេរោគ​រាតត្បាតកូ​វីដ ១៩​កន្លងមក​។​
 
​ត្រឡប់មក​សាច់រឿង​សំខាន់​ដែល​បណ្តាល​ឲ្យ​ហ្វ្ល​យ​ស្លាប់បាត់​បង់ជីវិត​វិញ​ម្តង​។ ដើមហេតុ​ចម្បង​គឺ ផ្តើមចេញពី​លុយ​ក្រដាស ២០ ដុល្លារមួយ​សន្លឹក​ដែល ហ្វ្ល​យ​ប្រើប្រាស់​ដើម្បី​ទិញ​បារី​នៅ​ហាង មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ បុគ្គលិក​នៅក្នុង​ហាង​បាន​រាយការណ៍ និង​សុំ​អន្តរាគមន៍​ប៉ូលិស ដោយ​សង្ស័យថា ហ្វ្ល​យ ប្រើប្រាស់​លុយ​ក្លែងក្លាយ​។ 
 
​បើតាម​សម្តី​របស់​បុគ្គលិក​ដែល​បាន​និយាយ​ក្នុងពេល​ទំនាក់ទំនង​ទៅកាន់​លេខ ៩១១ ដើម្បី​សុំ​អន្តរាគមន៍ ពី​សមត្ថកិច្ច បុគ្គលិក​ហាង​បានទាមទារ យក​បារី​មកវិញ​ដោយ​ឲ្យ​លុយ​ដែល​ខ្លួន សង្ស័យថា ក្លែងក្លាយ ត្រឡប់​ទៅវិញ ប៉ុន្តែ​ហ្វ្ល​យ​បដិសេធ​។  បុគ្គលិក​ខាងលើ​ថែមទៀត​បន្ថែមទៀតថា​៖ ហ្វ្ល​យ​ហាក់ ស្ថិត​«​ក្នុងស្ថានភាព​ស្រវឹង និង​បាត់​ម្ចាស់ការ​» ថែម​ទៀតផង​។​
 
​បន្តិចក្រោយមក ប៉ូលិស​ពីរ​នាក់​មកដល់​ហាង​ដើម្បី​អន្តរាគមន៍ ដោយ​ប៉ុនប៉ង​ចាប់​ហ្វ្ល​យ​ដាក់​ខ្នោះដៃ ប៉ុន្តែ​ហ្វ្ល​យ​ព្យាយាម​រើបម្រះ​មិន​ឲ្យ​ប៉ូលិស​ដាក់​ខ្នោះដៃ​ខ្លួន​ឡើយ​។ យ៉ាងណាក៏ដោយ ប៉ូលិស​នៅ​អាច​
​ដាក់​ខ្នោះ​ហ្វ្ល​យ​បាន ហើយ​អះអាងថា ការចាប់ខ្លួន​ធ្វើឡើង​ដោយសារ​ហ្វ្ល​យ​ប្រើប្រាស់​លុយ​ក្លែងក្លាយ​។ 
 
​បន្ទាប់មកទៀត ប៉ូលិស​ព្យាយាម​រុញ​បុរស​ស្បែក​ខ្មៅ​ក្នុង​ឡាន ប៉ុន្តែ​ហ្វ្ល​យ​ដួល​ទ្រោប នឹង​ដី​ដោយ ប្រាប់​បូលីស​ថា ខ្លួន​កើត​ជំងឺ​ភ័យខ្លាច​ទីកន្លែង​ដែល​ចង្អៀត​បិទ​ជិត​។ បន្តិចក្រោយមក មន្ត្រីប៉ូលិស​ម្នាក់ទៀត​ដែលជា​ជនល្មើស​ដែល​បង្ក​ឲ្យ​ហ្វ្ល​យ​ស្លាប់ Darek Chauvin  អម​ជាមួយ​មន្ត្រីប៉ូលិស​ផ្សេងទៀត មកដល់​ដើម្បី​ជួយ​អន្តរាគមន៍​។ ប៉ូលិស​ទាំងនោះ​ព្យាយាម​ចាប់​ហ្វ្ល​យ​ដែល​ដៃ​ជាប់​ខ្នោះ​បញ្ចូល​ក្នុង​ឡាន រហូត​ធ្វើ​ឲ្យ បុរស​នេះ​ធ្លាក់​ពោប​ទៅ​លើដី​ជាថ្មីទៀត ដែល​ពេលនោះ​ហើយ​ដែល​ហេតុការណ៍ ដ៏​អាក្រក់​នេះ ចាប់​ផ្តើមឡើង​។​
 
