ជាតិ
សង្គមជាតិ
អតីត​បុគ្គលិក The Great Duke ១២០​នាក់​បាន​ប្រាក់​សំណង​ហើយ
31, May 2020 , 5:59 pm        
រូបភាព
សកម្មភាពអតីតបុគ្គលិករបស់សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់ - CENTRAL)
សកម្មភាពអតីតបុគ្គលិករបស់សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់ - CENTRAL)
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke ចំនួន​១២០​នាក់ ក្នុងចំណោម​១៥២​នាក់ បាន​ទៅ​បើកប្រាក់​សំណង ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រួចហើយ គិត​ត្រឹម​ថ្ងៃទី ៣១ ខែឧសភា​។ នេះ​បើតាម​លោក ទូច កុសល តំណាង​សហជីព​របស់​អតីត​បុគ្គលិក The Great Duke ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣១ ឧសភា​នេះ​។


​ចំណែក​អតីត​បុគ្គលិក ៣២​នាក់​ទៀត​ដែល​មិនទាន់​ទៅ​បើកប្រាក់​សំណង​នោះ គឺ​ដោយសារ​តែមាន​អ្នកខ្លះ​បាន​បាត់​បណ្ណ​បុគ្គលិក ខ្លះ​មានធុរៈ និង​ខ្លះទៀត​កំពុង​នៅក្រៅ​ប្រទេស​។ នេះ​បើតាម​លោក ទូច កុសល​ដដែល ដោយបាន​បញ្ជាក់ប្រាប់​ថ្មីៗ​ទៀតថា អ្នក​ដែល​បាត់​បណ្ណ​ការងារ ក្រសួង​នឹង​ដោះស្រាយ​ក្នុងអំឡុង​សប្ដាហ៍​ក្រោយ​។​ ​បើតាម លោក ទូច កុសល អតីត​បុគ្គលិក​ទាំង​១៥២ នឹង​ទទួល​ប្រាក់​សំណង​សរុប​ប្រមាណ​៣២​ម៉ឺន​ដុល្លារ​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី តំណាង​សហជីព​របស់​អតីត​បុគ្គលិក The Great Duke រូបនេះ​មិនបាន​ដឹង​ពី​ប្រភព​ថវិកា​ដែល​ក្រសួង​ការងារ​យកមក​ទូទាត់​នោះទេ​។ 
 
​ក្រសួង​ការងារ ក៏​មិន​បញ្ជាក់​ពី​ប្រភព​ថវិកា​ដែល​ផ្ដល់​អតីត​បុគ្គលិក​នេះដែរ​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៣១ ឧសភា​នេះ​ថា​៖«​ឥឡូវ យើង​ដឹង​តែ​ការងារ​បើក​លុយ​ឲ្យ​ចប់​សិន​ប៉ុណ្ណោះ​។ ឯ​រឿង​នីតិវិធី​ច្បាប់​រវាង​ក្រសួង និង​ម្ចាស់​សណ្ឋាគារ គឺជា​រឿង​ដោយឡែក​»​។​
 
​សូមជម្រាបថា អតីត​បុគ្គលិក​សណ្ឋាគា​រ The Great Duke បាន​ប្រមូលគ្នា​ធ្វើបាតុកម្ម ចំនួន​៨​លើក គឺ​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​មក ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទូទាត់​សំណង​ដល់​ពួកគាត់ ក្រោម​សណ្ឋាគារ​នេះ បានប្រកាស​បិទទ្វារ​។ ការទាមទារ​ទាំងនោះ រួមមាន​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ប្រាក់​ជួស​ឲ្យ​ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់​សំណង​ជួស​ឲ្យ​ការជូនដំណឹង​៕
 

Tag:
 The Great Duke
© រក្សាសិទ្ធិដោយ thmeythmey.com