ធនាគារពិភពលោក​ផ្តល់​កម្ចី​ឲ្យ​ឥណ្ឌូណេស៊ី​ជាង​២០០​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​វីរុស Covid-19
COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ធនាគារពិភពលោក​ផ្តល់​កម្ចី​ឲ្យ​ឥណ្ឌូណេស៊ី​ជាង​២០០​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​វីរុស Covid-19
31, May 2020 , 10:30 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Mulyani Indrawati (រូបភាព៖ AFP)
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Mulyani Indrawati (រូបភាព៖ AFP)
ធនាគារពិភពលោក នៅ​ថ្ងៃ​២៩ ឧសភា បានសម្រេច​អនុម័ត​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​លើ​គម្រោង​ឆ្លើយតប​បន្ទាន់​នឹង​វីរុស Covid-19 របស់​ឥណ្ឌូណេស៊ី ក្នុង​ទំហំ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​។ គម្រោង​កម្ចី​ដ៏​ធំ​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​សម្ភារ​សុខាភិបាល និង​ប្រព័ន្ធ​តាមដាន ដែលជា​ផ្នែក​មួយ​នេះ នៃ​ការទប់ស្កាត់​វីរុស​ឆ្លង​នានា​របស់​ឥណ្ឌូណេស៊ី ជាពិសេស​លើ​ករណី​វីរុស Covid-19 តែម្តង​។

 
​តាម​ការអះអាង​របស់ រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី លោកស្រី Mulyani Indrawati ឥណ្ឌូណេស៊ី នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ការពារ និង​ទប់ស្កាត់​ផលប៉ះពាល់ ដែល​បណ្តាលមកពី​វីរុស Covid-19​។ លោកស្រី បន្តថា តាមរយៈ​កម្ចី​នេះ​ឥណ្ឌូណេស៊ី​ប្តេជ្ញា​ពង្រឹង​ការទប់ស្កាត់​, ការ​តេស្ត​, ការព្យាបាល និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក៏ដូចជា​ការពារ​បុគ្គ​លិ​ក​សុខាភិបាល​ឲ្យ​បានល្អ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe​។​
 
​តាមរយៈ​គម្រោង​នេះ លោកស្រី​រដ្ឋមន្ត្រី ជឿជាក់ថា មនុស្ស​ចាស់ជរា​ដែលមាន​ជំងឺ​ប្រចាំកាយ អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស Covid-19 ក៏ដូចជា​បុគ្គលិក​សុខាភិបាល នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គម្រោង​នេះ ក៏​នឹង​ជួយ​ឥណ្ឌូណេស៊ី​ក្នុងការ​ត្រៀមលក្ខណៈ​ទុកជាមុន​ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ផ្សេងៗ ដែល​អាច​កើតមាន​នាពេលខាងមុខ តាមរយៈ​ប្រព័ន្ធ​ផ្តល់ដំណឹង​ល្អប្រសើរ​។​
 
​ជុំវិញ​ការអនុម័ត​កម្ចី​ដ៏​ធំ​នេះដែរ នាយក​ប្រតិបត្តិ​ធនាគារពិភពលោក​ប្រចាំ​ឥណ្ឌូណេស៊ី Satu Kahkonen បាន​ថ្លែងថា ធនាគារពិភពលោក មាន​មោទកភាព​ក្នុង​ការជួយ​គាំទ្រ​ឥណ្ឌូណេស៊ី​ក្នុងការ​ឆ្លើយតប​វីរុស Covid-19 ក៏ដូចជា​កិច្ចប្រឹងប្រែង​នានា​ដើម្បី​កាត់បន្ថយ​ឲ្យ​នៅ​អប្បបរមា​បំផុត​នៃ​ផលប៉ះពាល់​នៃ​វីរុស​រាតត្បាត​នេះ​ក្នុងប្រទេស​។ ហើយ​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ការការពារ​ធនធានមនុស្ស​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃ​៣១ ឧសភា ឥណ្ឌូណេស៊ី បាន​មាន​ករណី​ឆ្លង​វីរុស Covid-19 សរុប ២៥ ៧៧៣ ករណី​ហើយ ដែល​ក្នុងនោះ មាន​អ្នកជំងឺ​បានជា​សះស្បើយ​វិញ ៧ ០១៥ ករណី និង​បាន​ស្លាប់​រហូត ១ ៥៧៣​ករណី​ផងដែរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com