​យោងតាម​ខ្សែអាត់​វីដេអូ​ដែល​ថត​និង​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ដោយ សាក្សី​ជាច្រើន​នាក់ នៅ​កន្លែងកើតហេតុ​ផ្ទាល់ មន្ត្រីប៉ូលិស ស្បែ​កស Chauvin ដាក់​ជង្គង់​ឆ្វេង​ពីលើ​ក្បាល និង​ក របស់​ហ្វ្ល​យ​ដែល​ធ្វើ​ឲ្យ​ហ្វ្ល​យ​ដកដង្ហើម​មិន​រួច​។ 
 
«​ខ្ញុំ​មិនអាច​ដកដង្ហើម​បានឡើយ​»​។ ហ្វ្លួ​យ​ប្រាប់​ទៅកាន់​ប៉ូលិស Chauvin ម្តង​ហើយ​ម្តងទៀត ដោយ​អម​ជាមួយ​ពាក្យ​ទទូច​អង្វរករ​ជា​បន្តបន្ទាប់​ឲ្យ​ប៉ូលិស​រូបនេះ​ដក​ជង្គង់​ចេញ​។ យ៉ាងណាមិញ ពាក្យ​អង្វរ​ងោ​ចៗ​សុំ​តែ​រស់​របស់​ស្បែក​ខ្មៅ​ដែល​ដៃ​កំពុង​ជាប់​ខ្នោះ​ឡើយ​នេះ មិនបាន​ទាក់ទាញ​ក្តី​អាណិត ឬ​សណ្តោស​ប្រណី​ណាមួយ​ពី​មន្ត្រីប៉ូលិស​ខាងលើ​ឡើយ​។ ប្រាំបី​នាទី និង ៤៦ វិនាទី​គត់ ដែល Chauvin ផ្អឹប​ជង្គង់​ខ្លួន​លើក​របស់​ហ្វ្ល​យ ហើយ​វា​លើសពី​ល្មម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដាច់ដង្ហើម​បាន​។​
 
​ក្រោយ​លែង​ដឹងខ្លួន​បាត់មាត់បាត់ក ហ្វ្លុ​យ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ប៉ុន្តែ មួយ​ម៉ោង​ក្រោយមក ខាង​ពេទ្យ​បានប្រកាសថា បុរស​រូបនេះ​ស្លាប់​បាត់ទៅហើយ​។ 
 
​ដោយឡែក ថ្លែងប្រាប់​សារព័ត៌មាន​អាមេរិក CNBC ម្ចាស់​ហាង​ខាងលើ​ឈ្មោះ Mike Abumayyaleh ដែល​ស្គាល់​ហ្វ្ល​យ បាន ពិ​ព៌​ណ​នា​ថា​បុរស​ដើមកំណើត​អាហ្វ្រិក​នេះ​ជា​អតិថិជន​ម្នាក់​ដែលរ​ស់រាយ​រាក់ទាក់ និង​សុភា​ពរាប​មិន​ធ្លាប់​បង្កបញ្ហា​អ្វី​ឡើយ​កន្លងមក​។ ប៉ុន្តែ​ជា​អកុសល​ថ្ងៃ​ដែល​កើតហេតុ ម្ចាស់​ហាង​ខាងលើ មិន​បានមក​បំពេញការងា​រ​ដូច​សព្វមួយដង​ឡើយ ដូច្នេះហើយ​បាន​រឿងហេតុ​កើតឡើង​ធ្ងន់ធ្ងរ​រហូត​មានការ​លូកដៃ​ពី​សមត្ថកិច្ច​បែបនេះ​។​
 
