COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីឡាវ អនុញ្ញាតឲ្យបើកផ្សាររាត្រីនិងភោជនីយដ្ឋានឡើងវិញ ខណៈក្លិបកម្សាន្តផ្សេងៗបន្តបិទ
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ នៅថ្ងៃ៣០ ឧសភា បានចេញបទបញ្ជាថ្មីមួយដោយបានអនុញ្ញាតឲ្យអាជីវកម្មមួយចំនួននៅក្នុងប្រទេសអាចបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាក ឬបិទ ដោយសារតែវិបត្តិនៃវីរុស Covid-19។ ទោះបីបែបនេះ ក្រុងវៀងចន្ទន៍ ក៏មិនបានឲ្យអាជ្ញាធរបន្ធូរបន្ថយដៃក្នុងការអនុវត្តវិធានការតឹងតឹងសម្រាប់ការពារ និងទប់ស្កាត់ការរីករាលរបស់វីរុសរាតត្បាតនេះឡើយ។
ចាប់ពីថ្ងៃទី០២ មិថុនា រហូតដល់ថ្ងៃទី៣០ មិថុនាតទៅ គោលការណ៍បន្ធូរបន្ថយការរឹតត្បិតលើការដំណើរការអាជីវកម្មលើមុខសញ្ញាសេដ្ឋកិច្ច និងព្រឹត្តិការណ៍ជាតិមួយចំនួន នឹងចាប់ផ្តើមចូលជាធរមានហើយ។ អាជីវករ នឹងអាចវិលត្រលប់ចូលទៅប្រកបមុខរបររបស់ខ្លួនបានជាបណ្តើរៗវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star Online។
តាមប្រភពព័ត៌មានដដែល ក្នុងលិខិតបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត គ្រប់ព្រឹត្តិការណ៍កីឡា និងការប្រកួតផ្សេងៗ អាចប្រព្រឹត្តឡើងវិញបានហើយ ក៏ប៉ុន្តែសម្រាប់អ្នកទស្សនា មិនត្រូវបានអនុញ្ញាតឲ្យចូលបានឡើយ ដ្បិតការប្រមូលផ្តុំ ឬជួបជុំមនុស្សច្រើន នៅតែជាហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid-19 ដដែល។
សម្រាប់ផ្នែកអាជីវកម្មវិញ ផ្សាររាត្រី ភោជនីយដ្ឋាន និងរោងភាពយន្ត ដែលអាជ្ញាធរចេញលិខិតអនុញ្ញាតផ្លូវការ ក៏ដូចជា គម្រោងសាងសង់ និងរោងចក្រ នឹងអាចដំណើរការសកម្មភាពរបស់ខ្លួនបានផងដែរ ក៏ប៉ុន្តែត្រូវបន្តអនុវត្តតាមវិធានគម្លាតពីគ្នា និងគោលការណ៍ផ្សេងៗក្នុងការការពារការឆ្លងវីរុស Covid-19។ សម្រាប់អាជីវកម្ម ក្លឹមកម្សាន្ត និងកន្លែងលក់ស្រាបៀរផ្សេងៗ ត្រូវតម្រូវឲ្យបិទដដែល។
គួរជម្រាបផងដែរថា គិតត្រឹមក្របខណ្ឌក្នុងតំបន់ ឡាវ ដែលមានព្រំប្រទល់ជាប់ជាមួយនឹងចិនផងដែរនោះ បានផ្ទុះករណីឆ្លងក្រោយគេនោះទេ។ បើគិតត្រឹមថ្ងៃ៣០ ឧសភាដដែលនោះ ឡាវ បានធ្វើតេស្តលើករណីសង្ស័យឆ្លងវីរុស Covid-19 សរុប ៦៤៣២ករណី រួចមកហើយ ដែលក្នុងនោះបានរកឃើញវិជ្ជមាន ១៩ ករណី ហើយបានជាសះស្បើយ១៦ករណីផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com