ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សំណង់ផ្ទះ​ខ្មែរ រួមចំណែក​លើក​តម្លៃ​វប្បធម៌​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​
01, Jun 2020 , 8:59 am        
រូបភាព
រូបភាព ផ្តល់ដោយអាជ្ញាធរជាតិអប្សរា
រូបភាព ផ្តល់ដោយអាជ្ញាធរជាតិអប្សរា
 សៀមរាប​៖ រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ចុងឆ្នាំ​១៩៩២ ដែល​មានន័យថា​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍ ស្ថិតក្រោម​ការគ្រប់គ្រង និង​សម្របសម្រួល​រួមគ្នា​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ​។ ក្រៅពី​ការងារ​អភិរក្ស​សំណង់​ប្រាសាទ ការគ្រប់គ្រង​សំណង់​លំនៅដ្ឋាន ជាការ​ងារ​មួយ​ដែលមាន​ការគិតគូរ​ខ្ពស់ ដើម្បីឱ្យ​រមណីយដ្ឋាន​មួយ​នេះ នៅ​រក្សា​តម្លៃ​វប្បធម៌​បេតិកភណ្ឌ​របស់ខ្លួន ឱ្យនៅ​គង់វង្ស​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​លើ​កិច្ច​ទាំងនេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ សង់ផ្ទះ​គោរព​ទៅតាម​រចនាបថ​សំណង់ផ្ទះ​បុរាណ​ខ្មែរ និង​ជា​ប្រភេទ​សំណង់​ស្រាល មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ក្នុង​តំបន់​បេតិកភណ្ឌ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សា​រព​៧​ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
​ការគ្រប់គ្រង​សំណង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ភាព​តឹងតែង​បន្ដិច ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវគោរព​តាម​គោលការណ៍​របស់​អង្គការ​យូណេស្កូ ក្នុងចំណោម​លក្ខខណ្ឌ​មួយចំនួន មុន​ស្ថាប័ន​នេះ​ព្រម​ចុះបញ្ជី​តំបន់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ការពង្រីក​សំណង់​ថ្មីៗ ត្រូវបាន​រិត​ត្បិត​។ ដំណោះស្រាយ​លើ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​តំបន់​មួយកន្លែង​ដោយ​ឱ្យ​ឈ្មោះថា «​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដោយ​បែង​ចែកជា​ផ្ទះ និង​ដីចម្ការ​ដល់​គ្រួសារ​ថ្មី​ដែល​បែក​គ្រួសារ​ពី​ក្នុង​ឧទ្យាន​អង្គរ​។​
 
​ជាគោលការណ៍​ក្នុងការ​គ្រប់គ្រង​សំណង់​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថាប័ន​មួយ​ដើម្បី​ទទួល​ពាក្យស្នើសុំ​សាងសង់​ពី​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ជួសជុលផ្ទះ និង​រុះរើ​ផ្ទះ​ចាស់​សង់ផ្ទះ​ថ្មី​។ ការកែលម្អ និង​សង់​សំណង់​ទាំងនោះ គឺមាន​ក្រុម​ជំនាញ​សម្រាប់​សិក្សា និង​គូស​ប្លង់​ផ្ទះ​ដែលមាន​រចនាបថ​ជា​ផ្ទះ​ខ្មែរ​។ 
 
​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ ជា​អ្នក​ចុះ​ណែនាំ និង​រៀបចំ​ប្លង់​ផ្ទះ​គំរូ​នានា​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​សាងសង់​ក្នុង​តំបន់​ឧទ្យាន​អង្គរ​។ មន្ត្រី​នៃ​នាយកដ្ឋាន​នេះ បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​សិក្សា និង​គូសវាស​ប្លង់​ស្របតាម​គំរូ​ដែល​សមស្រប​សម្រាប់​កា​ររ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។​
 
​លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ លើកឡើងថា ផ្ទះ​ខ្មែរ​ជា​ប្រភេទ​សំណង់​ដែល​សមស្រប​ក្នុង​តំបន់​បេតិកភណ្ឌ​។ លោក​ពន្យល់ថា ផ្ទះ​ខ្មែរ​គឺ​ចំហ​នៅ​ផ្នែក​ខាងក្រោម ជា​សំណង់​ស្រាល​សង់​ពី​ឈើ មិនមាន​ការបុក​ឬ​ស​ជ្រៅ​ដែល​អាច​ប៉ះបាល់​ដល់​ផ្នែក​បុរាណវិទ្យា​ក្រោម​ដី​។ បន្ថែម​ពីនេះ ផ្ទះ​ខ្មែរ​មាន​អត្ថប្រយោជន៍​ច្រើន​សមស្រប​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ រួមទាំង​អាកាសធាតុ​។​
 
