ជាតិ
សង្គមជាតិ
សម្តេច ស ខេង​៖ រដ្ឋាភិបាល មិន​ដកថយការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​
31, May 2020 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​រដ្ឋាភិបាល មិន​ដកថយ​ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដែល​សំដៅ​ការពារ​អាយុជីវិត​រប​ស់​ពលរដ្ឋ​នោះឡើយ​។ សម្ដេច ស ខេង ថ្លែង​៖«​ខ្ញុំ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ឯកភាពគ្នា​ខ្ពស់​ណាស់ ថា​យើង​ទៅមុខ​អត់​ថយក្រោយ​ទេ ព្រោះ​បើ​យើង​ថយក្រោយ​មិនដឹងថា មានឱកាស​ពេលណា ឬ​ពេលណា​យើង​ធ្វើ​ទៀត​»​។ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ថ្មី​ខេត្ត​កែប កាលពី​ថ្ងៃទី​២៩​ឧសភា សម្ដេច ស ខេង ក៏បាន​លើកឡើង​ពី​ការថយចុះ​ចំនួន​អ្នកស្លាប់ និង​របួស ក៏ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រយៈពេល​ជិត​មួយខែ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផងដែរ​។​

 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​២៩​ថ្ងៃ នៃ​ខែឧសភា ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ខែមេសា ជនរងគ្រោះ​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ ក្នុងនោះ អ្នកស្លាប់​ថយចុះ​១៥​នាក់ ខណៈ​អ្នករបួស ជាង​៨០​នាក់​។ ការថយចុះ​នេះ ត្រូវបាន​សម្តេច ស ខេង ចាត់ទុកថា គឺជា​ជោគជ័យ​មួយ ហើយ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល នៅតែ​បន្ត​ឥត​ដកថយ​នោះឡើយ ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​។ 
​ជាមួយគ្នានេះដែរ រយៈពេល​៣០​ថ្ងៃ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នគរបាល​ចរាចរណ៍​បាន​ត្រួតពិនិត្យ និង​ពិន័យ​យានយន្ត​ល្មើស​ចំនួន ៤៣ ៥៣០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ១១ ៧៧៥​គ្រឿង និង​ម៉ូតូ ៣១ ៧៥៥​គ្រឿង​។ នេះ​បើតាម​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទរ​នៅ​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ កន្លងមក​នគរបាល​បានកំណត់​យក​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ ដើម្បី​មក​អនុវត្ត ក្នុងនោះ​មាន​បទល្មើស​ម៉ូតូ​ចំនួន​៧ និង​បទល្មើស​បើកបរ​រថយន្ត​ចំនួន​៩​។ បទល្មើស​ម៉ូតូ​ចំនួន​៧ ដែល​នឹង​អនុវត្ត​លើ​ទោចក្រយានយន្ត​នោះ​រួមមាន​៖ មិន​ពាក់មួក​សុវត្ថិភាព​, ស្រវឹង​, មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ល្មើស​ការបត់ និង​វ៉ា​ជែង​, ដឹក​លើ​ចំណុះ​, គ្មាន​ស្លាក​លេខ និង ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ 
 
​ចំណែក​បទល្មើស​រថយន្ត​ទាំង​៩ រួមមាន​៖ ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវ៉ាត់​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។ កូ​វីដ​-១៩ និង​ការ​រឹត​បន្ត​ចរាចរណ៍ សម្ដេច មើលឃើញថា បញ្ហា​ទាំង​២​នេះ គឺ​មិន​ពាក់ព័ន្ធ​នោះទេ បើសិន​ពលរដ្ឋ​គោរព​ច្បាប់ គឺ​គ្មាន​ការខាតបង់​ឡើយ រួមទាំង​រក្សា​សុវត្ថិភាព​ទៀតផង​៕ 
 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com