​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​ម្នាក់​របស់ ហ្វ្ល​យ លោក Christopher Harris បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ថា មួយ​យប់​មុន​ថ្ងៃ​ស្លាប់ លោក​បាន​ប្រាប់​មិត្តសម្លាញ់​ខ្លួន​ឲ្យ​ទាក់ទង​ភ្នាក់ងារ​ផ្តល់​ការងារ​បណ្តោះអាសន្ន ដើម្បី​អាចរ​កមាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ សម្រាប់ Harris ការបោកប្រាស់ ឬ​ប្រើ​លុយ​ក្លែង​ក្លាយជា​រឿង​មិនអាច​កើតឡើង​ទៅរួច​ទេ​សម្រាប់​មនុស្ស​ដូច​ហ្វ្លួ​យ​។​
 
«​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​មិត្ត​ខ្ញុំ​ស្លាប់​គឺ​ឥត​ហេតុផល​បន្តិច​សោះ​។ គ្នា​បាន​ទទូច​សុំ​តែ​រស់ និង​សុំ​អង្វរករ​ឲ្យ​បាន​បន្តជីវិត​រស់នៅ​ប៉ុណ្ណោះ​»​។ លោក Harris ថ្លែង​បែបនេះ​ដោយ​បន្ថែមថា ប្រព័ន្ធ សង្គម​អាមេរិក​មិនបាន​បង្កើតឡើង​សម្រាប់​ប្រជាជន​ស្បែក​ខ្មៅ​ឡើយ ហើយ​ការពឹង​ផ្អែកលើ​ច្បាប់​ដើម្បី​បាន​យុត្តិធម៌​នោះ​ពិបាក​កើតឡើង​ណាស់​។ 
 
​តាមពិតទៅ បុរស​អាមេរិក​ដើមកំណើត​អាហ្វ្រិក​វ័យ ៤៦​ឆ្នាំ ច​ច ហ្វ្ល​យ មិន​ខុសពី​ប្រជាជន​អាមេរិក​ដើម កំណើត​អាហ្វ្រិក​ផ្សេងទៀត​ទេ​ដូចជា​នៅក្នុង​ករណី​ដែល​កើតឡើង​នៅ Ferguson និង នៅ Baltimore 
​សុទ្ធតែ​ក្លាយជា​ជនរងគ្រោះ​ដោយសារ​កម្អែល​នៃ​ការរើសអើង​ពូជសាសន៍ ដែល​ដក់​ជាប់​ក្នុង​ស្ថាប័ន​ដឹកនាំ​ជាពិសេស​ប្រព័ន្ធ​អនុវត្ត​ច្បាប់​មកដល់​បច្ចុប្បន្ន​។ 
 
