ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​គ្រប់គ្រង​សម្ពាធ​ឈាម​ដោយ​មិនបាច់​ប្រើ​ថ្នាំ​
02, Jun 2020 , 6:59 am        
រូបភាព
​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាចធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ខ្សោយតម្រងនោម​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​គាំងបេះដូង​។ ក្រៅពី​កត្តា​តំណពូជ​ហើយ​នោះ ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បណ្ដាលមកពី​របប​អាហារ​និង​របៀបរបប​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម ៖

 
១. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជាប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ ក៏ដូចជា​ទប់ស្កាត់បាន​នូវ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ នេះ​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ ឬ​ឡើងជណ្ដើរ​ក៏​ជា​លំ​ហាត់ប្រាណ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម​ដែរ​។​
 
២. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ភាពធាត់​ជ្រុល​។ ទម្ងន់​គួរតែ​សម​ស្រម​ទៅនឹង​កម្ពស់ ព្រមទាំង​អាយុ​របស់​អ្នក​។​
 
៣. កាត់បន្ថយ​ស្ត្រេ​ស​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​
 
​ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។​
 
៤. កម្រិត​ការទទួល​ទាន​សូ​ដ្យូ​ម ឬ​អំបិល​
 
​ប្រសិនបើ​អ្នកមាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ការកាត់បន្ថយ ឬ​កម្រិត​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ប្រៃ​ពេក​ញឹកញាប់​ក៏​អាច​បណ្ដាលឱ្យ​កើត​ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យ​កើត​សម្គាល់​។​
 
៥. ពិនិត្យ​សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​
 
​វា​ក៏​ជាការ​សំខាន់​ណាស់ដែរ​ក្នុងការ​ពិនិត្យ​សម្ពាធ​ឈាម​ទៀងទាត់​ដើម្បី​អាច​ដឹងថា​តើ​កម្រិត​នៃ​សម្ពាធ​ឈាមមាន​ភាពប្រែប្រួល​ឬ​អត់​?
 
៦. ទទួលទាន​អាហារ​សុខភាព​ល្អ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺពាក់ព័ន្ធ​នឹង​អាហារ​ដែល​អ្នក​ទទួលទាន​។ ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី ចូរ​ព្យាយាម​ទទួលទាន​អាហារ​សុខភាព​ល្អ​។ របប​អាហារ​សុខភាព​ល្អ​មាន​រួមបញ្ចូល​នូវ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹម​តែមាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៧. កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​
 
​អ្នក​មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនជាង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​ឡើយ​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com