​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ពន្យល់​បន្ថែម​ពី​អត្ថន័យ​នៃ​សំណង់ផ្ទះ​ខ្មែរ​ក្នុង​ឧទ្យាន​អង្គរ​យ៉ាង​ដូច្នេះ​ថា​៖« ផ្ទះ​ខ្មែរ​ជា​សំណង់​បុរាណ​មួយ​ដែលជា​កេរ​មរតក​របស់​ខ្មែរ​តាំងពី​ដូនតា​មក ហើយ​ជា​សំណង់​មួយបែប​ដែល​លើក​គុណ​តម្លៃ​របស់​ឧទ្យាន​អង្គរ​ឱ្យមាន​ការវិវត្តន៍​កាន់តែ​ខ្ពស់​ឡើង ពីព្រោះថា​វា​ឆ្លើយតប​ទៅនឹង​តំបន់​បេតិកភណ្ឌ​ពិភពលោក ហើយ​វា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ សម្ភារ​សាងសង់​យក​ពី​ធម្មជាតិ​មាន​ឈើ ឬ​ឫស្សី ស្លឹក ងាយស្រួល​រកតែ​ត្រូវការ​បច្ចេកទេស បង្កប់​អត្ថន័យ​សិល្បៈ និង​ការអប់រំ​»​។​
 
​ជាការ​តម្រូវ និង​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​សំណង់ផ្ទះ​ខ្មែរ​ផង ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​បាន​សាងសង់​ផ្ទះ ដោយ​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​។ ក្រៅពី​ឈើ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​សម្ភារ​សម័យ​ដូចជា​ស្មា​ត​ប៊​ត ដែល​ស្រដៀង​ឈើ សម្រាប់ធ្វើ​ជញ្ជាំង ហើយ​វា​មានតម្លៃ​ប្រហាក់ប្រហែល​និង​ធូរ​ថ្លៃ​ជាងឈើ​ផងដែរ​។ 
 
​លោកស្រី ងឿ​ន សុខា ពលរដ្ឋ​រស់នៅ​សង្កាត់​គោ​ចក ក្រុង​សៀមរាប ដែល​រុះរើ​ផ្ទះ​ចាស់​ស្នើសុំ​ធ្វើ​ថ្មី យល់ថា ជា​រឿង​សំខាន់​ក្នុងការ​រួមគ្នា​អភិរក្ស​សំណង់ផ្ទះ​ខ្មែរ​បុរាណ​។ លោកស្រី​ប្រាប់ថា សប្បាយចិត្ត​នៅពេលដែល​ខ្លួន​មាន​ចំណែក​ថែរក្សា​សំណង់​បុរាណ​នេះ សម្រាប់​ទុកជា​កេរ​ដល់​កូនចៅ​ទៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​
 
​ផ្ទះ​ខ្មែរ គឺមាន​អត្ថប្រយោជន៍​ច្រើនយ៉ាង និង​សមស្រប​តាម​អាកាសធាតុ និង​បរិយាកាស​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​រស់នៅក្នុង​តំបន់​អង្គរ​។ លោក ស៊ឹម ប៊ុនធឿន ពន្យល់​ពី​កត្ដា​មួយចំនួន​ដែល​ខ្មែរ​ធ្វើ​ផ្ទះ​បែបនេះ​។ ទី​១ កត្ដា​អាកាសធាតុ ទី​២ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ទី​៣ កត្ដា​ជំនឿ​។ លោក​បន្ថែមថា​៖ «​អាកាសធាតុ​ស្រុក​យើង​ក្ដៅ ការធ្វើ​ផ្ទះ​ទៀម​ដែលមាន​ការហ៊ុំព័ទ្ធ​ឥដ្ឋ​ជុំវិញ ធ្វើឱ្យ​ការរស់នៅ​មិន​ឆ្លើយតប​នឹង​អាកាសធាតុ ទី​២ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​ប្រកប​របរ​កសិកម្ម មាន​ចិញ្ចឹម​មាន់​ទា ចឹ​ង​ផ្នែក​ខាងក្រោម​ត្រូវតែ​ចំហ​ដើម្បី​ប្រើប្រាស់​»​។​
 
​អ្វីដែល​អ្នកជំនាញ​មើលឃើញ បច្ចុប្បន្ននេះ​ផ្ទះ​ខ្មែរ​មាន​ការវិវត្ត​ច្រើន​ដែល​គួរឱ្យកត់សម្គាល់ ហើយ​ការវិវត្ត​នេះ​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ លោក ស៊ឹម ប៊ុនធឿន មើលឃើញថា ប្រជាពលរដ្ឋ​សង់ផ្ទះ​ហាក់​ខ្ពស់​បន្ដិច​ដែលមាន​ហានិភ័យ​ក្នុងការ​ដួលរលំ និង​ការនិយម​រៀប​ឥដ្ឋ​ព័ទ្ធជុំវិញ​នៅ​ផ្នែក​ខាងក្រោម​ជាដើម​៕
 
  

Tag:
 ផ្ទះ​ខ្មែរ​
  ឧទ្យាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com