COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Sancho និង​កីឡាករ​ល្បីៗ​ដទៃ ចូលរួម​រក​យុត្តិធម៌​ឲ្យ​បុរស​ស្បែក​ខ្មៅ​ដែល​ស្លាប់​ដោយសារ​ប៉ូលិស​ស្បែ​កស​
01, Jun 2020 , 11:17 am        
រូបភាព
Jadon Sancho ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund បាន​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ដោយ​បង្ហាញ​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ បន្ទាប់ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​ស្លាប់​ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែក​ស​កាលពី​សប្តាហ៍​មុន​។ ក្រៅពី Sancho មាន​កីឡាករ​ល្បីៗ​ដទៃទៀត​ក៏បាន​បង្ហាញ​ការសោកស្តាយ​ជុំវិញ ទង្វើ​អមនុស្សធម៌​របស់​អតីតមន្ត្រី​ប៉ូលិស​រូបនោះ​ដែរ​។​

 
​ក្នុងជំនួប​ក្របខណ្ឌ Bundisliga រវាង SC Paderborn 07 ទល់ Borussia Dortmund នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា Sancho ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ ២០​ឆ្នាំ អា​ចរក​គ្រាប់​បាល់​បាន​៣​គ្រាប់ (hat-trick) ក្នុង​ជ័យជម្នះ ៦-១ ។ គ្រាប់​បាល់​ដំបូង​របស់ខ្លួន​ដែល​សម្រេចបាន​នៅ​នាទី​៥៧ Sancho បាន​អបអរ​គ្រាប់​ស៊ុត​នោះ​ដោយ​ដោះអាវ​ហើយ​បង្ហាញអក្សរ​មួយ​ឃ្លា Justice For George Floyd ដើម្បី​ចូលរួម​ទាមទារ​រក​យុត្តិធម៌​ឲ្យ George បើ​ទោះ​ត្រូវ​ទទួល​កាត​លឿង​ក្តី​។​


 
George Floyd បុរស​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់ ក្រោយពី​ប៉ូលិស​ស្បែក​ស​ឈ្មោះ Derek Chauvin បាន​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី​អស់​រយៈពេល​ជិត​៩​នាទី​។ ករណីនេះ បានកើត​ឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា George បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។​
 
​មិន​ត្រឹមតែ Sancho ឡើយ កីឡាករ​បាល់ទាត់​ផ្សេងទៀត​ក៏បាន​បង្ហាញ​ការសោកស្តាយ និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​ផងដែរ​។ Marcus Thuram បាន​លត់​ជង្គង់​ហើយ​ឱន​មុខ​ចុះ​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​ឲ្យ Borussia Moenchengladbach ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម 1. FC Union Berlin នា​ការប្រកួត​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់​សប្តាហ៍​ទី​២៩​។​
 
​កីឡាការិនី​វាយ​កូន​បាល់ Serena Williams, Naomi Osaka និង Coco Gauff ព្រមទាំង​កំពូល​អ្នក​ប្រណាំង​រថយន្ត Formula One កីឡាករ Lewis Hamilton ស៊ុត​តែ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​រើសអើង​ជាតិ​សាសន៍ និង​បាន​រិះគន់​ខ្លាំងៗ​ផង​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ពួកគេ ដោយមាន​ភ្ជាប់​ឃ្លា  #JusticeForGeorgeFloyd ។​
 
​រលក​នៃ​ការតវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ George  បាន​រាលដាល​កាន់តែខ្លាំង​នៅតាម​បណ្តា​ក្រុង​នានា​នៅ​អាមេរិក ដោយ​ក្រុមអ្នកតវ៉ា នាំគ្នា​បំផ្លាញ ហាង​ទំនិញ ប៉ុស្តិ៍​ប៉ូលិស និង​ការដុត​បំផ្លាញ​ទីតាំង​មួយចំនួន​ផង​។ ចលនា​បាតុកម្ម​ប្រែក្លាយជា​កុបកម្ម​ដោយមាន​ការប៉ះទង្គិច​គ្នា​ខ្លាំង​ឡើង​រវាង​ក្រុមបាតុករ​ទាមទារ​យុ​តិ្ត​ធម៌​ដល់​បុរស​ស្បែក​ខ្មៅ​និង​ប៉ូលិស នៅ​យប់​ថ្ងៃទី​៣០ ខែឧសភា នៅតាម​បណ្តា​ទីក្រុង​ធំៗ​ជាពិសេស​នៅ​ក្រុង Minneapolis នៃ​រដ្ឋ​មី​នី​សូ​តា​ដែលជា​ទីតាំង​ដែល​ករណី​រើសអើង​ពូជសាសន៍​ថ្មី​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​
  


​ករណី​ធ្វើ​ទារុណកម្ម​លើ George រហូតដល់​ស្លាប់ នាំ​ឲ្យ​ប៉ូលិស Derek និង​សហការី​៣​នាក់​ទៀត​ត្រូវបាន​បណ្តេញ​ពី​ការងារ​ហើយ Derek ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​។ អ្នកស្រី Kellie ភរិយា​របស់ Derek ដែលមាន​ដើមកំណើត​ជា​ជនជាតិភាគតិច​ម៉ុង (​ឡាវ​) និង​ជា​អតីត​បវរកញ្ញា​ក៏បាន ដាក់​ប្តឹង​សុំ​លែងលះ​ផងដែរ​៕

Tag:
 Borussia Dortmund
  Jadon Sancho
  George Floyd
  រើសអើង​ពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com