ជើង​ខ្លាំង​គីឡូ​ធ្ងន់ Kickboxing ម្នាក់ទៀត​ចុះកិច្ចសន្យា​ប្រកួត​នៅ ONE Championship
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ជើង​ខ្លាំង​គីឡូ​ធ្ងន់ Kickboxing ម្នាក់ទៀត​ចុះកិច្ចសន្យា​ប្រកួត​នៅ ONE Championship
31, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​អត្ថបទ​៖ ស៊ី​ធី​
​ការប្រកួត​ក្នុង​កម្មវិធី ONE Super Series លើ​ប្រភេទ​កីឡា kickboxing គីឡូ​ធ្ងន់​កាន់តែ​ល្អមើល និង​ទទួលបាន​ការចាប់អារម្មណ៍​រឹតតែ​ខ្លាំង​ឡើង​ជាមិនខាន​។ “Mr. Pain” Ismael Londt ដែលជា ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក kickboxing បាន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship ក្នុង​ទម្ងន់​ធ្ងន់ heavyweight​។


Londt ដែល​ហ្វឹកហាត់​នៅ​ក្រុង Rotterdam ប្រទេស​ហូ​ឡង់​មានកំណត់​ត្រា​ឈ្នះ​រហូតដល់ ៤៣ ដង​និង ចាញ់​តែ ៩ ដង​ប៉ុណ្ណោះ​ក្នុង​អាជីព​ហើយ​ក្នុងនោះ​រូបគេ​ផ្ដួល​គូប្រជែង​ឲ្យ​សន្លប់​ចំនួន ២០ ដង​។ កីឡាករ​កូនកាត់​ហូ​ឡង់​-​សូ​រី​ណា​ម រូបនេះ​បាន​បំបាក់​កីឡាករ​មានឈ្មោះ​ល្បីៗ​ជាច្រើន​ក្នុង​អាជីព​កន្លងមក​ដូចជា Rico Verhoeven, Brian Douwes, Mladen Brestovac, និង Pavel Zhuravlev ជាអាទិ​។ 
 
​អាជីព​របស់គេ​កាន់តែ​ហក់​ឡើង​ខ្ពស់​និង​ត្រូវបានគេទទួលស្គាល់​តាម​រយៈ​ការ​ឈ្នះ​ខ្សែក្រវាត់ SUPERKOMBAT Heavyweight World Championship, ខ្សែក្រវាត់ SUPERKOMBAT World Grand Prix II Championship 2011 , និង ខ្សែក្រវាត់ IPTA K-1 Rules World Championship​។ 
 
Londt នឹង​ប្រើប្រាស់​ជំនាញ​របស់គេ រួមទាំង​កម្លាំង​កណ្ដាប់​ដៃ​មហាសាល​តទល់​នឹង​គូប្រជែង​នានា​នៅពេលណា​រូបគេ​មានឱកាស​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ONE​។ “Mr. Pain” អាច​នឹង​ប្រើ​បច្ចេកទេស​ដ៏​ល្អ​ឯក​របស់ខ្លួន​ដើម្បី​ទប់ទល់​ដៃគូ​ខ្លាំងៗ​ក្នុង​ទម្ងន់​នេះ​ដូចជា​ម្ចាស់​ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia, ម្ចាស់​ខ្សែក្រវាត់ SUPERKOMBAT Heavyweight World Champion កីឡាករ Tarik “The Tank” Khbabez , គូប្រជែង​ចាស់ Anderson “Braddock” Silva, និង​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ Alain “The Panther” Ngalani​។ 
 
​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​បុរស​វ័យ​៣៤ ឆ្នាំ​មិនទាន់​ត្រូវបាន​បង្ហើប​នៅឡើយ​ទេ ប៉ុន្តែ​អ្នកគាំទ្រ​ច្បាស់​ជា​ឃើញ​ក្បាច់​ពិសេស​របស់​កីឡាករ​មកពី​ក្រុង Rotterdam នា​ឆ្នាំ​២០២០​នេះ ពេល ONE Championship រៀបចំ​កម្មវិធី​ឡើងវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com