ពីនេះ ពីនោះ
កុមារត្រូវការភាពកក់ក្តៅបន្ថែម
× បទ សោទិនវិសាល
ព្រឹកព្រាងប្រែប្រាណស្រាន្តងងុយ សម្អាតខ្លួនប្រាណរួចអង្គុយ
ញ៉ាំអាហាររួចរត់រពុយ
កូនខ្លះសុំលុយលាម៉ាក់ប៉ា។
ស្វែងរកវិជ្ជានៅសាលា ពេលនេះក្មេងខ្លះឃ្លាតសិក្សា
ព្រោះតែកូវីដឥតមេត្តា មាតាបិតាកុំលែងដៃ។
ក្រៅពីអាហារផ្តល់រាល់ថ្ងៃ ថែមភាពកក់ក្តៅកុំសំចៃ
បង្ហាញបង្ហាត់ចាត់ផ្ទាល់ដៃ អប់រំកូនថ្លៃតាមតែអាច។
សំឡុតកំហែងក្រែងកូនខ្លាច កុំអាងខ្លួនចាស់មានអំណាច
អប់រំកូនចៅរៀបឫកកាច ធ្វើឲ្យកូនខ្លាចអាចអួអាប់។
លួងលោមអប់រំក្មេងអាចស្តាប់ រាល់អំពើចាស់ក្មេងងាយត្រាប់
ស្តាប់កូនសិនចង់ឲ្យកូនស្តាប់ អ្នកជំនាញប្រាប់ត្រាប់ពិតត្រូវ។
ឈប់អីអើអញអាងខ្លួនឪ ពាក្យអសុរោះមុខក្រញូវ
និយាយពាក្យពិតគិតរឿងត្រូវ ជួយទាំងម៉ែឪកូនចម្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com