រុស្ស៊ី អបអរ​អាមេរិក​ដែល​ជោគជ័យ​ក្នុង​ការបាញ់​យានអវកាស​លើកដំបូង​ក្នុងពេល​៩​ឆ្នាំ
អន្តរជាតិ
​បច្ចេកវិទ្យា
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី អបអរ​អាមេរិក​ដែល​ជោគជ័យ​ក្នុង​ការបាញ់​យានអវកាស​លើកដំបូង​ក្នុងពេល​៩​ឆ្នាំ
31, May 2020 , 3:34 pm        
រូបភាព
យាន Falcon 9 បាញ់ចេញពីជើងទម្រក្នុងរដ្ឋផ្លរីដានៅថ្ងៃទី៣០ ខែឧសភា។ រូបភាព AFP
យាន Falcon 9 បាញ់ចេញពីជើងទម្រក្នុងរដ្ឋផ្លរីដានៅថ្ងៃទី៣០ ខែឧសភា។ រូបភាព AFP
ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បាន​ផ្ញើ​សារ​អបអរសាទរ​ទៅកាន់​អាមេរិក​ដែល​បាញ់​យានអវកាស​ផ្ទុក​មនុស្ស​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅ​ថ្ងៃទី​៣០ ខែឧសភា​។ នេះ​ជាការ​បាញ់​យានអវកាស​លើកដំបូង​ចេញពី​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​៩​ឆ្នាំ​មកនេះ​។ កាន់តែ​ចាប់អារម្មណ៍ យានអវកាស​នេះ ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន​ទៅទៀត​។

 
​យាន Falcon 9 របស់​ក្រុមហ៊ុន Space X របស់​មហាសេដ្ឋី​បច្ចេកវិទ្យា Elon Musk ត្រូវបាន​បាញ់​ចេញពី​ជើង​ទម្រ​នៃ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃទី​៣០ ខែឧសភា​។ វា គឺជា​យាន​ទីមួយ​ដែល​បាញ់​ចេញពី​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​៩​ឆ្នាំ និង​លើកដំបូង​បំផុត​សម្រាប់​ក្រុមហ៊ុន​ឯកជន​។ អវកាសយានិក​ពីរ​នាក់ ជិះ​យាន​នេះ​ក្នុង​ដំណើរ​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ។​
 
​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បាន​សាទរ​សម​ភាគី​អាមេរិក​ចំពោះ​ការបាញ់​នេះ​។ លោក Sergei Krikalev នាយក​ប្រតិបត្តិ​កម្មវិធី​អវកាស​នៃ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos និយាយ​ក្នុង​សារ​វីដេអូ​ថា​៖«​ខ្ញុំ​ចង់​សាទរ​សហការី​អាមេរិក​។ ជោគជ័យ​នៃ​បេសកកម្ម​នេះ នឹង​ផ្ដល់​យើង​នូវ​ឱកាស​បន្ថែមទៀត​ដែលមាន​ប្រយោជន៍​សម្រាប់​កម្មវិធី​អវកាស​អន្តរជាតិ​ទាំងមូល​។​» 
 
Falcon 9 ដែល​ដឹក​អវកាសយានិក​ពីររូប​គឺ Robert Behnken និង Douglas Hurley កំពុងស្ថិត​ក្នុង​ដំណើរ​រយៈពេល​១៩​ម៉ោង​ទៅកាន់​ស្ថានីយ៍​អន្តរជាតិ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​ទស្សនា​ដោយផ្ទាល់​ការបាញ់​នេះ ដែល​ចូលរួម​ដោយ​អង្គការ​ណា​សា​ផងដែរ​។ ថ្លែង​ទៅកាន់​បុគ្គលិក​ណា​សា និង SpaceX លោក ត្រាំ ចាត់ទុក​ការបាញ់​នេះ ជា​ថ្ងៃ​ពិសេស​មួយ​។ 
 
​ប្រធាន SpaceX លោក Musk វិញ បង្ហាញ​ក្ដីរំភើប​ចំពោះ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ដែល​បង្កើត​នៅ​ឆ្នាំ​២០០២ ។ លោក​សង្ឃឹមថា ការបាញ់​នេះ គឺជា​ការចាប់ផ្ដើម​ជំហាន​ដំបូង​នៃ​ដំណើរ​ឆ្ពោះទៅកាន់​អរិយធម៌​លើ​ភព​អង្គារ​។ 
 
​មុន​ការបាញ់​របស់​អាមេរិក រុស្ស៊ី​ជា​ប្រទេស​តែមួយគត់​ដែលមាន​សមត្ថភាព​នាំ​មនុស្ស​ទៅកាន់​ស្ថានីយ៍​អន្តរជាតិ​ដែល​ស្ថិតនៅ​ទី​លំហ​។ យាន Soyuz របស់​រុស្ស៊ី ជា​យាន​តែមួយគត់​ដែល​ទទួលខុសត្រូវ​ដឹក​មនុស្ស​ទៅកាន់ ISS ចេញពី​ជើង​ទម្រ Baikonur ក្នុង​ទឹកដី​កា​ហ្សា​ក់​ស្ថាន​។ ISS ក៏​ជា​កម្មវិធី​អន្តរជាតិ​មួយ ដែល​រុស្ស៊ី និង​អាមេរិក​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មិនសូវ​ល្អ​នោះ​៕
 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  SpaceX
  ISS
© រក្សាសិទ្ធិដោយ thmeythmey.com