ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ជម្រុញ​ចរន្តឈាម​រត់​ក្នុង​ប្រអប់ដៃ​និង​ម្រាមដៃ ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
01, Jun 2020 , 6:59 pm        
រូបភាព
ចរន្តឈាម​រត់​មិន​ស្រួល​អាច​បណ្ដាល​មាន​អារម្មណ៍​ស្ពឹក​ឈឺ​ឆៀបៗ ឬ​ហើម​ក្នុង​ដៃ​។ ទោះជា​យ៉ាងណា​មាន​គន្លឹះ​មួយចំនួន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ដោយ​ជួយ​សម្រួល​ចរន្តឈាម​រត់​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ជម្រុញ​ចរន្តឈាម​រត់​ក្នុង​ប្រអប់ដៃ ៖

 
១. ផ្លាស់ប្ដូរ​របប​អាហារ​ប្រចាំថ្ងៃ​
 
​អាហារ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​រាងកាយ​។ ជាពិសេស គឺ​ប្រភេទ​អាហារ​ដែល​សម្បូរ​ខ្លាញ់​មិនល្អ អំបិល និង​ស្ករ​។ ចូរ​ព្យាយាម​ជ្រើសរើស​របប​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ជំនួស​វិញ​រួមមាន​បន្លែ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់ សាច់​បក្សី គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​។ អាហារ​សុខភាព​ល្អ​ជួយ​ផ្ដល់នូវ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដើម្បី​ធ្វើឱ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​ប្រសើរឡើង​។​
 
២. ឈប់​ជក់បារី​
 
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជក់បារី នោះ​វា​ក៏​ប្រហែល​ជាមួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​អ្នក​ចេះតែមាន​អារម្មណ៍​ស្ពឹក ឬ​ឈឺ​ក្នុង​ប្រអប់ដៃ​។ នេះ​ក៏​ព្រោះតែ​ការជក់បារី​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​បណ្ដាលឱ្យ​ស​សៃ​ឈាម​ឡើង​ក្រាស​និង​ស្ទះ ហើយ​ឈាម​ត្រូវ​ជួ​ប្រទះ​បញ្ហា​ពិបាក​ក្នុង​ការហូរ​។​
 
៣. ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​ក្នុងការ​ជម្រុញ​សម្រួល​ចរន្តឈាម​រត់​ក្នុង​រាងកាយ រួមបញ្ចូល​ទាំង​ប្រអប់ដៃ​។ ចូរ​ជ្រើសរើស​លំ​ហាត់ប្រាណ​ដោយ​ប្រើ​ប្រអប់ដៃ​ណាមួយ​ដែល​អ្នក​ពេញចិត្ត​ដើម្បី​អនុវត្ត​។ ឧទាហរណ៍​លំ​ហាត់ប្រាណ​ច្របាច់​កូន​បាល់​ជាដើម​។​
 
៤. គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​
 
​វា​ក៏​អាចទៅរួច​ផងដែរ​ដែល​ការ​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​អាច​បណ្ដាលឱ្យមាន​បញ្ហា​ដល់​ចរន្តឈាម​រត់​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំងពេក ចូរ​ព្យាយាម​ស្វែងរក​វិធី​បន្ថយ​វា​។ អ្នក​អាចធ្វើ​សមាធិ ស្ដាប់​តន្ត្រី ឬ​ដើរចេញ​ក្រៅ​លំហែរ​ខ្លះ​។​
 
៥. កាត់បន្ថយ​ការទទួល​ទាន​ភេសជ្ជៈ​មួយចំនួន​
 
​ការ​ទទួលទាន​ភេសជ្ជៈ​មួយចំនួន​ដូចជា​កាហ្វេ តែ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ក្នុង​រយៈពេល​យូរ​ទៅ​បង្ក​ផលប៉ះពាល់​ដល់​ចរន្តឈាម​របស់​អ្នក​ដែល​អាច​នាំឱ្យ​កើត​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ក្នុង​កម្រិត​សមល្មម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com