​កាសែត Washington Post ចុះផ្សាយ​វិចារ​ណា​កថា មួយ​កាលពី​ឆ្នាំ ២០១៨ ដោយមាន ទិន្នន័យ​មួយចំនួន​ដែល​បង្ហាញ​ឲ្យ​ឃើញច្បាស់ ពី​ការរើសអើង​សម្បុរស្បែក​ក្នុង​ប្រព័ន្ធយុត្តិធម៌ ខ្លាំងជាងគេ​ដែល កើតមាន ឡើង​តាំងពី​ដំណើរ​នៃ​ការចាប់​ចង​ដល់​ការកាត់ទោស​និង​ដាក់​ពន្ធ​ធនាគារ​ផង​។ ក្នុង​នោះគេ​រកឃើញថា ប្រជាជ ន​ស្បែក​ខ្មៅ​ច្រើនជាង​ប្រជាជន​ស្បែក​ស​រហូតដល់ ពីរដង​ដែល​ត្រូវ​ប៉ូលិស ចាប់​អូស ទាញ​ចេញពី​រថយន្ត ពេល​ឈប់​ភ្លើងស្តុប​ក្រោម​ហេតុផល​ល្មើសច្បាប់​ចរាចរណ៍​។ រឿង​មួយទៀត​គឺ ករណី ចោទប្រកាន់​តាមផ្លូវ ច្បាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។ ប្រជាជន​អាមេរិក​ដើមកំណើត អាហ្វ្រិក​ប្រឈម​ខ្លាំង​នឹង ការចាប់ខ្លួន និង ត្រូវ​រង​ការចោទប្រកាន់​ទាក់ទិន​បទល្មើស​គ្រឿងញៀន ថ្វីបើ បរិមាណ គ្រឿងញៀន​ដែល ប្រើប្រាស់​រវាង​ប្រជាជន ស្បែក ខ្មៅ​និង​ស្បែក​ស​មិន​ខុសគ្នា​ប៉ុន្មាន​ក៏ដោយ​។  ចុងក្រោយ​គឺ រយៈពេល​នៃ ការជាប់​ទោស​។ គេ​រកឃើញថា ប្រជាជន​ស្បែក​ខ្មៅ​ប្រឈម​នឹង​ការ ជាប់ទោស ដែលមាន​រយៈ ពេល​យូរ​លើស ប្រជាជន​ស្បែ​កស ២០​ភាគរយ ទោះជា​ពួកគេ​ត្រូវបាន​កាត់ទោស ក្រោម​បទល្មើស ដូចគ្នា​ក្តី​។ 
 
​ស្លេះ​រឿង​រើសអើង​ពូជសាសន៍​ក្នុង​វិស័យ​យុត្តិធម៌​អាមេរិក​ត្រឹមនេះ​ចុះ  ក្រោយ​ករណី​ស្លាប់​ដ៏​អយុត្តិធម៌របស់​បុរស​ដើមកំណើត​អាហ្វ្រិក​នេះ មន្ត្រីប៉ូលិស​ដែលជា​ជនបង្ក​ត្រូវបាន​ចាប់ខ្លួន និង​រង​បទ​ចោទ «​ឃាតកម្ម​»​។ ថ្វីបើ​ជនបង្ក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ និងរងទោសទណ្ឌ​ក៏ដោយចុះ វា​មិន​​គ្រប់គ្រាន់​ល្មម​អាច​រំងាប់​កំហឹង​របស់​ប្រជាជនទូទៅ​បានឡើយ​។ 
 
​ដរាបណា​គ្មាន​ការកែទម្រង់​ស៊ីជម្រៅ និង​លុបបំបាត់​ករណី​រើសអើង​ឬ​ធ្វើទុក្ខបុកម្នេញ​មនុស្ស​ផ្អែកលើ​ពូជសាសន៍​ទេ រឿង​ដដែល​នេះ​នឹង​បន្ត​កើតឡើង​នៅពេល​ខាងមុខ​។ ដូច្នេះហើយ ទើប​ប្រជាជន ជាច្រើន​ចាប់ផ្តើម​ចូលរួម​ចលនា​ទាមទារ ស្វែងរក​យុត្តិធម៌​សម្រាប់ ហ្វ្ល​យ និង ជនរងគ្រោះ​ផ្សេងទៀត ក៏ដូចជា ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​អយុត្តិធម៌​បែប នេះ​កើត​ឡើងលើ​មនុស្ស​ដទៃ​ជាពិសេស​ជន​ដែល ងាយ​រងគ្រោះ​ដូចជា​ប្រជាជន​ស្បែក​ខ្មៅ​ដើមកំណើត​អាហ្វ្រិក​ទាំងនោះ​ផង​៕
  

 

Tag:
 រើសអើង​ពូជសាសន៍​
  អាមេរិក​
  George Floyd
  Minneapolis
© រក្សាសិទ្ធិដោយ thmeythmey.com