អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​សភា​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ស្នើ​ដក​ប្រធានសភា ពាក់ព័ន្ធ​ការប៉ុនប៉ង​កែ​រដ្ឋធម្មនុញ្ញ​យោធា​ខុស​នីតិវិធី​
01, Jun 2020 , 8:30 am        
រូបភាព
រូពភាព៖ AFP
រូពភាព៖ AFP
ដោយ:
 
​ក្រុម​សភា​សំឡេង​ភាគតិច​មី​យ៉ាន់​ម៉ា ដែល​រួមមាន​ទាំង​ក្រុម​សភា​កូតា​យោធា និង​ក្រុម​បក្សប្រឆាំង បាន​ប្រមែប្រមូល​ញ្ញត្តិ​ដើម្បី​ធ្វើសំណើ​ដក​ប្រធានសភា ដោយ​ចោទប្រកាន់ថា​ប្រធាន​អង្គភាព​នីតិបញ្ញត្តិ​រូបនេះ បំពាន​អំណាច ក្នុង​ចេតនា​កែ​រដ្ឋធម្មនុញ្ញ​ខុស​នីតិវិធី​។ នេះ គឺជា​ចម្រូងចម្រាស​ថ្មី​បន្ថែមទៀត ខណៈ​សភា​មី​យ៉ាន់​ម៉ា កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ការចរចា​គ្នា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្រាប់​។

 
​តំណាងរាស្ត្រ​បក្ស​សហភាព​រួបរួម និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា​លោក  Sai Tun Sein បាន​អះអាងថា​តំណាងរាស្ត្រ​ដែលមាន​សមាភាព​មកពី​បក្ស សហភាព​រួបរួម និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា​, តំណាងរាស្ត្រ​កូតា​យោធា​ក្នុង​សភា និង​តំណាងរាស្ត្រ​ជនជាតិភាគតិច​ផ្សេងទៀត​សរុប ១១០​រូប បានដាក់​បណ្តឹង​មួយ​ទៅ​សភា​ដើម្បី​ស្នើ​ដកតំណែង​ប្រធានសភា​ពាក់ព័ន្ធ​នឹង​ការបំពាន​អំណាច​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Myanmar Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រុមតំណាងរាស្ត្រ​ទាំង​ជាង​១០០​រូប បាន​ចោទប្រកាន់​ប្រធានសភា​មី​យ៉ាន់​ម៉ា លោក T Khun Myat ថា បានអនុញ្ញាត​ឲ្យ​សមាជិកសភា​មួយរូប ដាក់សំណើ​បន្ទាន់​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ពុំបាន​ឆ្លងកាត់​នីតិវិធី​ត្រឹមត្រូវ ក៏ដូចជា​បំពាន​នឹង​បទបញ្ជា​របស់​សភា​ក្នុងការ​អនុម័ត​ការបង្កើត​គណៈកម្មការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៀតផង​។ ក្រុម​សភា​ភាគតិច បាន​អះអាងថា ប្រធានសភា ព្យាយាម​កែ​រដ្ឋធម្មនុញ្ញ​ដោយ​មិន​អនុវត្ត​គោលការណ៍​របស់​រដ្ឋធម្មនុញ្ញ​។​
 
​អ្វីដែល​គួរ​ឲ្យ​សម្គាល់​នោះ ដើម្បី​ឲ្យ​សំណើ ឬ​បណ្តឹង​នេះ​អាច​ទទួលបាន​ជោគជ័យ តាម​នីតិវិធី​របស់​មី​យ៉ាន់​ម៉ា​ទាមទារ​ឲ្យ​មាន​គាំទ្រ​ពីស​ភា​ទាំងមូល​យ៉ាងហោចណាស់ ពីរភាគបី នៃ​សំឡេង​ទាំងអស់​របស់​សភា តាមរយៈ​ការបោះឆ្នោត​ដោយ​សម្ងាត់​។​
 
​ជុំវិញ​បញ្ហា​នេះដែរ ក្រុមតំណាងរាស្ត្រ​នៃ​បក្ស​អំណាច​របស់ លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែលជា​អ្នកបោះឆ្នោត​តែងតាំង​ប្រធានសភា​រូបនេះ ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​។ លោក Aung Kyi Nyunt សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​អះអាងថា ក្រុម​តំណាង​សំឡេង​ភាគច្រើន​ក្នុង​សភា​របស់លោក នឹង​ឈរ​នៅ​ខាង​ប្រធានសភា T Khun Myat ។​
 
​លោក បាន​គូសបញ្ជាក់ថា លោក T Khun Myat បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុងនាម​ជា​ប្រធានសភា​មី​យ៉ាន់​ម៉ា​រួចទៅហើយ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់​ប​ក្ស​កាន់អំណាច​រូបនេះ ការណ៍​ដែល​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​សភា​ធ្វើបែបនេះ គឺមាន​ចេតនា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ប្រធានសភា ជាជាង​ការចង់​ដកតំណែង​របស់លោក​។ លោក យល់ថា នេះ ជា​រឿង​នយោបាយ​ច្រើនជាង​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ក្តី​បំណង​ធំ​មួយ​របស់​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុងពេល​កាន់តែ​អំណាច គឺ​កែប្រែ​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ដោយ​ក្រុម​យោធា​កន្លងមក ឲ្យ​ស្របតាម​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​វិញ​។ ក៏ប៉ុន្តែ​មក​ពេលនេះ រដ្ឋាភិបាល​របស់លោក​ស្រី ក៏ដូចជា​ក្រុម​សភា​សំឡេង​ភាគច្រើន​របស់លោក​ស្រី នៅតែ​មិនទាន់​អាច​ធានាបាន​នូវ​ការធ្វើ​វិសោធនកម្ម​បន្ថយអំណាច​យោធា​ក្នុង​នយោបាយ​បានឡើយ ដ្បិត​ក្រុម​ទាំងនេះ នៅតែ​បន្ត​ជំទាស់ ក្នុង​នីតិវិធី​ផ្សេងៗ​ក្នុងការ​សម្រេច​កែប្រែ​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com